សម រង្ស៊ី ប្រាប់ពីមូលហេតុមិនទៅចូលរួមបាតុកម្មប្រឆាំង ហ៊ុន សែន នៅញ៉ូយក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 28, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចូលរួម ឬមិនចូលរួម ពីសំណាក់លោក សម រង្ស៊ី ក្នុងបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅមុខអាគារអង្គការសហប្រជាជាតិ ក្នុងក្រុងញ៉ូយក សហរដ្ឋអាមេរិក នឹងមិនប៉ះពាល់ដល់ការប្រមូលផ្ដុំ របស់បណ្ដាជនខ្មែរ នៅទីនោះទេ។ មេដឹកនាំប្រឆាំងដ៏សំខាន់ បានអះអាងនៅមុននេះថា បាតុកម្មនោះ នឹងនៅតែមានដំណើរការល្អ ទោះជាគ្មានវត្តមានរូបលោកដ៏ដោយ។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលម្ងៃ ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសលប់ចោល គម្រោងនៃការចូលរួមរបស់លោក ក្នុងការធ្វើបាតុកម្ម នៅចុងសប្ដាហ៍នេះ ជាមួយបណ្ដាជនខ្មែរអាមេរិកាំង ដោយគ្រាន់តែលើកមូលហេតុ មកអះអាងថា ដោយសារលោកមានធុរៈសំខាន់ផ្សេងទៀត ដែលត្រូវធ្វើ។ ការប្រកាសលប់ចោល ដែលភ្លាមមួយរំពេច បានក្លាយជាសង្គ្រាមប៉ាកកា ដែលវាយបកមកលើលោក សម រង្ស៊ី វិញ ជាពិសេសពីសំណាក់ប្រដាប់ឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន។
នៅថ្ងៃនេះ លោក សម រង្ស៊ី បានចេញមុខមកបញ្ជាក់ថា លោកមានមូលហេតុច្បាស់លាស់ និងសំខាន់ ដែលចាំបាច់ឲ្យលោក ត្រូវចូលរួមដោយផ្ទាល់។ មេដឹកនាំប្រឆាំង បានអះអាងនៅមុននេះ លើបណ្ដាញសង្គមទ្វីសធើរថា៖ «ខ្ញុំត្រូវចូលរួមមហាសន្និបាត នៃបណ្ដាគណបក្សសេរីនិយម នៅលើពិភពលោក នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នាចុងសប្ដាហ៍នេះ។ បាតុកម្មនៅក្រុង ញ៉ូយក នៅតែប្រព្រឹត្តិទៅ យ៉ាងល្អប្រសើរ បើទោះជាគ្មានរូបខ្ញុំក៏ដោយ។»។
គណបក្សសេរីនិយម ឬគណបក្សប្រជាធិបតេយ្យសេរី ជាចលនានយោបាយមួយ ដែលប្រកាន់យក និន្នាការសេរីនិយម និងមានបណ្ដាញរបស់ខ្លួន សឹងនៅគ្រប់ជ្រុងទាំងអស់ ក្នុងពិភពលោក។ គ្រាន់តែនៅក្នុងទ្វីបអ៊ឺរ៉ុប ចលនាសេរីនិយមមួយ ឈ្មោះ «Alliance of Liberals and Democrats for Europe Party (ALDE - គណបក្សសម្ព័ន្ធភាពសេរីនិយម និងប្រជាធិបតេយ្យអ៊ឺរ៉ុប)» មានសមាជិកជាគណបក្សនយោបាយ ប្រមាណជា ៦២ មកពីបណ្ដាប្រទេស ទាំងជាសមាជិក និងទាំងមិនមែនជាសមាជិក សហភាអ៊ឺរ៉ុប៕