ក្រុមប្រឹក្សាធម្មនុញ្ញ«អាច»ឲ្យបើកកញ្ចប់សុវត្ថិភាព«ក» តែគ.ជ.បថាចាំសេចក្ដីសម្រេចសិន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នច្បាប់កំពូលចុងក្រោយ នៃការសម្រេចរាល់ពាក្យបណ្តឹង ដែលទាក់ទងនឹងការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន ជាសាធារណៈមួយ ដោយបានបញ្ជាក់ថា ខ្លួនអាចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បើកកញ្ចប់សុវត្ថិភាព «ក» មួយចំនួន ហើយធ្វើសវនាការជាសាធារណៈ ដើម្បីធ្វើការផ្ទៀងផ្ទាត់ នៃបណ្តឹងតវ៉ាលើលទ្ធផលបណ្តោះអាសន្នផ្លូវការ នៃការបោះឆ្នោតកាល ពីថ្ងៃទី២៨ ខែកក្កដា កន្លងមក។
ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងវិមានរដ្ឋចំការមន។ (រូបភាព ccc.gov.kh)
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថាបណ្តឹងចំនួន២៤ ក្នុងចំណោម៣៩បណ្តឹង ដែលដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានដោះស្រាយរួច ឯ១៥ បណ្តឹងទៀត ដែលទាក់ទងទៅនឹងការតវ៉ាចំពោះលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញនេះដដែល ក៏បានសម្រេចថាអាចឲ្យគ.ជ.ប បើកនូវកញ្ចប់សុវត្ថិភាព «ក» នេះ ដោយបានអះអាងថា ផ្អែកតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជាផ្ទៃក្នុងស្តីពីនីតិវិធីត្រូវអនុវត្តនៅមុខ ក្រុមប្រឹក្សាធម្មនុញ្ញ និងផ្អែកលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតអណត្តិទីប្រាំនេះ។
អគ្គលេខាធិការ គ.ជ.ប លោកទេព នីថា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ជាទូទៅ គ.ជ.ប ត្រៀមដើម្បីធ្វើការអនុវត្ត ទៅតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបានបន្តរថា គ.ជ.ប ធ្វើអ្វីដោយយោងលើផ្លូវច្បាប់ ដូច្នេះសេចក្តីប្រកាសព័តមាននេះ មិនមែនជាសេចក្តីសម្រេចដែលតម្រូវឲ្យ គ.ជ.ប អនុវត្តតាមនោះទេ។ លោកបានបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចនោះ នឹងមានបង្ហាញពីចំនុចមួយចំនួន ដែលត្រូវអនុវត្តទៅតាមពាក្យបណ្តឹងផ្សេងៗគ្នា។ «យើងមិនដឹងថា នីតិវិធីត្រូវអនុវត្តយ៉ាងណានោះទេ លុះត្រាតែមានសេចក្តីសម្រេច ទើបអាចអនុវត្តបាន។ (…) ខ្ញុំមិនទាន់ទទួលបាននូវសេចក្តីសម្រេចនោះទេ មិនដឹងថាសម្រេចឲ្យបើករបៀបម៉េច បើកយកធ្វីនៅកន្លែងណា ខេត្តណា ការិយាល័យណា យើងមិនទាន់ដឹងនៅឡើយនោះទេ។»
ក្រុមប្រឹក្សាធម្មនុញ្ញបានប្រើពាក្យ«អាច» ...
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ទទួលបន្ទុកកិច្ចការបោះឆ្នោត បង្ហាញភាពមិនប្រក្រតីលោក គួយ ប៊ុនរឿន បានឲ្យទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានប្រើពាក្យ«អាច» ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ដែលមិនន័យស្មើនឹង«គ្មាន» ក៏ថាបាន។ តែទោះជាយ៉ាងនេះក្តីលោក បានបង្ហាញថាគណបក្សសង្គ្រោះជាតិមានសង្ឃឹម និងជឿជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញនេះនឹងផ្តល់ឱកាស ឲ្យ គ.ជ.ប បើកកញ្ចប់សុវត្តិភាព«ក» ទៅតាមបណ្តឹងដែលបានប្តឹងទៅនោះ។
ជាមួយគ្នានេះ លោកគួយ ប៊ុនរឿន ក៏បានអបអរសារទ ជាមួយនឹងចំណាត់ការរបស់ក្រុមប្រឹក្សាធម្មនុញដែរ ដោយលោកបានស្នើសុំដល់ស្ថាប័នមួយនេះ ធ្វើយ៉ាងណាឲ្យមានយន្តការមួយច្បាស់លាស់ ក្នុងការផ្ទៀងផ្ទាត់បើកនូវកញ្ចប់សុវត្ថិភាព «ក» ត្រូវធ្វើជាសាធារណៈ មានវត្តមានម្ចាស់ពាក្យបណ្តឹង មានសមាសភាពចូលរួម ពីអ្នកសង្កេតការណ៍ជាតិ និងងន្តរជាតិ ពីអង្គការសង្គមស៊ីវិល។
លោក រស់ សួរ ប្រធានការិយាល័យកិច្ចការបោះឆ្នោត និងនីតិកម្ម នៃគណបក្សសង្ក្រោះជាតិបានបញ្ជាក់បន្ថែមថា ចំពោះពាក្យបណ្តឹងចំនួន១៥ ដែលនៅសល់ស្មើនឹង១៥ខេត្តដែរនោះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបញ្ចប់ នៅត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះជាកំហិត។ ចំណែកឯសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាធម្មនុញ្ញវិញ លោកក៏បានឲ្យដឹងថា ក្រោយពីបញ្ចប់លើពាក្យបណ្តឹងទាំង១៥ ដែលប្តឹងទាស់នឹងលទ្ធផលនៃការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញនឹងបន្តរនីតិវិធី ដើម្បីចេញនូវសេចក្តីសម្រេច ក្នុងការបើកនូវកញ្ចប់សុវត្ថិភាព«ក»។
ទាក់ទងនឹងខេត្តដែលត្រូវអនុវត្តដោយ គ.ជ.ប ក្នុងកាបើកនូវកញ្ចប់សុវត្ថិភាព«ក»នោះលោក គួយ ប៊ុនរឿន បានបញ្ជាក់ថា មិនទាន់ទទួលបាននូវព័ត៌មានច្បាស់ការណាមួយ សម្រាប់ការបើកនូវកញ្ចប់សុវត្ថិភាព«ក» ថានឹងត្រូវអនុវត្តទៅលើខេត្តណានោះនៅឡើយទេ។ តែតាមការប្រមើលមើល របស់លោក រស់ សួរ លោកបង្ហាញដោយយោងទៅតាមពាក្យបណ្តឹងទាំង១៥ ដែលនៅសល់នោះថា អាចមានខេត្តចំនួនប្រាំមួយ ដែលលោកគិតថា ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចង្អុលបង្ហាញដល់ គ.ជ.ប ក្នុងការផ្ទៀងផ្ទាត់តាមរយៈការបើកនូវកញ្ចប់សុវត្ថិភាព«ក» ក្នុងនោះមានខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងចុងក្រោយរាជធានីភ្នំពេញ។
រក្សាទុកនូវកញ្ចប់សុវត្ថិភាព«ក» នៅកន្លែងដែលមានសុវត្ថិភាព
ប្រធានគណបក្សជំទាស់លោក សម រង្ស៊ី ធ្លាប់បានសរសេរលិខិតមួយច្បាប់ ទៅប្រធាន គ.ជ.ប លោក អ៊ឹម សួស្តី កាលពីថ្ងៃទី២១ ខែសីហា នេះដោយស្នើឲ្យមានការចាត់វិធានការ ក្នុងការរក្សាទុកនូវកញ្ចប់សុវត្ថិភាព«ក» នៅកន្លែងដែលមានសុវត្ថិភាពខ្ពស់បំផុត។ លោកក៏បានបញ្ជាក់បន្ថែម ក្នុងលិខិតនោះថា ដោយសារតែភាពមិនច្បាស់លាស់របស់ គ.ជ.ប ក៏ដូចជាគណបក្សនយោបាយ។ លោកអះអាងថាក្នុងកញ្ចប់សុវត្ថិភាព«ក»នេះ មានឯកសារដែលជាភស្តុតាងដ៏សំខាន់ សម្រាប់ការផ្ទៀងផ្ទាត់នូវទិន្នន័យនៃលទ្ធផលបោះឆ្នោត និងភាពមិនប្រក្រតីនានា ដែលបានកើតមានក្នុងអំឡុងពេលបោះឆ្នោត រាប់សន្លឹកឆ្នោត។
ដូចគ្នានេះដែរ ខាងអង្គការសង្គមស៊ីវិល ដែលតាមដានលើការបោះឆ្នោត ក៏បានគាំទ្រចំពោះការរក្សាទុកនូវកញ្ចប់សុវត្ថិភាព«ក»នេះ ឲ្យមានសុវត្ថិភាពខ្ពស់បំផុត ព្រោះក្នុងកញ្ចប់នេះមាននូវឯកសារដើម ដែលមកពីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នីមួយៗ មានដូចជាទម្រង់បែបទលេខ ១១០១, ១១០២ និង១១០៨, បញ្ជីបោះឆ្នោតដែលត្រូវបានប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោតត្រាសម្ងាត់, សន្លឹកឆ្នោតខូច, សន្លឹកឆ្នោតដែលមិនបានប្រើប្រាស់, គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើរួច, សន្លឹកឆ្នោតបានការ, សន្លឹកឆ្នោតមិនបានការ និងផ្ទាំងក្រដាសធំៗ សម្រាប់កត់ត្រាសំឡេងឆ្នោត៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២២ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ