អ្នកវិភាគ៖ ជំនួប​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ឈ្នះ​ឆ្នោត ជា​«សោរ​សំខាន់​»

ភ្នំពេញ៖ វិបត្តនយោបាយមកទល់នឹងពេលនេះ ហាក់បីដូចជានៅត្រឹង គ្មានអ្វីមួយដែលបង្ហាញ នូវភាពវិជ្ជមានក្នុងការបន្ធូរបន្ធយ នូវភាពតានតឹងទាំងនោះនៅឡើយ។ តើការប្រកាន់ជំហរ«រឹង»រៀងៗខ្លួន របស់គណបក្សធំៗទាងពីនេះ មានបង្កប់នូវអាថ៌កំបាំងអ្វីឬទេ? តើអ្វីខ្លះដែលគួរតែគណបក្ស ដែលនឹងត្រូវមានអាសនៈក្នុងរដ្ឋសភា ត្រូវគិតក្រោយពីការបោះឆ្នោត ដើម្បីបង្ហាញនូវឆន្ទៈរបស់ខ្លួនចំពោះរាស្រ្ត?
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ វិបត្តនយោបាយមកទល់នឹងពេលនេះ ហាក់បីដូចជានៅត្រឹង គ្មានអ្វីមួយដែលបង្ហាញ នូវភាពវិជ្ជមាន​ក្នុងការ​បន្ធូរ​បន្ធយ នូវភាពតានតឹងទាំងនោះនៅឡើយ។ តើការប្រកាន់ជំហរ«រឹង»រៀងៗខ្លួន របស់គណបក្សធំៗទាងពីនេះ មានបង្កប់​នូវអាថ៌កំបាំងអ្វីឬទេ? តើអ្វីខ្លះដែលគួរតែគណបក្ស ដែលនឹងត្រូវមានអាសនៈក្នុងរដ្ឋសភា ត្រូវគិតក្រោយពីការបោះឆ្នោត ដើម្បីបង្ហាញនូវឆន្ទៈរបស់ខ្លួនចំពោះរាស្រ្ត?


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

លោក អ៊ូ វីរៈ អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា និងជាប្រធានមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា បញ្ហា​ដែលរាំងស្ទះរហូតមកដល់ពេលនេះ បណ្តាលមកពីមេគណបក្សធំៗទាំងពីរ មិនសម្រេចធ្វើការជួបពិភាក្សាតទល់គ្នា តាម​រយៈការដាក់ពេលវេលាជាក់លាក់ណាមួយ ដើម្បីស្វែងរកដំណោះស្រាយ«ពិត»។ លោកបន្តរថា វាគ្មានប្រយោជន៍ទេ បើគ្រាន់តែជួបជាមួយមន្រ្តីថ្នាក់ក្រោម ដែលគ្មានសិទ្ធិក្នុងការសម្រេច ចំពោះការពិភាក្សារបស់ខ្លួននោះ ហើយនៅតែរង់ចាំ​ពាំនាំពាក្យទៅថ្នាក់លើដដែលជាដដែល។

មេដឹកនាំអង្គការជំនាញខាងសិទ្ធិមនុស្សរូបនេះ បានលើកឡើងថា «ដំណោះស្រាយដោយសន្តិវិធី ឥឡូវនេះដល់​ពេល​ដែលពួកគាត់ត្រូវជួបគ្នាហើយ ថ្នាក់ដឹកនាំកំពូលៗត្រូវតែជួបគ្នា បើនៅតែរង់ចាំទៀតនោះវា ក៏គ្មានបានប្រយោជអ្វីដែរ។ លោកសម រង្ស៊ី លោក កឹម សុខា គួរតែជួបគ្នាជាមួយលោក ហ៊ុន សែន លោក ស ខេង អាចឈានទៅរកលទ្ធផលបានល្អ ហើយយកប្រទេសជាតិជាគោល យកបញ្ហាជាតិ និងប្រជាជនមកធ្វើការដោះស្រាយ។ (…) ដល់ពេលវេលាដែល​ត្រូវ​ទទួលខុសត្រូវហើយ និងហ៊ានធ្វើការសម្រេចចិត្ត។»

លោកបានបញ្ជាក់ ពីការសង្កេតឃើញរបស់លោក ថារាល់ជំនួបណាក៏ដោយ តែងតែមានផលវិជ្ជមានខ្លះ ហើយត្រូវធ្វើ​យ៉ាងណា ឲ្យជំនួបមួយនេះមានការសម្រេចចិត្តច្បាស់លាស់ ឬកំណត់ពេលណាមួយឲ្យបានជាក់លាក់ ជៀសវាងនូវ​ជំនួប​ដែលផ្ដើម ដោយមន្ត្រីថ្នាក់ក្រោមនៃគណបក្សទាំងពីរ ដែលមិនអាចធ្វើការ«សម្រេចចិត្ត» បាននោះ។ ករណីនេះមានន័យ​ស្មើនឹងការបង្ហាញ នូវភាពទាល់ច្រកផ្នែកនយោបាយនៅតែបន្តរ ហើយវាជាការចំណាយពេលវេលា​មួយឥតន័យអ្វី​ទាល់​តែសោះ ។

ជំនួបដែលរៀបចំឡើងកន្លងមក គ្រាន់តែល្អមើល

លោក អ៊ូ វីរៈ ក៏បានរិះគន់ចំៗ ទៅនឹងជំនួបទាំងបីលើក នាពេលកន្លងរបស់គណបក្សធំៗទាំងពីរ ដែលមិនអាចស្វែងរក​ដំណោះស្រាយជូនជាតិ និងប្រជារាស្រ្តម្ចាស់ឆ្នោត បានបន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់នោះ។ លោកថាជំនួប​មួយ​នេះ បែរទៅជាអសារបង់ឥតបានការទៅវិញ ដែលមានន័យស្មើរនឹងការរៀបចំជំនួបមួយ ដើម្បីគ្រាន់តែល្អមើល។

លោកបានបង្ហាញនូវច្រកមួយ ជាគន្លឹះនៃការបើកសោរនយោបាយថា មានហេតុផលតែពីរគត់ដែល​អាចជម្រុញឲ្យថ្នាក់​ដឹកនាំកំពូលៗនៃគណបក្សទាំងពីរចូល«តុចចារ» បាននោះមានតែ ការបង្ហាញពីឆន្ទៈដើម្បីប្រយោជន៍ជាតិ ក៏ដូចជា​ប្រយោជន៍គណបក្សទាំងពីរនោះដែរ ដោយផ្គួបផ្សំជាមួយនឹងការជួយជម្រុញរបស់ប្រជាពលរដ្ឋផងនោះ។ «(…) ដាច់​ខាត​មិនអាចបោះបង់រកការពិត ដោយសារតែការសុំបែងចែកអំណាចគ្នានោះ វាមិនអាចទៅរួចទេ ហើយបើករណីនេះកើត​មាន​បាតុកម្មអាចនឹងកើតឡើង»។

សូមរម្លឹកថា ក្រោយពី«បរាជ័យ»នៃទំនាក់ទំនងក្នុងជំនួបពីរលើកកន្លងមក កាលពីថ្ងៃទី២០ ខែសីហា ដែលជាជំនួបបិទទ្វារ​លើកទីបី ក្រុមការងារគណបក្សប្រជាជនកម្ពុជានាំដោយ លោក ព្រំ សុខា និងក្រុមការងារគណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ លោក សុន ឆ័យ នៅរដ្ឋសភាជាតិនោះ ជាក់ស្តែងនៅតែជា«បរាជ័យ»មួយដ៏ធ្ងន់ធ្ងរដដែល។ ចេញពីជំនួបនៃកិច្​ចប្រជុំ រវាងក្រុមការងារគណបក្សទាំងពីរ ដែលបានប្រើពេលអស់ជាងពីរម៉ោង នោះលោក ព្រំ សុខា មិនបានបញ្ជាក់ពី​លទ្ធផលណាមួយជា«វិជ្ជមាន»ទេ លោកគ្រាន់តែបង្ហាញថា ជាសញ្ញាមួយឈានទៅរកការដោះស្រាយ ពីបញ្ហាបោះឆ្នោត​នាពេលឆាប់ៗខាងមុខប៉ុណ្ណោះ។

ឯប្រធានក្រុមការងារនៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានសម្តែងនូវការខកចិត្ត ចំពោះការ«បរាជ័យ»នេះ​ដោយលោកបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ចាត់តាំងតំណាងដែលមិនអាចធ្វើការសម្រេច លើលទ្ធផលនៃកិច្ច​ប្រជុំរបស់ខ្លួនបាននោះ។ តែ ទោះយ៉ាងណាក៏ដោយលោក សុន ឆ័យ មិនបានបង្ហាញពីចំណុច ដែលឈានទៅរក​ដំណោះស្រាយណាមួយ រវាងគណបក្សទាំងពីរ ពីភាពមិនប្រក្រតីនៃការបោះឆ្នោតនោះដែរ។


ជំនួបលើកទីបី នៃការស្វែងរកដំណោះស្រាយនយោបាយ នៅរដ្ឋសភា ថ្ងៃទី២០ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ប្រជុំគ្នាពេលនេះ ដើម្បីចាំរាយការណ៍ទៅថ្នាក់លើ ?

ក្រៅពីជំនួបគ្មានលទ្ធផលក្នុងថ្ងៃដដែលនោះ តំណាងក្រុមការងារបក្សទាំងពីរ ក៏បានចេញនូវសេចក្តីប្រកាសរួមមួយដែរ ដែលមាន១១បន្ទាត់នោះ ដោយចុះហត្ថលេខាពីលោក ព្រំ សុខា និងលោក សុន ឆ័យ មានន័យសង្ខេបថា «បានស្វែង​យល់ពីបំណង និងគោលគំនិតរបស់គណបក្សទាំងសងខាង ដើម្បីស្វែងរកការឯកភាពគ្នា។ គណបក្សទាំងពីរនឹង​ធ្វើ​សេចក្តីរាយការណ៍ ជូនអ្នកដឹកនាំគណបក្សរៀងៗខ្លួន ដើម្បីពិនិត្យលទ្ធភាពបន្តជួបពិភាក្សាគ្នាលើកក្រោយទៀត។»

អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក អ៊ូ វីរៈ បានបន្តថា «បើបញ្ហានៅតែជាប់គាំង ខាងគណបក្សសង្គ្រោះ​ជាតិ​បង្ហាញពីការធ្វើបាតុកម្ម ដែលគណបក្សប្រជាជនមិនចង់ឃើញ។ ប៉ុន្តែគណបក្សប្រជាជន បែរជានាំយកទ័ពទាហាន​ចូល​ទីក្រុង ដែលប្រជាពលរដ្ឋមិនចង់ឃើញដែរ។ (…) ក្នុងសង្គមប្រជាធិបតេយ្យ សារជាសម្លេងរបស់ប្រជាពលរដ្ឋ ធំជាងសារ​ជាអាវុធ និងកំលាំងទ័ពរបស់រដ្ឋាភិបាល។»

សូមបញ្ជាក់ថា ក្នុងជំនួបលើកទីមួយធ្វើឡើងកាលពីថ្ងៃទី៣សីហា នៅឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយ​ពីការបង្កើតគណៈកម្មការចម្រុះ ដោះស្រាយភាពមិនប្រក្រតី មានសមាសភាពខាងគណបក្សប្រជាជនកម្ពុជាមួយរូប ខាង​គណបក្សសង្គ្រោះជាតិមួយរូប និងខាងគ.ជ.បពីររូប។ ជំនួបលើកទីពីរ កាលពីថ្ងៃទី៩ សីហា នៅមន្ទីររដ្ឋសភា ដើម្បីបន្ត​ពិភាក្សារកការស្រុះស្រួលគ្នា អំពីបញ្ហាជាប់គាំងនយោបាយក្រោយការបោះឆ្នោត កាលនោះក៏មានសមាសភាព​អង្គការ​ក្រៅរដ្ឋាភិបាលចូលរួមផងដែរ។ រួមទាំងជំនួបលើកទីបីកាលពីថ្ងៃទី២០ ខែសីហានេះផង ធ្វើឲ្យលទ្ធផលសរុបនៃ​ជំនួប​ទាំង​បី បានជួបភាព«បរាជ័យ»ទាំងអស់៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២២ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...