ជីវិតស្នេហា៖ ១២ចំណុច ដែលបុរសចង់បានពីស្ត្រី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វាមិនមែនជារឿងងាយស្រួលនោះទេ ដែលអ្នកត្រូវស្វែងយល់ថា តើបុរស ឬមិត្តប្រុសរបស់អ្នកចង់បានអ្វីខ្លះពីអ្នក ព្រោះបុរសមិនងាយនឹងនិយាយប្រាប់ ពីអ្វីដែលគេត្រូវការនៅក្នុងចិត្ត ប្រាប់ដល់អ្នកនោះឡើយ ពោលគឺគ្រប់ទង្វើររបស់អ្នក គាត់គ្រាន់តែរក្សារទុកនៅក្នុងចិត្តតែប៉ុណ្ណោះ។ ហើយបើមានថ្ងៃណាមួយ គាត់ចាកចេញពីអ្នក ថ្ងៃនោះហើយដែលអ្នកត្រូវដឹងថា អ្វីដែលគាត់ចង់បានពីអ្នក អ្នកមិនអាចបំពេញឲ្យគាត់បាននោះទេ ទើបគាត់សម្រេចចិត្តចាកចេញ។
នាងចំជាស្អាតមែន បុរសណាមិនស្រម័យ។ តែដើម្បីជាគូរជីវិត គេនៅមានរឿងជាច្រើនដែលត្រូវស្វែងយល់។ (រូបថត hmongmemo.com)
មនោរម្យព័ងអាំងហ្វូ សូមបង្ហាញជូននូវចំណុចសំខាន់ៗមួយចំនួន ដែលបុរសភាគច្រើនតែងតែចង់បានពីមិត្តស្ត្រី ឬគូរស្នេហ៏របស់គាត់។ ចំណុចដែលបុរសៗចង់បានទាំងនោះ មានដូចជា៖
១. នាងមានស្បែកសរលោងស្អាត៖
ចំណុចនេះគ្មានអ្វីខុសប្លែកនោះទេ សម្រាប់មនុស្សប្រុស ព្រោះគោលដៅទី១ ដែលបុរសចោលក្រសែភ្នែកទៅលើស្រីៗ គឺសម្រស់។ សម្រស់ក្នុងទីនេះមានន័យថា អ្នកត្រូវតែមានស្បែកសរលោងស្អាត មានរាង្គស្អាត ដែលគួរជាទីគយគន់របស់ហ្វូងមនុស្សទាំងពួង។ ហើយចំណុចនេះហើយ ដែលបុរសតែងតែចង់បាន ព្រោះគ្មានបុរសណា ដែលមិនចង់បានមិត្តស្រី ស្រស់ស្អាតនោះឡើយ។
២. នាងចុះសម្រុង ឬស្រុះស្រួលជាមួយគាត់៖
ជាភាពអាត្មានិយមរបស់ពួកបុរស តែបើនិយាយឲ្យមែនទែនទៅ ភាពចុះសម្រុងគ្នា វាពិតជាបានដើរតួនាទីយ៉ាងសំខាន់ នៅគ្រប់ប្រភេទនៃការទំនាក់ទំនងទាំងអស់។ យ៉ាងណាមិញ បើអ្នកទាំង២មិនមានចំណង់ចំណូលចិត្តដូចគ្នាទេ ដូច្នេះការទំនាក់ទំនងជាមួយគ្នា ក៏តែងតែមានភាពឆ្គាំឆ្គងទៅតាមនោះដែរ។
មនុស្សប្រុសមានចារឹកមួយ ដែលធ្វើឲ្យគាត់ឆាប់ធុញទ្រាន់។ ទោះជាស្រីនោះស្អាត ឬមានយ៉ាងណាក៏ដោយ ក៏គាត់នឹងដកខ្លួនចេញឆ្ងាយដែរ បើនាងនិយាយមិនចុះសម្រុងនឹងគាត់ ឬតែងតែជំទាស់គាត់ជាដើម។
៣. នាងមានភាពឯករាជ្យលើខ្លួនឯង៖
ភាពឯករាជ្យមានន័យថា ធ្វើជាម្ចាស់ការលើខ្លួនឯង។ ឧទាហរណ៏៖ បើគាត់បបួលអ្នក ក្នុងបំណងដើរកំសាន្តថ្ងៃចុងសប្តាហ៏ណាមួយ ស្រាប់តែអ្នកតែងតែឆ្លើយបដិសេធថា ម៉ាក់ប៉ាអត់ឲ្យទៅ ឬពួកគាត់មិនឲ្យចេញផ្ទះជាដើម។ ១លើក ឬ២លើក គាត់ប្រហែលជាមិនគិតអ្វីទេ ប៉ុន្តែបើអ្នកតែងតែដូចនោះ គាត់ក៏មិនអាចបន្តទៅទៀតដែរ ព្រោះបុរសត្រូវការមិត្តស្រី ដែលមានភាពឯករាជ្យផ្ទាល់ខ្លួន។
៤. នាងមិនធ្វើការសម្រេចចិត្តជំនួសគាត់៖
បុរសគ្រប់រូប តែងតែត្រូវការការឲ្យតម្លៃទៅលើការសម្រេចចិត្តរបស់គាត់។ ទោះបីជាអ្នកជាមនុស្សស្រីពូកែ ឬមានភាពឆ្លាតវ៉ៃយ៉ាងណាក៏ដោយ ក៏មិនត្រូវហ៊ានសម្រេចចិត្តជំនួសគាត់ដែរ ប៉ុន្តែអ្នកអាចផ្តល់ជាដំបូន្មាន ឬទស្សនៈដល់គាត់ខ្លះៗបាន។
៥. នាងមានភាពស៊ិចស៊ី៖
ប្រុសៗតែងតែភ្ញាក់ផ្អើល ឬជ្រើមជ្រួលពេលឃើញនារីៗ ស្លៀកពាក់ស៊ិចស៊ី ប៉ុន្តែផ្ទុយទៅវិញសម្រាប់គូរស្នេហ៏របស់គាត់ គាត់មិនចង់ឲ្យមានភាពស៊ិចស៊ីខ្លាំងពេកនោះទេ។ បើអ្នកស្លៀកសំលៀកបំពាក់សុភាពរាល់ថ្ងៃដដែលៗ វាជារឿងធម្មតាសម្រាប់គាត់ ប៉ុន្តែបើថ្ងៃណាមួយ អ្នកស្លៀកពាក់បែបស៊ិចស៊ីបន្តិច អាចនឹងធ្វើឲ្យគាត់ភ្លឹកក៏ថាបាន។ ប៉ុន្តែមិនមានន័យថា ឲ្យអ្នកស៊ិចហួសហេតុពេកនោះទេ។
៦. កុំលេងក្បាលគាត់៖
ទោះបីជាស្ថិតក្នុងពេលប្រលែងគ្នាលេងក៏ដោយ ក៏មិនត្រូវវាយក្បាល ឬប៉ះក្បាលគាត់ដែរ ព្រោះគាត់អាចគិតថា អ្នកមើលងាយគាត់ និងមិនឲ្យតម្លៃគាត់។ ប៉ុន្តែបើអ្នកប៉ះដោយអចេតនា វាគ្មានបញ្ហាអ្វីទេ លុះត្រាតែជាទម្លាប់របស់អ្នក ទើបគាត់អាចនឹងខឹងច្រឡោត។
៧. នាងចេះយល់ពីគាត់៖
បុរសតែងតែមានតម្រូវការ ផ្ទាល់ខ្លួនរបស់ពួកគេ។ ពេលខ្លះគាត់ត្រូវការវត្តមានរបស់អ្នក ដើម្បីចូលរួមនៅក្នុងពិធីសង្គមនានា ឬជួនកាលគាត់ត្រូវការភាពស្ងប់ស្ងាត់ខ្លះ។ ដូច្នេះអ្នកត្រូវចេះយល់ និងអធ្យាស្រ័យឲ្យគាត់ ដោយកុំចេះតែខឹងច្រឡោត ដែលធ្វើឲ្យគាត់កាន់តែធុញទ្រាន់ថែមទៀត។
៨. ចេះលើកទឹកចិត្តគាត់ ឲ្យធ្វើអ្វីឲ្យកាន់តែល្អ៖
នៅពេលដំណាក់កាលចែចង់ បុរសតែងតែព្យាយាមធ្វើឲ្យអ្នកយល់ថា គាត់ពិតជាល្អ។ ប៉ុន្តែលុះដល់ក្លាយជាគូរស្នេហ៏នឹងគ្នា គាត់អាចនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឲ្យអ្នក (គូរស្នេហ៏របស់គាត់) មានមោទនភាពចំពោះស្នាដៃគាត់។ ដូច្នេះទោះគាត់ព្យាយាមបានល្អ ឬធ្វើមិនបានល្អក៏ដោយ ក៏អ្នកត្រូវតែជួយលើកទឹកចិត្តគាត់ ទើបជាការប្រសើរ។
៩. នាងចេះកំប្លែងលេង៖
បើអ្នកមានភាពស្ងប់ស្ងាត់ពេក នោះវានឹងកកើតទៅជាភាពគួរឲ្យធុញទ្រាន់ទៅវិញជាមិនខាន។ ដូច្នេះអ្នកត្រូវតែចេះពីវិធីសាស្ត្រ ក្នុងការនិយាយលេងសើច កំប្លុកកំប្លែងបន្តិចបន្តួច ជាការល្អ ប៉ុន្តែមិនមានន័យថា ឲ្យអ្នកធ្វើជាអ្នកកំប្លែងនោះទេ។
១០. នាងជាអ្នកពូកែស្តាប់៖
បុរសពុំសូវមានសកម្មភាព ក្នុងការបញ្ចេញកាយវិការ ដើម្បីបញ្ជាក់ពីអារម្មណ៏របស់គាត់នោះទេ ប៉ុន្តែគាត់តែងតែសង្ឃឹមថា គូរស្នេហ៏របស់គាត់នឹងអាចស្តាប់យល់ន័យពីអ្វី ដែលគាត់បាននិយាយ ហើយស្របទៅតាមគាត់។ បើអ្នកជំទាស់គាត់ច្រើនពេក ពីអ្វីដែលគាត់ចង់ប្រាប់អ្នកនោះ គាត់អាចនឹងចាកចេញ។
១១. កុំបង្ខំ ឬបញ្ជារគាត់ឲ្យធ្វើអ្វីមួយ៖
អ្វីដែលប្រុសៗស្អប់បំផុតជាងគេនោះ គឺការបញ្ជារឲ្យធ្វើអ្វីមួយ។ ពេលខ្លះគាត់មានសម្ពាធពីកន្លែងការងារ ឬគ្រួសារ ហើយបើអ្នកមកបញ្ជារគាត់ឲ្យធ្វើនេះ ធ្វើនោះទៀត គាត់ប្រហែលជាគ្មានអារម្មណ៏ល្អនោះឡើយ។ សរុបមក គាត់មិនចង់ទទួលការបញ្ជារពីគូរស្នេហ៏របស់គាត់។
១២. នាងមានភាពចាស់ទុំ ក្នុងការដោះស្រាយបញ្ហាទំនាក់ទំនង៖
បុរសគ្រប់រូបតែងតែយល់ហើយថា ការទំនាក់ទំនងចាំបាច់ត្រូវតែមានភាពអត់ធ្មត់ និងមានភាពចាស់ទុំ។ ដូច្នេះហើយ ដែលពួកគេតែងតែត្រូវការដៃគូរ ដែលជាគូរស្នេហ៏នោះ ឲ្យនាងមានភាពចាស់ទុំ ចេះគិត ចេះដោះស្រាយបញ្ហាដោយសន្តិវិធីដូចគ្នា។
សរុបមកចំណុចទាំង១២ខាងលើនេះ គ្រាន់តែជាចំណុចទូទៅមួយ ដែលមនុស្សប្រុសភាគច្រើនតែងតែចង់បានពីមិត្តស្រីតែប៉ុណ្ណោះ។ ចំពោះទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមវិញ វាអាស្រ័យទៅលើចារឹកមនុស្សប្រុសផ្សេងៗគ្នា ដែលអ្នកខ្លះមិនចាំបាច់ទាល់តែមានគ្រប់ល័ក្ខខណ្ឌទាំងអស់នេះ ក៏គាត់អាចបន្តទំនាក់ទំនងជាមួយគ្នាបានដែរ ព្រោះតែក្តីស្រលាញ់ និងការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ