សមត្ថកិច្ច​ខេត្ត​បាត់តំបង ចោទ​ពិធី​ជួបជុំ​សម្តែង​មតិ​របស់​ពលរដ្ឋ ថា​«ខុស​ច្បាប់» (Video)

ពិធីជួបជុំសម្តែងមតិរបស់ប្រជាពលរដ្ឋ ដែលគេដឹងថារៀបចំឡើង ដោយមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ (CCIM​) ហើយមាន​បេក្ខជនតំណាងរាស្រ្តគណបក្សប្រឆាំង ចូលរួមផងនោះ ត្រូវបានរំខានដោយកងកម្លាំងសមត្ថកិច្ច នៅខេត្តបាត់ដំបង។ លោក​អធិការនគរបាលក្រុងបាត់ដំបង បានចាត់ទុកថានេះ ជាការជួបជុំគ្នា«ខុសច្បាប់»។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: August 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពិធីជួបជុំសម្តែងមតិរបស់ប្រជាពលរដ្ឋ ដែលគេដឹងថារៀបចំឡើង ដោយមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ (CCIM​) ហើយមាន​បេក្ខជនតំណាងរាស្រ្តគណបក្សប្រឆាំង ចូលរួមផងនោះ ត្រូវបានរំខានដោយកងកម្លាំងសមត្ថកិច្ច នៅ​ខេត្តបាត់ដំបង។ លោក​អធិការនគរបាលក្រុងបាត់ដំបង បានចាត់ទុកថានេះ ជាការជួបជុំគ្នា«ខុសច្បាប់»។


កងកម្លាំងនគរបាលប្រមាណជា៦០នាក់ ត្រូវបានបញ្ជូនទៅហាមឃាត់ កម្មវិធីរបស់វិទ្យុសម្លេងប្រជាធិតេយ្យ។ (រូបថត vodhotnews.com)

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣នេះ សមត្ថកិច្ចភូមិអង សង្កាត់អូរចារ ក្រុង និងខេត្តបាត់តំបង បានធ្វើការហាមឃាត់​ប្រជា​ពលរដ្ឋ និងលោក ស្រី មួរ សុខហួរ បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលបាត់តំបងមិនឲ្យធ្វើការ​ជួបជុំគ្នា​សម្តែងមតិ ដោយពួកគេត្រូវបានរងការចោទប្រកាន់ថា ការជួបជុំនេះគឺជាសកម្មភាពខុសច្បាប់។ វីឌីអូមួយ ដែល​ត្រូវ​បាន​គេបង្ហោះ និងចែកចាយបន្តគ្នាពាសពេញទាំងលើទំព័រហ្វេសបុក  បានបង្ហាញពីសកម្មភាពរបស់ប្រជាពលរដ្ឋ មន្ត្រី​ និង​បេក្ខជនអ្នកតំណាងរាស្រ្ត របស់គណបក្ស​នយោបាយដែល​ព្យាយាមជួបជុំគ្នាសម្តែងមតិ ប៉ុន្តែត្រូវបានកម្លាំង​សមត្ថកិច្ច​ព្យាយាម បំបែកពួកគេ​ទាំងប្រទាំងប្រទើស។

តាមរយៈការសន្ទនាតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោកអធិការនគរបាលក្រុងបាត់ដំបង បានចាត់​ទុកការជួបជុំរវាងអ្នកតំណាងរាស្រ្ត និងប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅពេលនេះ ថាជាសកម្មភាព«ខុសច្បាប់»។

លោក អធិការ បានថ្លែងបន្តថា៖ «ការជួបជុំនេះ ជាសកម្មភាពអនាធិបតេយ្យ និងបានធ្វើទាំងបំពានច្បាប់»។ ការថ្លែងដូច​នេះ ព្រោះលោកយោងទៅលើលិខិត របស់ចៅសង្កាត់អូរចារ ដែលបដិសេធមិនអនុញ្ញាតិឲ្យ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ (CCIM​) រៀបចំកម្មវិធីនេះ និងបានជម្រុញឲ្យមជ្ឈមណ្ឌលនេះ ទៅសុំការអនុញ្ញាតិពីរដ្ឋបាល​ខេត្ត​បាត់តំបង ដោយលើក​ហេតុ​ផល​ថា វាហួសពីសមត្ថកិច្ចរបស់ខ្លួន។

តែលោក យិន ម៉េងលី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់តំបង ដែលមានវត្តមាននៅកន្លែង​កើតហេតុផងដែរនោះ បានថ្លែងថា៖ «សកម្មភាពជួបជុំនេះ គឺមិនខុសច្បាប់នោះទេ»។ មន្រ្តីសម្របសម្រួលសិទ្ធិមនុស្ស​រូបនេះ បានពន្យល់ថា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ បានចុះបញ្ជី នៅក្រសួងមហាផ្ទៃរួចរាល់ហើយ។ ហើយសេចក្តីជូនដំណឹង​របស់ក្រសួង​នេះបានកំណត់ថា គ្រប់អង្គការដែលបានចុះបញ្ជីរួចរាល់នៅក្រសួងមហាផ្ទៃ នៅ​ពេលចង់ធ្វើការប្រជុំឬសិក្ខាសាលា​ណា​មួយ គឺគ្រាន់តែជូនដំណឹងទៅសមត្ថកិច្ចមុន៥ថ្ងៃជាការស្រេច។

លោក យិន ម៉េងលី បន្ថែមថា មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ ដែលគ្រប់គ្រងវិទ្យុសម្លេងប្រជាធិបតេយ្យ ហៅកាត់ជាភាសាអង់គ្លេស វីអូឌី (VOD) នោះ ក៏បានផ្ញើរលិខិតទៅសមត្ថកិច្ចពាក់ព័ន្ធរួចរាល់ហើយដែរ ដូចនេះសមត្ថកិច្ច​ត្រូវ​បញ្ជូនកម្លាំងមករក្សាសន្តិសុខ តែពួកគេ​បែ​ជាធ្វើការហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យមានការជួបជុំទៅវិញ។

នៅថ្ងៃនេះ មិនអាចសុំការបំភ្លឺពីអ្នកទទួលខុសត្រូវ របស់មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​បានទេ ព្រោះ​លេខទូរស័ព្ទហៅចូលហើយ តែគ្មាន​អ្នកទទួល។

លោកស្រី មួរ សុខហួរ បេក្ខនារីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ តាម​ទូរស័ព្ទ​ពីខេត្តបាត់តំបងមកថា៖ «សកម្មភាពរបស់សមត្ថកិច្ចនៅពេលនេះ គឺជាការគំរាមកំហែងប្រជាពលរដ្ឋ​សុទ្ធសាធ»។

បេក្ខនារីតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះបានអះអាងថា គ្រប់ប្រជាពលរដ្ឋដែលបានចូលរួម និងសម្តែងមតិក្នុង​កម្មវិធី​នេះ ត្រូវ​បានថតរូបទុកដោយកងកម្លាំងសមត្ថកិច្ច ដែលបានដាក់ពង្រាយនៅជុំវិញទីតាំងរៀបចំកម្មវិធី តាំងពី​ពេល​ព្រឹក។ លោក​ស្រី មួរ សុខហួរ បញ្ជាក់ថាលោកស្រី និងប្រជាពលរដ្ឋម្នាក់ផ្សេងទៀត បានទទួលរងរបួសក្រោយការ​ប្រទាញ​ប្រទង់​ជាមួយសមត្ថកិច្ច តែមិនធ្ងន់ធ្ងរនោះទេ។

រាល់ព័ត៌មានផ្សេងទៀត ទស្សនាវដ្ដី នឹងជម្រាបជូននៅពេលក្រោយ។ សូមទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...