EU កំពុង​អនុវត្ត​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ចេញ​ពី​កម្ពុជា

ភាពមិនអើពើ របស់របបដឹកនាំលោក ហ៊ុន សែន អាចនឹងដាក់ប្រទេសកម្ពុជា ឲ្យធ្លាក់ចូល ទៅក្នុងវិបត្តិសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរមួយ។ សហភាពអ៊ឺរ៉ុប ដែលជាលំហទីផ្សារនាំចេញធំជាងគេបំផុត របស់ប្រទេសនេះ កំពុងអនុវត្តនីតិវិធី ក្នុងការដកប្រព័ន្ធអនុគ្រោះ «EBA» ចេញពីប្រទេសកម្ពុជា និងបានជូនដំណឹង ពីដំណើរការនីតិវិធីនេះ ទៅកាន់ក្រុងភ្នំពេញរួចហើយ។ នេះ បើតាមការអះអាង របស់​ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៅក្នុង​សន្និសីទ​សារព័ត៌មានមួយ នៅថ្ងៃនេះ។
EU កំពុង​អនុវត្ត​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ EBA ចេញ​ពី​កម្ពុជា
ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 05, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម (Anna Cecilia Malmström) បានអះអាងនៅថ្ងៃនេះថា អ្នកស្រី រួមនឹងស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) បានប្រាប់ទៅរបបក្រុងភ្នំពេញរួចហើយថា សហភាពអ៊ឺរ៉ុបកំពុងអនុវត្តនីតិវិធី ដើម្បីដកប្រព័ន្ធអនុគ្រោះ «Everything But Arm - EBA» ចេញពីប្រទេសកម្ពុជា បន្ទាប់ពីសហភាពមិនបានរកឃើញ ពីការអើពើរបស់របបដឹកនាំមួយនេះ ដើម្បីធ្វើឲ្យប្រសើរឡើងវិញ នូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលបានរងការបំផ្លិចបំផ្លាញ តាំងពីប៉ុន្មានខែមកនោះ។

ក្រុមអ្នកវិភាគ បានគិតថា ប្រសិនជាប្រព័ន្ធអនុគ្រោះ «EBA» ត្រូវបានដកចេញ ពីប្រទេសកម្ពុជា វានឹងបង្កឲ្យបាត់នូវទីផ្សារនាំចេញ របស់ប្រទេសកម្ពុជា ដែលធំជាងគេបង្អស់ នៅលើពិភពលោក ដែលកម្ពុជាតែងនាំផលិតផល ចេញទៅលក់នៅទីនោះ ក្នុងកម្រិតទឹកប្រាក់ រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ (ធំជាងទីផ្សារអាមេរិក)។ ការបាត់ទីផ្សារ នឹងបង្កហនិភ័យដល់ការងារ និងជីវភាព របស់ពលរដ្ឋរាប់សែនលាននាក់ ដែលទទួលប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះនេះ។

អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម ដែលកំពុងមានវត្តមាន នៅក្នុងក្រុង «Innsbruck» នៃប្រទេសអូទ្រីស (Editor's Note: អូទ្រីសជាប្រធានផ្លាស់វេន នៃសហភាពអ៊ឺរ៉ុប ក្នុងពេលនេះ) កំពុងដឹកនាំការពិភាក្សា ជុំវិញកិច្ចការកែទម្រង់ ដែលមិនអាចខ្វះបាន ចំពោះអង្គការពាណិជ្ជកម្មពិភពលោក និងជុំវិញទំនាក់ទំនងពាណិជ្ជកម្ម រវាងសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងសន្និសីទកាសែត ដែលបានប្រព្រឹត្តិទៅ នៅទីនោះដដែល អ្នកស្រីបានសង្កត់ធ្ងន់យ៉ាងលំអិត ជុំវិញប្រតិកម្មរបស់សហភាពអ៊ឺរ៉ុប និងស្ថានភាពសិទ្ធមនុស្ស នៅក្នុងប្រទេសភូមា និងកម្ពុជា។

អ្នកស្រីបានអះអាងថា សម្រាប់ប្រទេសកម្ពុជា សហភាពអ៊ឺរ៉ុបបានដឹង ពីការវិវត្តន៍ដ៏គួរឲ្យព្រួយបារម្ភ នៃការធ្លាក់ចុះដ៏ច្បាស់ក្រឡែត ក្នុងវិស័យសិទ្ធមនុស្ស និងសិទ្ធិការងារ ដោយការធ្វើឲ្យប្រសើរឡើងវិញ មិនត្រូវបានរកឃើញនោះទេ។ អ្នកស្រីបន្តថា បេសកកម្មស្វែងរកការពិត (កាលពីដើមខែកក្កដា) របស់សហភាពអ៊ឺរ៉ុប បានបង្ហាញពីការរំលោភដ៏ធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ ទៅលើការគោរពសិទ្ធិមនុស្ស ដូចជាសិទ្ធិសេរីភាព នៃការបញ្ចេញមតិ សិទ្ធិការងារ និងសេរីភាព នៃការបង្កើតសមាគមជាដើម។ ការរកឃើញទាំងនេះ ត្រូវបានរាប់បញ្ចូលបន្ថែម ដោយការរំលោភបំពាន តាំងពីយូរមកហើយ ទៅលើសិទ្ធិកម្មករ និងសិទ្ធិរស់រានមានជីវិត នៅលើដីធ្លីផ្ទះសម្បែង របស់ពលរដ្ឋ។

ប្រទេសទាំងពីរ (ភូមា និងកម្ពុជា) នៅអាស៊ីអាគ្នេយ៍ ទទួលបានការអនុគ្រោះពន្ធ «EBA» ពីសហភាពអ៊ឺរ៉ុប ដែលអនុញ្ញតឲ្យប្រទេសនេះ នាំផលិតផលរបស់ខ្លួន ចូលក្នុងទីផ្សាររបស់សហភាពអ៊ឺរ៉ុប (ដែលមានសមាជិក ២៨ប្រទេស) ដោយលើកលែងការបង់ពន្ធ ទៅលើផលិតផលទាំងនោះ។ អ្នកស្រីពន្យល់ថា តែការផ្ដល់ប្រព័ន្ធអនុគ្រោះនេះ មិនមែនធ្វើឡើង ដោយគ្មានលក្ខខណ្ឌនោះទេ។ អ្នកស្រីស្នងការជាន់ខ្ពស់អ៊ឺរ៉ុប បានបញ្ជាក់ថា៖ «ដូចខ្ញុំបាននិយាយច្រើនដងហើយ ក្នុងនាមជាស្នងការ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ថានយោបាយពាណិជ្ជកម្ម របស់សហភាពអ៊ឺរ៉ុប ត្រូវអនុលោមតាមគោលការណ៍ ដ៏មានតម្លៃរបស់យើង។ នៅខណៈនេះ ពេលដែលយើងត្រូវបានប្រឈម នឹងភាពមិនអើពើ ចំពោះគោលការណ៍ទាំងនេះ សហភាពអ៊ឺរ៉ុបចាំបាច់ត្រូវបញ្ចេញប្រតិកម្ម។»។

អ្នកស្រី ម៉ាសស្ត្រម បានរៀបរាប់ពីជំហានជាក់ស្ដែង ដែលសហភាពអ៊ឺរ៉ុប បានដើរទៅមុខ ដូច្នេះថា៖ «នៅថ្ងៃនេះ អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី និងរូបខ្ញុំ បានជូនដំណឹងដល់កម្ពុជាថា យើងកំពុងតែអនុវត្តនីតិវិធី សម្រាប់ការដកហូតចេញ នូវប្រព័ន្ធអនុគ្រោះ "EBA"។ បើគ្មានការធ្វើឲ្យប្រសើរឡើង ដោយច្បាស់លាស់ និងជាក់ស្តែង នៅផ្ទាល់កន្លែងនោះទេ នីតិវិធីនេះនឹងនាំទៅដល់ការព្យួរ នូវប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ដែលពួកគេ (កម្ពុជា) ទទួលបាន នាពេលបច្ចុប្បន្ន។»។

ស្នងការជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា បញ្ហាជាច្រើនដែលកើតមាន តាំងពីច្រើនខែឆ្នាំមកនោះ បានធ្វើឲ្យប្រទេសកម្ពុជា ដើរថយក្រោយ ជាពិសេសការបោះឆ្នោតជាតិ កាលពីខែកក្កដាឆ្នាំនេះ ត្រូវបានកត់សម្គាល់ដោយការបំភិតបំភ័យ គម្រាមកំហែង ក៏ដូចជាការរាំងខ្ទប់ ដ៏ធ្ងន់ធ្ងរជាច្រើន ទាក់ទងនឹងសិទ្ធិនយោបាយជាមូលដ្ឋាន របស់ពលរដ្ឋ។

យ៉ាងណា សហភាពអ៊ឺរ៉ុបនៅតែបន្តលំហ នៃការជជែកពិភាក្សា ជាមួយប្រទេសទាំងពីរ (កម្ពុជានិងភូមា) ដើម្បីស្វែងរកដំណោះស្រាយ ហើយសហភាព​អ៊ឺរ៉ុប នឹងជូនដំណឹង​ទៅបណ្ដាប្រទេស ជាសមាជិករបស់ខ្លួន អំពីជំហានបន្ទាប់ ដែលខ្លួន​នឹងត្រូវ​សម្រេច​យក។ អ្នកស្រី ម៉ាសស្ត្រម បានថ្លែងថា៖ «យើងនៅមិនទាន់មកដល់ មាត់ជ្រោះនៅឡើយទេ ហើយប្រទេសទាំងពីរ នៅមានពេល ដើម្បីដើរចេញពីមាត់ជ្រោះនោះ។ ទោះជាយ៉ាងណាក៏ដោយ ផលវិបាកនៃនីតិវិធី ដែលកំពុងធ្វើ ទៅលើប្រទេសទាំងពីរ កំពុងមានរូបរាងច្បាស់លាស់ណាស់ នៅពេលនេះ។»៕

» សន្និសីទសារព័ត៌មានរបស់អ្នកស្រី ម៉ាសស្ត្រម ដែលនិយាយពីបញ្ហាកម្ពុជា ចាប់ពីនាទីទី៥៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...