បក្សសង្រ្គោះជាតិ នឹងរម្លឹកខួបថ្ងៃគប់គ្រាប់បែកឆ្នាំ១៩៩៧
គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ គ្រោងធ្វើពិធីរម្លឹកខួបលើកទី១៧ ថ្ងៃគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនា កាលពី១៧ឆ្នាំមុន ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត១៦នាក់ និងអ្នករងរបួសធ្ងន់ស្រាលជា១៥០នាក់ផ្សេងទៀត ហើយកំពុងតែស្រែកទាមទារយុត្តិធម៌មកដល់សព្វថ្ងៃ។
ជនរងគ្រោះបន្ទាប់ពីការគប់គ្រាប់បែកដៃ នៅមុខរដ្ឋសភាចាស់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត ឯកសារ)
វិបត្តិសង្គម - ក្នុងលិខិតជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ ដែលស្នើសុំការអនុញ្ញាតរៀបចំកម្មវិធី ពីសាលារាជធានីភ្នំពេញ នៅថ្ងៃទី២១ មីនា នេះ បានឲ្យដឹងថា គណបក្សសង្រ្គោះជាតិ នឹងរៀបចំពិធីបង្សុកូលរាប់បាតប្រគេនព្រះសង្ឃចំនួន៥០អង្គ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ដោយការគប់គ្រាប់បែក នៅមុខអតីតមន្ទីររដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
ក្នុងលិខិតដដែលនោះ បន្ថែមថា កម្មវិធីបែបសាសនានោះ នឹងប្រព្រឹត្តទៅនៅមុខវត្តបុទុមវតី្ត ក្បែរអតីតមន្ទីររដ្ឋសភា ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ដែលមានអ្នកចូលរួមប្រមាណ៧០០នាក់ ក្រោមអធិបតីភាពប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្សី និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា។
គួររម្លឹកថា មានជនរងគ្រោះ១៦នាក់បានស្លាប់ និងជាង១៥០នាក់រងរបួស ក្រោយពីជនមិនស្គាល់មុខ បានគប់គ្រាប់បែកយ៉ាងតិច៣គ្រាប់ចូលហ្វូងបាតុករ ដែលកំពុងឈរតវ៉ាផ្នែកនយោបាយ នៅមុខអតីត មន្ទីររដ្ឋសភា ជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ តែរហូតមកដល់ពេលនេះ មានរយៈពេលជាង១៧ឆ្នាំហើយ ដែលសមត្ថកិច្ចរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅតែមិនទាន់អាចវែកមុខជនល្មើស និងមេខ្លោង យកមកផ្តន្ទាទោសបាននៅឡើយ។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោកនី ចរិយា បានអត្ថាធិប្បាយនៅថ្ងៃទី២១ មីនានេះ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ករណីគប់គ្រាប់ថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ គឺបានបង្ហាញច្បាស់ ថាសមត្ថកិច្ច និងប្រព័ន្ធតុលាការកម្ពុជា អសមត្ថភាព ឬគ្នានឆន្ទៈពិតប្រាកដ ក្នុងការបំបែកសំណុំរឿងដ៏រសើបមួយនេះ។
លោក នី ចរិយា បញ្ជាក់ថា៖ «ខ្ញុំគ្នានជំនឿថាសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយរឿងក្តីនេះទេ ព្រោះវាមានការផ្សាភ្ជាប់ក្នុងរឿងនយោបាយ នៅពីក្រោយខ្នងច្រើន។ ដូច្នេះរឿងនេះ វាកើតឡើងពីការរៀបចំរបស់អ្នកនយោបាយមួយក្រុម។ រឿងនេះមើលទៅអាចរើកកាយបាន ទាល់តែមានការផ្លាស់ប្តូរអំណាចគ្រប់គ្រង៕»
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ មីនា ២០១៤