កឹម សម្មាធីតា ហៅអ្នកគាំទ្រ ឲ្យមកកាន់បក្សសង្គ្រោះជាតិ?
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 26, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងហោច សារចំនួនពីរ ត្រូវបានកញ្ញា កឹម សម្មាធីតា កូនស្រីលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) របស់គណបក្សសង្គ្រោះជាតិ បង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន នៅបន្ទាប់ពីហេតុការណ៍ ឃាត់រថយន្ដលោក កឹម សុខា និងការឡោមព័ទ្ធទីស្នាក់ការគណបក្សសង្គ្រោះជាតិ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ។
សារទីមួយ មានលក្ខណៈជាការបង្ហោះរូបភាព សរសេរថា៖ «ខណៈនេះ ក្រុមប្រដាប់អាវុធបានឡោមព័ទ្ធ រថយន្ដនិងស្នាក់ការគណបក្សសង្គ្រោះជាតិ។ សូមបងប្អូនអញ្ជើញ(មក)ជួបជុំគ្នា នៅស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។» ខណៈសារទីពីរ ដែលត្រូវបានបង្ហោះ នៅប៉ុន្មាននាទីក្រោយ មានសេចក្ដីថា៖ «សូមបងប្អូនអញ្ជើញ មកស្នាក់ការសង្គ្រោះជាតិ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់គណបក្ស»។
ការឃាត់រថយន្ដរបស់លោក កឹម សុខា បានធ្វើឡើង នៅត្រង់ចំណុច ក្បែរសាលាពញាហុក លើផ្លូវនរោត្តម វេលាម៉ោងប្រមាណ ជា១១ និង៣៥នាទី។ មន្ត្រីគណបក្សសង្គ្រោះជាតិ បានអះអាងថា នេះជាការចង់ស្វែងរកចាប់ខ្លួនលោក កឹម សុខា តែនៅក្នុងរថយន្តនោះ មិនមានវត្តមានរបស់លោក កឹម សុខានោះទេ ដោយមានតែភរិយារបស់លោក កឹម សុខា និងអ្នកបើករថយន្តប៉ុណ្ណោះ។ រថយន្ដនោះ ត្រូវបានដោះលែង នៅពេលបន្ទាប់មក។
នៅប៉ុន្មានជាជិតមួយម៉ោង ក្រោយការឃាត់រថយន្ដខាងលើ កងកម្លាំងអាជ្ញាធរជាច្រើននាក់ទៀត ប្រដាប់ដោយអាវុធ (ធុនធ្ងន់) គ្រប់ដៃ បានព្យាយាមសំរុកចូល ក្នុងស្នាក់ការគណបក្សសង្គ្រោះជាតិ (នៅសង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ) ប៉ុន្តែពួកគេបានចាកចេញទៅវិញ បន្ទាប់ពីមន្ត្រីសន្តិសុខរបស់គណបក្ស បានស្នើសុំ និងសួររកក្រដាសស្នាម គតិយុទ្ធ (ដីកា) ដើម្បីអនុញ្ញាតឲ្យមានការ«សំរុក»ចូលនោះ។
គេមិនដឹងថា តើសាររបស់កញ្ញា កឹម សម្មាធីតា ទាំងពីរខាងលើ អំពាវនាវឲ្យក្រុមអ្នកគាំទ្រ មកជួបជុំគ្នានៅទីស្នាក់ការកណ្ដាល របស់គណបក្សសង្គ្រោះជាតិ ដើម្បីគោលបំណងអ្វីផ្សេង ក្រៅតែពីការ «គាំទ្រនិងលើកទឹកចិត្ត» ដល់គណបក្សនោះឡើយ។ តែយ៉ាងហោចណាស់ សាររបស់កញ្ញាត្រូវបានវិទ្យុក្នុងស្រុកមួយ យកទៅចុះផ្សាយបន្ត ដោយដាក់ជាចំណងជើងថា «អ្នកគាំទ្រនៅបណ្តាខេត្ត ត្រៀមមកភ្នំពេញ ដើម្បីគាំទ្រដល់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ»។
សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប បានសរសេរតបទៅនឹងការអំពាវនាវនោះវិញថា៖ «ហៅមកធ្វើអី? គេចង់អោយរញ៉េរញ៉ៃហ្នឹងណា។ (បើមានភាព) រញ៉េរញ៉ៃ គេមានឱកាសបង្រ្កាប (...) បើគេចង់ចាប់មែន គេមិនមែនទៅចាប់ខ្យល់អញ្ចឹងទេ បណ្តាញគេច្រើនណាស់។»៕