ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រតិកម្មនឹងការប៉ុនប៉ងចាប់ខ្លួន កឹម សុខា
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 26, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រតិកម្មពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានធ្លាក់មកដល់។ ស្ថានទូតប្រទេសមហាអំណាចដ៏ធំមួយនេះ បានចេញសេចក្ដីថ្លែងការណ៍នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ បង្ហាញការព្រួយបារម្ភ«យ៉ាងខ្លាំង»របស់ខ្លួន អំពីព្រឹត្តិការណ៍ចុងក្រោយ នៅក្នុងប្រទេសកម្ពុជា ជាពិសេសការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា នៅព្រឹកថ្ងៃនេះ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត បានសរសេរថា ការដាក់ពង្រាយកងកម្លាំងអាជ្ញាធរ ឡោមព័ទ្ធទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ និងការប្រឈមមុខគ្នា ជាមួយនឹងក្រុមអ្នកគាំទ្រ របស់គណបក្សនេះ នៅថ្ងៃទី ២៦ ខែឧសភា បានបង្ហាញពីជំហានមិនសមាមាត្រ និងប្រកបដោយគ្រោះថ្នាក់។
ស្ថានទូតរបស់ប្រទេសមហាអំណាច បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំង ដែលមិនចាំបាច់ ហើយជម្រុញឱ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ បន្តការជជែកគ្នាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី នៅចំពោះវិបត្តិនេះ។
នៅវេលាម៉ោងប្រមាណ ជា១២ និង២០នាទី ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ កងកម្លាំងអាជ្ញាធរជាច្រើននាក់ ប្រដាប់ដោយអាវុធ (ធុនធ្ងន់) គ្រប់ដៃ បានព្យាយាមសំរុកចូល ក្នុងស្នាក់ការគណបក្សសង្គ្រោះជាតិ (នៅសង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ) ប៉ុន្តែពួកគេបានចាកចេញទៅវិញ បន្ទាប់ពីមន្ត្រីសន្តិសុខរបស់គណបក្សបានស្នើសុំ និងសួររកក្រដាសស្នាម គតិយុទ្ធ (ដីកា) ដើម្បីអនុញ្ញាតឲ្យមានការ«សំរុក»ចូលនោះ។ នេះបើតាមការអះអាង របស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។
នៅមុននេះ ប្រមាណជាជិត១ម៉ោង កងកម្លាំងប្រដាប់អាវុធ ក្នុងឯកសណ្ឋានតែមួយនេះ បានឃាត់រថយន្ដរបស់លោក កឹម សុខា នៅត្រង់ចំណុច ក្បែរសាលាពញាហុក លើផ្លូវនរោត្តម។ រថយន្ដនោះ ត្រូវបានដោះលែង នៅពេលបន្ទាប់មក៕