ផៃ ស៊ីផាន៖ ការលើកឡើងរបស់ស្ថានទូតអាមេរិក «មិនត្រឹមត្រូវ»
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 26, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្វីដែលស្ថានទូតអាមេរិកលើកឡើង បានធ្វើឲ្យមានការយល់ច្រឡំ និងធ្វើឲ្យយល់ឃើញថា រដ្ឋាភិបាលកម្ពុជា កំពុងមានជម្លោះជាមួយគណបក្សសង្គ្រោះជាតិ។ នេះជាការថ្លែងសោកស្ដាយ ជួសមុខឲ្យរដ្ឋាភិបាលកម្ពុជា របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ទៅនឹងសេចក្ដីថ្លែងការណ៍ របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ទាក់ទងនឹងការប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បត្តិ៍ទី២៦ ខែឧសភានេះ។
ព្រឹត្តិការណ៍ចំនួនពីរ បានកើតឡើង នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ រវាងចន្លោះពេលគ្នា តែប្រមាណជា១ម៉ោងប៉ុណ្ណោះ។ ព្រឹត្តិការណ៍ទីមួយ បានកើតឡើងនៅម៉ោងប្រមាណជា ១១ និង៣៥នាទី៖ រថយន្ដរបស់លោក កឹម សុខា ត្រូវបានកងកម្លាំងប្រដាប់ដោយអាវុធ (ធុនធ្ងន់) គ្រប់ដៃ ឃាត់នៅត្រង់ចំណុច ក្បែរសាលាពញាហុក លើកំណាត់មហាវិថីព្រះនរោត្ដម រាជធានីភ្នំពេញ។ ក្រុមមន្ត្រីប្រឆាំង បានហៅការឃាត់រថយន្ដនោះ ដើម្បីប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។ ប៉ុន្តែដោយរកលោក កឹម សុខា មិនឃើញ ក្រុមកងកម្លាំងទាំងនោះ បានដោះលែងរថយន្ដ ដែលមានតែភរិយាលោក កឹម សុខា និងអ្នកបើកបរ ឲ្យបន្តដំណើរទៅមុខទៀត។
រីឯព្រឹត្តិការណ៍ទីពីរ គឺការសម្រុកចូលទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិ ពីសំណាក់កងកម្លាំង ដែលមានឯកសណ្ឋាន និងប្រដាប់ដោយអាវុធ (ធន់ធ្ងន់) គ្រប់ដៃដដែល ប្រមាណជា២០នាក់ នៅវេលាម៉ោងប្រមាណជា១២និង២០នាទី។ មន្ត្រីគណបក្សប្រឆាំង បានអះអាងថា ដោយសារការសាកសួរ ពីមន្ត្រីសន្តិសុខ រកលិខិតស្នាមគតិយុត្តិ (ដីកា) មិនមាន ទើបកងកម្លាំងទាំងនោះ បានដកថយទៅវិញ នៅប៉ុន្មាននាទីក្រោយមក។
ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានហៅព្រឹត្តិការណ៍ទាំងពីរនេះ ថាជាជំហានមិនសមាមាត្រ និងប្រកបដោយគ្រោះថ្នាក់។ សេចក្ដីថ្លែងការណ៍របស់ស្ថានទូតនៃប្រទេសមហាអំណាច ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំង ដែលមិនចាំបាច់ ហើយជម្រុញឱ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ បន្តការជជែកគ្នាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី នៅចំពោះវិបត្តិនេះ។
ប៉ុន្តែសម្រាប់លោក ផៃ ស៊ីផាន បានបញ្ជាក់ត្រឡប់ទៅវិញ តាមរយៈសារព័ត៌មាន «Fresh News»ថា ករណីខាងលើនេះ ជាទំនាស់រវាងបុគ្គល កឹម សុខា និងស្ថាប័នតុលាការ តែមិនមែនជាជម្លោះរវាងលោក កឹម សុខា ឬរវាងគណបក្សសង្គ្រោះជាតិ ជាមួយរដ្ឋាភិបាលកម្ពុជានោះទេ។ លោក ស៊ីផាន បានពន្យល់ថា ករណីរបស់លោក កឹម សុខា ជាបទល្មើសនៃជនដែលមិនគោរពច្បាប់ ប្រឆាំងនឹងអំណាចនៃស្ថាប័នតុលាការ និងដែលមានចែង ក្នុងមាត្រា៥៣៨ នៃច្បាប់ព្រហ្មទណ្ឌកម្ពុជា។
ចំពោះការលើកឡើងរបស់ស្ថានទូតអាមេរិក ដែលអះអាងថា រដ្ឋាភិបាលបានប្រើប្រាស់កម្លាំង«មិនសមាមាត្រ» ប្រឆាំងលោក កឹម សុខា នោះ ត្រូវបានលោក ផៃ ស៊ីផាន ច្រានចោល និងវាយតម្លៃថា ជាការចោទប្រកាន់មួយ ដែលមិនអាចទទួលយកបាន។ លោកបានពន្យល់ថា ការប្រើប្រាស់កងកម្លាំង ប្រដាប់ដោយអាវុធ (ធុនធ្ងន់) គ្រប់ដៃរបៀបនេះ ជាការឆ្លើយតប ដើម្បី«គ្រប់គ្រងស្ថានភាពឲ្យបាន និងទប់ទល់នឹងអ្វី ដែលអាចកើតឡើងជាយថាហេតុ»។
មាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌកម្ពុជាបានចែងថា៖ «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»។
ប៉ុន្តែការខកខានមិនចូលខ្លួន របស់លោក កឹម សុខា ទៅបំភ្លឺនៅតុលាការសាលាដំបូងជាច្រើនដង (ពីរដងក្នុងករណីបណ្ដឹង របស់ស្ត្រីជាងធ្វើសក់ ឈ្មោះ ខុម ចាន់តារាទី និងមួយដង ក្នុងករណីបណ្ដឹង របស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ធី សុវណ្ណថា) ត្រូវបានក្រុមមេធាវីរបស់លោក កឹម សុខា និងក្រុមមន្ត្រីមកពីគណបក្សសង្គ្រោះជាតិ ពន្យល់ថា ដោយសារលោក កឹម សុខា មានអភ័យឯកសិទ្ធិជាសមាជិកសភា ការពារដោយមាត្រាទី៨០ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៅពីលើក្រមព្រហ្មទណ្ឌ ឬច្បាប់កម្ពុជាណាផ្សេងក៏ដោយ។
មាត្រា៨០ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា៖ «តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុ ពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួន សោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ (...)»។
តែទោះជាតំណាងរាស្ត្រ ឬសមាជិកសភា ដែលមាន«ឪ-ម៉ែ»អភ័យឯកសិទ្ធិ ប៉ុណ្ណាក៏ដោយ ក៏លោក កឹម សុខា គួរតែសហការ និងប្រគល់ខ្លួនឲ្យមកដែនសមត្ថកិច្ច ដែលកំពុងអនុវត្តភារកិច្ច ទៅតាមនីតិរដ្ឋ។ នេះបើតាមការអះអាងបន្ថែម របស់លោក ផៃ ស៊ីផាន។ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ទៀតថា មានតែក្រុមល្មើសច្បាប់ប៉ុណ្ណោះ ដែលប្រឆាំងនីតិរដ្ឋ និងស្ថាប័នតុលាការ៕