អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា សម រង្ស៊ី នៅ​តែ​មុខ​ក្រាស់

បើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និយាយពីកីឡាប្រដាល់ ហើយថាគូប្រកួត​គួរតែ​មាន​កម្លាំង និង​មាឌ​ប្រហាក់​ប្រហែល​គ្នា រវាងលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ខាង​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​​កាន់​អំណាច​ឯ​ណេះ ក៏បានវាយបក​ត្រឡប់​ទៅវិញ​ដែរថា លោក សម រង្ស៊ី ជាកីឡាករ​«មុខ​ក្រាស់» ប្រកួត​ចាញ់​គេ​​ជា​ច្រើន​ដង មិនចេះ​ខ្មាសគេ នៅតែសុំគេ​ប្រកួត​ទៀត។
អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា សម រង្ស៊ី នៅ​តែ​មុខ​ក្រាស់
លោក សម រង្ស៊ី អោនទៅខ្សិបខ្សៀវ ជាមួយលោក ហ៊ុន សែន ក្នុងរដ្ឋសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 08, 2016
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសំដី ដែលនៅតភាគ មិនចេះចប់! បើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តែង​លើក​មក​និយាយ ពីការប្រកួត នៅក្នុងកីឡាប្រដាល់ ដែលត្រូវមានកីឡាករទាំងសងខាង ស្មើមាឌ​ស្មើ​កម្លាំង​គ្នា​នោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជាវិញ ក៏បានលើកយកការប្រកួតកីឡានេះ មក​ថ្លែង​វាយ​បក ទៅប្រធានគណបក្សប្រឆាំងដូចគ្នា។

ថ្លែងទៅកាន់ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក លោក សុខ ឥសាន បានហៅលោក សម រង្ស៊ី ថាជាកីឡាករ​«មុខ​ក្រាស់» ដែល​ប្រកួតចាញ់គេ​ជាច្រើនដង់ នៅតែមានមុខ«ខ្លាញ់» សុំឡើងមកប្រកួត​​ម្ដងហើយម្ដងទៀត។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច បានលើកយកក្បួនប្រកួត នៅក្នុងកីឡាប្រដាល់ មកថ្លែងឡើងថា៖ «តាម​ធម្មតា ក្នុង​កីទ្បា​ប្រដាល់ កីទ្បាករណាប្រកួតចាញ់មួយដង គេអាចអនុញ្ញត​ឲ្យវាយសងសឹក​មួយប្រកួត បើ​នៅ​តែ​ចាញ់​ទៀត គេ​ឈប់​ឲ្យ​ប្រកួត​​ទៀតហើយ ទោះបីសាម៉ីខ្លួន ចង់ឡើង​ប្រកួតទៀតក៏ដោយ»។

លោកបានបន្តទៀតថា៖ «តែគួរខ្មាស់អៀនណាស់ ដែល សម រង្សី ចាញ់ ៤អាណត្តិហើយ នៅតែមុខ​ក្រាស់​នៅ​តែ​ជម្នះ ឈរឈ្មោះ​ចូលប្រកួតទៀត ធ្វើមើលតែ CNRP មានតែមនុស្សម្នាក់ អ្នកដទៃគ្មាន​ប្រយោជន៍។ តើ សម រង្សី ជា​មនុស្ស​បែបណា? តើផ្តាច់ការ ឬអត់? គឺពិតជាមនុស្សផ្តាច់ការ យ៉ាងពិតប្រាកដ។»

នៅក្នុងវេទិកា​សាធារណៈ​ជាច្រើន ជាពិសេស​នៅចំពោះ​គណកម្មការ​សភា​អ៊ឺរ៉ុប និងនៅលើបណ្ដាញ​សង្គម​ផង លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន នៅឯបរទេសនោះ បានពន្យល់ឡើងថា មានតែរូប​លោក​ម្នាក់​ប៉ុណ្ណោះ ដែលជាកីឡាករ​ដៃគូប្រកួត មានកម្លាំង និងមាឌប្រហាក់ប្រហែល នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ការ​បោះ​ឆ្នោត នាពេលខាងមុខ។ ប្រធានគណបក្សប្រឆាំង បានចាត់ទុកថា ប្រសិនជាលោកអវត្តមាន ឬត្រូវ​បាន​ហាម​ឃាត់ មិនឲ្យចូលមកប្រកួត នៅក្នុងការបោះឆ្នោតក្រោយៗនេះទេ នោះការប្រកួតដែលមានតែលោក ហ៊ុន សែន កីឡាករ​​ដែល​ឡើង​​សៃវៀន​​​តែម្នាក់ឯង ហាក់ដូចជាគ្មានន័យអ្វីទាំងអស់។

រីឯការធ្វើនីរទេសខ្លួន ដោយខ្លួនឯងទៅកាន់បរទេសនោះ ត្រូវបានអ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បក​ស្រាយថា នោះដោយសារ​តែលោក សម រង្ស៊ី ធ្វើនយោបាយ«តម្រិះជិះកឯង» ដែលជា​នយោបាយ​ចោទ​ប្រកាន់ និង​មូល​បង្កាច់​គេឯង ដោយគ្មានការពិត ដើម្បីប្រជាប្រិយភាពរបស់ខ្លួន។ នៅពេលដែលត្រូវគេប្ដឹង ក៏​ស្រាប់​តែ​រូប​លោក​ខ្លួនឯង មិនហ៊ានចូលស្រុកវិញដូច្នេះ។

យ៉ាងណា ចំពោះការបោះឆ្នោត ក្នុងពេលកន្លងមក ដែលបានផ្ដល់ជ័យជំនះ ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុមគណបក្សប្រឆាំង និងក្រុមអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស រិះគន់ថា ពោរ​ពេញ​ទៅ​​ដោយ​ការលួចបន្លំ។ សេចក្ដីរាយការណ៍ជាច្រើន បានរកឃើញពីភាពមិនប្រក្រតី នៅ​ក្នុង​ការ​បោះឆ្នោត​ទាំង​នោះ ថាបានកើតមាន សឹងនៅគ្រប់មណ្ឌល រាប់តាំងពីការចុះឈ្មោះបោះឆ្នោត រហូត​ដល់​ពេល​​រាប់ និងប្រកាសលទ្ធផល នៃការបោះឆ្នោត។

លោក សម រង្ស៊ី ធ្លាប់បានលើកឡើង ចំអកឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ពេល​កន្លងមកថា គណបក្សនេះ បានយកបាល់មកទាត់ នៅក្នុង​ការប្រកួតមួយ ដែល​មាន​គណៈកម្មាការ​រៀបចំ​​សុទ្ធ​តែ​គ្នា​ឯង ហើយអាជ្ញា​កណ្ដាល​ក៏គ្នាឯង... ដូច្នេះ ការប្រកួតបាល់ទាត់ទាំងនោះ គ្រាន់​​តែ​​រៀបចំ​​​ឲ្យ​ល្អ​​មើល​​ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...