ឌុយតែតេ សុំពេល៦ខែទៀត ដើម្បីសម្លាប់ឈ្មួញថ្នាំញៀន«ឲ្យអស់»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២១ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 21, 2016
- ប្រធានបទ: គ្រឿងញៀន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមប្រឆាំងការជួញដូរគ្រឿងញៀន ត្រូវតែបញ្ចប់ទៅ ដោយការបោសសំអាត គ្មានសល់អ្វី។ ហើយការអះអាង ដែលថាសង្គ្រាមនេះ មានរយៈពេលត្រឹមតែ៦ខែ ដូចជាងាយពេកហើយ។ នេះជាការសញ្ជឹងគិត របស់លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់ប្រទេសហ្វីលីពីន។ ដោយសារហេតុនេះហើយ ទើបលោកបានប្រកាស ឲ្យមានការពន្យាពេល ចំនួន៦ខែបន្ថែមទៀត ដើម្បីបង្ហើយយុទ្ធនាការរបស់លោក។
លោក ឌុយតែតេ បានថ្លែងឡើងថា៖ «ទោះជាខ្ញុំចង់យ៉ាងណាក៏ដោយ តែខ្ញុំមិនសម្លាប់ពួកវាទាំងអស់បានទេ។ នៅមុនខ្ញុំក្លាយជាប្រធានាធិបតី ខ្ញុំមិនបានគិតថា ការគម្រាមដែលកើតឡើង ពីថ្នាំញៀន សម្រាប់សាធារណរដ្ឋ (ហ្វីលីពីព) មានកម្រិតដល់ថ្នាក់នេះឡើយ។»។
បន្ទាប់ពីបានជាប់ឆ្នោត ជាប្រធានាធិបតី កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅរួច លោក រ៉ូឌ្រីចូ ឌុយតែតេ បានបើកយុទ្ធនាការទម្រង់តឹងមួយ ប្រឆាំងនឹងការជួញដូរគ្រៀងញៀន។ ប្រធានធិបតីរូបនេះ ថែមទាំងបានប្រកាស ប្រគល់អំណាច និងប្រាក់រង្វាន់ ទៅឲ្យភ្នាក់ងារនគរបាលណាក៏ដោយ ដែលបានសម្លាប់ជនសង្ស័យ ដែលខ្លួនរកឃើញ។
យុទ្ធនាការនេះ បានប្រែក្លាយ ទៅជា«សង្គ្រាម»សម្រាប់ប្រហារជីវិតមនុស្ស នៅក្រៅប្រព័ន្ធច្បាប់ ដោយគ្រាន់មនុស្សនោះ រងការសង្ស័យថា មានជាប់ទាក់ទងនឹងបណ្ដាញថ្នាំញៀន។ ក្រុមមនុស្សជាច្រើន បានប្រើប្រាស់ហេតុផលនេះ ដើម្បីធ្វើការជម្រះបញ្ជី និងសម្លាប់នរណា ដែលគេចង់សម្លាប់។
នៅក្នុងរយៈពេល២ខែដំបូង នគរបាលបាននិយាយថា បានប្រហារជីវិតជនសង្ស័យ ប្រមាណជា១១០០នាក់ ខណៈមនុស្សជាង ២០០០នាក់ផ្សេងទៀត បានស្លាប់ក្រោមស្នាដៃមនុស្សជាក្រុម ដែលប្រកាសខ្លួន ថាជា«ប្រជាការពារ» និងដែលទទួលបានបញ្ជា ពីលោកប្រធានាធិបតី ឌុយតែតេ៕