ឃាត់ខ្លួនអ្នកបើកយន្ដហោះពីរនាក់ ព្រោះស្រវឹងមុនការហោះហើរ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ សីហា ២០១៦
- កែប្រែចុងក្រោយ: August 28, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជើងហោះហើររបស់យន្ដហោះ «United Airlines» ដែលត្រូវចេញដំណើរ នៅម៉ោង៩ព្រឹក កាលពីថ្ងៃសៅរ៍ ត្រូវបានពន្យាពេលរហូតយប់ឡើង ទើបមានអ្នកបើកបរថ្មី បានចូលមកជំនួស អ្នកបើកបរពីរនាក់ ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន ពីបទសង្ស័យបានផឹកស្រាស្រវឹង នៅមុនការហោះហើរ។
អ្នកបើកបរយន្ដហោះ ដែលរងការសង្ស័យទាំងពីរនាក់ អាយុ៣៥ឆ្នាំ និង៤៥ឆ្នាំ ត្រូវបញ្ជាយន្ដហោះមួយនេះ ជាមួយនឹងអ្នកដំណើរ ១៤១នាក់ ឆ្ពោះទៅកាន់ព្រលានយន្ដហោះ «Newark» ក្បែរក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ប៉ុន្តែពួកគេត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានឆ្លងការការត្រួតពិនិត្យ និងត្រូវបានរកឃើញ មានជាតិអាកុលច្រើនហួស នៅក្នុងឈាម។
នគរបាលតំបន់ របស់ប្រទេសអង់គ្លេស បានថ្លែងឲ្យដឹងថា អ្នកបើកបរប្រមឹកទាំងពីររូប នឹងត្រូវបានឡើងសវនាការបថមមួយ នៅថ្ងៃចន្ទស្អែកនេះ ក្នុងតុលាការក្រុង «Paisley» ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រលានយន្ដហោះ។
ចំណែកឯអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ «United Airlines» វិញ បានប្រកាសថា៖ «អ្នកបើកបរយន្ដហោះទាំងពីរ ត្រូវបានព្យួរពីការងារ ជាបណ្ដោះអាសន្ន រហូតលុះត្រាការស៊ើបអង្កេត របស់អាជ្ញាធរ និងការវិន្និច្ឆ័យរបស់តុលាការ បានសម្រេចជាស្ថាពរ»។
ករណីអ្នកបើកបរយន្ដហោះស្រវឹង នៅមុនការហោះហើរ នៅក្នុងព្រលានយន្ដហោះមួយនេះ មិនមែនទើបតែកើត ជាលើកទីមួយនោះទេ។ កាលពីខែកក្កដាកន្លងទៅ អ្នកបើកបរយន្ដហោះពីរនាក់ផ្សេង របស់ក្រុមហ៊ុនអាកាសចរណ៍មួយ ឈ្មោះ «Air Transat» មកពីប្រទេសកាណាដា ក៏ត្រូវបានអាជ្ញាធរនៃព្រលានយន្ដហោះចាប់ដាក់ខ្នោះដូចគ្នា បន្ទាប់ពីរងការសង្ស័យ ថាបានផឹកស្រវឹងនៅមុនការហោះហើរ ឆ្ពោះទៅកាន់ក្រុង តូរ៉ុងតូ (Toronto ប្រទេសកាណាដា) នាពេលនោះ៕