កម្ពុជា៖ ជនបរទេសបីនាក់ ទទួលទោសពីបទរត់គ្រឿងញៀន
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនជាតិបរទេសបីនាក់ ដែលជាប់ចោទពីបទព្យាយាម រត់ម្សៅកូកាអ៊ីន ទម្ងន់២,២គីឡូក្រាម ទៅកាន់ប្រទេសអូស្ត្រាលីនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ពី២៣ឆ្នាំ ទៅដល់២៧ឆ្នាំ ដោយតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី២៨ ខែឧសភានេះ។
សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)
ប្រព័ន្ធច្បាប់ - ជនជាតិបរទេសទាំងបីនាក់ មានស្ត្រីវ័យក្មេងម្នាក់ជាជនជាតិបារាំង អាយុ១៩ឆ្នាំ ស្ត្រីម្នាក់ជនជាតិអូស្ត្រាលី អាយុ៤១ឆ្នាំ និងយុវជនម្នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា។ ស្ត្រីជាប់ចោទត្រូវបានឃាត់ខ្លួន កាលពីខែកញ្ញាឆ្នាំ២០១៣កន្លងទៅ នៅក្នុងព្រលានយន្ដហោះភ្នំពេញ ជាមួយនឹងកាបូបស្ពាយនឹងខ្នង ដែលមានដាក់គ្រឿងញៀន។
សាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថាអ្នកទាំងបីមានទោស ពីបទរត់«គ្រឿងញៀងអន្តរជាតិ» ហើយបង្គាប់ឲ្យទទួលទោស កាលពីព្រឹកថ្ងៃពុធទី២៨ ខែឧសភានេះ ឲ្យស្ត្រីជនជាតិបារាំងជាប់ទោស ២៥ឆ្នាំ ស្រីជនជាតិអូស្ត្រាលី ជាប់ទោស២៣ឆ្នាំ។ រីឯយុវជនជនជាតិនីហ្សេរីយ៉ា ដែលត្រូវបានឃាត់ខ្លួនក្នុងខែតែមួយ តែនៅពេលក្រោយមក ក្នុងទីលំនៅដ្ឋានរបស់ខ្លួន នៅភ្នំពេញនោះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគា ២៧ឆ្នាំ។
នៅក្នុងសវនាការដែលបានធ្វើឡើង កាលពីខែកន្លងទៅ ស្ត្រីទាំងពីរបានប្រកែកថា ខ្លួនមិនមែនជាម្ចាស់នៃកាបូបស្ពាយនៅនឹងខ្នង ទាំងនោះទេ ដោយបានទម្លាក់ការទទួលខុសត្រូវ ទៅលើយុវជនជនជាតិនីហ្សរីយ៉ា ដែលត្រូវជាសង្សារបស់ស្ត្រីវ័យក្មេងជាជនជាតិបារាំង។ ម្សៅកូកាអ៊ីនទាំងនោះ ត្រូវបានគេដឹងថា នឹងត្រូវបញ្ជូនទៅឲ្យបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ នៅក្នុងប្រទេសអូស្ត្រាលី។
បន្ទាប់ពីបានស្ដាប់ការប្រកាសសាលដីការរួច ជនទាំងបី មិនមានធ្វើអត្ថាធិប្បាយអ្វីឡើយ។ តុលាការក៏បានកាត់ទោសកំបាំងមុខ ទៅលើជនជាតិនីហ្សេរីយ៉ាពីរនាក់ទៀត ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ២៧ឆ្នាំដូចគ្នា។
ប្រទេសកម្ពុជាបានបង្កើតសកម្មភាព បង្ក្រាបការជួញដូរគ្រឿងញៀន នៅក្នុងរយៈពេលចុងក្រោយនេះ ហើយបានធ្វើការឃាត់ខ្លួនមនុស្សច្រើនរយនាក់ ក្នុងនោះមានទាំងមនុស្សដែលមានថានៈខ្ពស់ៗ ក្នុងជួររដ្ឋាភិបាលនោះផង។ ប្រទេសនេះ បានក្លាយជាតំបន់ឆ្លងកាត់យ៉ាងសំខាន់មួយ នៃក្រុមអ្នករត់គ្រឿងញៀន បន្ទាប់ពីមានការបង្ក្រាបយ៉ាងខ្លាំងក្លា ទៅលើចលនាជួញដូរគ្រឿងញៀន នៅក្នុងប្រទេសថៃ តាំងពីដើមឆ្នាំ២០០០មកនោះ៕