អ្នកវិភាគ៖ វៀណាមពិតជាមានមហិច្ឆតាមិនល្អ លើកម្ពុជា
- ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមជនជាតិវៀតណាម នៅតាមដងផ្លូវជាតិមួយ ក្នុងប្រទេសកម្ពុជា។ (រូបថត MONOROOM.info/ D. KEO)
អធិបតេយ្យជាតិ - អ្នកវិភាគតាមដាន ស្ថានការណ៍ប្រទេសកម្ពុជា លោក ហ៊ាង ឬទ្ធី ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា បានអះអាងថា បើយោងតាមប្រវត្តិសាស្រ្ត រហូតដល់ស្ថានភាពបច្ចុប្បន្ន ដែលកំពុងកើតឡើងរវាងទំនាក់ទំនងកម្ពុជា និងវៀតណាម បានបង្ហាញច្បាស់ណាស់ថា រដ្ឋាភិបាកម្ពុជាបច្ចុប្បន្នមិនមានភាពម៉ឺងម៉ាត់ ក្នុងការប្រឈម ឬការពារផលប្រយោជន៍ និងអធិបតេយ្យជាតិជាមួយវៀតណាមនោះទេ ខណៈសកម្មភាពវៀតណាម លើទឹដីកម្ពុជាបច្ចុប្បន្ន បញ្ជាក់ថាវៀតណាមមានមហិច្ឆតាមិនល្អលើកម្ពុជា។
ការថ្លែងរបស់លោក ហ៊ាង ឬទ្ធី បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្មរបស់ មន្ត្រីអ្នកនាំពាក្យនៃស្ថានទូតវៀតណាម ទៅនឹងការលើកឡើងរបស់ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានថ្លែងទៅកាន់ពលរដ្ឋថា វៀតណាមកំពុងធ្វើអាណានិគមនៅក្នុងទឹកដីកម្ពុជា តាមរយៈក្រុមហ៊ុនវៀតណាម ដែលមករកទទួលទាននៅកម្ពុជា។
ប្រធានគណបក្សសង្រ្គោះជាតិ បានអះអាងចំពោះមុខប្រជាពលរដ្ឋខេត្តរតនគិរី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤នេះថា៖ «យួនហូរចូលមករាល់ថ្ងៃនេះ មិនមែនជាជនអន្តោប្រវេសន៍ទេ គឺចូលមកតាមរបៀប អាណានិគមនិយម ដូច្នេះហើយយើងត្រូវការពារទឹកដីយើង មិនឲ្យយួនមកធ្វើអាណានិគមនិយម លើទឺកដីខ្មែរបានទេ។»
ប្រមុខគណបក្សជំទាស់រូបនេះ បានពន្យល់ថា អាណានិគមនិយមយួន គឺតាមរយៈក្រុមហ៊ុនចេញមុខ ក្រុមហ៊ុនបិទមុខ ដែលទទួលដីសម្បទានពីរដ្ឋាភិបាលរាប់សែនហិកតា ក្នុងរយៈពេលរាប់សិបឆ្នាំ និងការបញ្ជូនជនជាតិយួនចូលមកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្មានការត្រួតពិនិត្យ ដើម្បីធ្វើឲ្យដីខ្មែរទៅជាដីយួន ក្នុងពេលអនាគតដូចករណីទឹកដីកម្ពុជាក្រោម ដែលត្រូវបាត់បង់ទៅលើប្រទេសវៀតណាម រួចទៅហើយនោះ។
ការចោទប្រកាន់របស់លោកសម រង្ស៊ី ត្រូវបានលោកលោក ទ្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រតិកម្មភ្លាមៗនៅថ្ងៃដដែលនោះថា ការចោទប្រកាន់របស់លោកសម រង្ស៊ី គឺគ្មានមូលដ្ឋានពិតប្រាកដ ជាគំនិតអត្តនោម័តរបស់បុគ្គលម្នាក់។ លោក ទ្រឹង វ៉ាន់ថុង បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងប្រទេសកម្ពុជាថា៖ «វៀតណាមគ្មានគំនិតធ្វើអាណានិគមលើកម្ពុជា ហើយក្រុមហ៊ុនវៀតណាមមាននៅ៥៦ប្រទេស មិនមែនតែកម្ពុជាមួយ ហើយរដ្ឋាភិបាលវៀតណាមបានណែនាំឲ្យក្រុមហ៊ុនទាំងនោះ ប្រកាន់ភ្ជាប់ការគោរពច្បាប់របស់ប្រទេសទាំងនោះ និងច្បាប់អន្តរជាតិ។»
តែលោក ហ៊ាង ឬទ្ធី ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នេះថាការអះអាងរបស់លោកសម រង្ស៊ី មានហេតុផលត្រឹមត្រូវ រីឯការលើកឡើងរបស់លោកទ្រឹង វ៉ាន់ថុង គ្រាន់ជាភាសារការទូត ដើម្បីលួងលោមប៉ុណ្ណោះ។ លោកហ៊ាង ឬទ្ធី បញ្ជាក់ថា៖ «ប្រវត្តិសាស្រ្ត វៀណាមមានពុតត្បុតច្រើនដងរួចទៅហើយ។ (...)បច្ចុប្បន្ន មាត់គេថាគ្មានមហិច្ឆតា តែសកម្មភាពរបស់គេបង្ហាញថា មានមហិច្ឆតាមិនល្អ។»
ចំពោះការចោទប្រកាន់ អំពីទំនាក់ទំនងមិនស្មើភាពគ្នារវាងប្រទេសកម្ពុជា និងវៀតណាមជាបន្តបន្ទាប់ដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប ធ្លាប់បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ ថា៖ «វៀតណាមជួយយើងពិត យើងដឹងគុណ ទូលលើក្បាល។ ប៉ុន្តែមិនអាចដឹងគុណឲ្យដីទៅគេប៉ិនគ្រាប់ខ្សាច់ ឬមួយមីលីម៉ែតបានទេ អាហ្នឹងខ្ញុំសូមជម្រាប។ អាហ្នឹង ខ្ញុំសូមជម្រាបថាលោក សម រង្ស៊ី កុហកទាំងស្រុង៕»