សម រង្ស៊ី ថាវីដេអូឃោសនាថ្ងៃ៧មករា ប្រមាថប្រវត្តិសាស្ត្រ និងរាស្ត្រខ្មែរ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៤ មករា ២០១៨
- កែប្រែចុងក្រោយ: January 04, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបញ្ចាំងវីដេអូឃោសនា របស់រដ្ឋាភិបាលកម្ពុជា ស្ដីពីថ្ងៃ៧មករា ដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ទទួលបានប្រតិកម្មមកវិញ ពីសំណាក់លោក សម រង្ស៊ី ខ្លាំងៗនៅមុននេះបន្តិច ដោយហៅវីដេអូនេះ ជាការប្រមាថមើលងាយប្រវត្តិសាស្ត្រ និងបានចាត់ទុកប្រជាជនកម្ពុជា ថា«មិនដឹងអី» និង«ឆោតល្ងង់»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រតិកម្មដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ ជាភាសាអង់គ្លេស ដោយមានន័យ ជាខេមរភាសាដូច្នេះថា៖ «វីដេអូឃោសនាចុងក្រោយរបស់ហ៊ុនសែន គឺជាការប្រមាថមើលងាយប្រវត្តិសាស្រ្ត (...) និងជាការប្រមាថចំពោះប្រជាជនកម្ពុជា ដែលត្រូវបាន (លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា) ចាត់ទុកថាជាមនុស្សមិនដឹងអី និងឆោតល្ងង់»។
1/2 Hun Sen's latest propaganda video is actually an insult to history -- which is presented "à la carte" after being tortured -- and an insult to the Cambodian people who are being looked down as ignorant and stupid. #SamRainsy #Cambodia
— Rainsy Sam (@RainsySam) 4 janvier 2018
លោក សម រង្ស៊ី ដែលកំពុងរស់នៅ និរទេសខ្លួនក្នុងប្រទេសបារាំង បានបន្តទៀតថា៖ «របបផ្តាច់ការដ៏អាក្រក់បំផុត តែងតែលើកសរសើរ និងគោរព ចំពោះតែបុគ្គលិកលក្ខណៈ របស់មនុស្សម្នាក់។ ប្រជាជនកម្ពុជា មានការយល់ដឹង និងមានភាពឆ្លាតវៃ ជាងការគិតរបស់លោក ហ៊ុន សែន ហើយពួកគេនឹងយក (ខ្លឹមសារ)វីដេអូឃោសនាខាងលើនេះ ទៅគ្រវាត់ចោល ក្នុងធុងសម្រាម។»។
2/2 The worst authoritarian regimes always promote a cult of personality. The Cambodian people are more informed and intelligent than Hun Sen thinks and will likely discard this piece of propaganda as rubbish. #SamRainsy #Cambodia
— Rainsy Sam (@RainsySam) 4 janvier 2018
វីដេអូឯកសារ «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ត្រូវបានចាក់បញ្ចាំង នៅតាមកញ្ចក់ទូរទស្សន៍នានា កាលពីយប់ម៉ោង៧ ថ្ងៃទី៣ ខែមករានេះ និងកំពុងបន្តបង្ហោះ ផ្សាយនៅលើបណ្ដាញសង្គម និងនៅលើគេហទំព័រនានាជាច្រើនទៀត។
វីដេអូនោះ បង្ហាញជាដដែលៗ ពីដំណើរតស៊ូ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការរំដោះប្រទេសកម្ពុជា ឲ្យចេញពីរបបខ្មែរក្រហម ឆ្នាំ១៩៧៥-ឆ្នាំ១៩៧៩ ដូចជាទិដ្ឋភាព នៃការរត់ទៅពឹងវៀតណាម ឲ្យមកជួយរំដោះប្រទេសកម្ពុជា របស់លោក ហ៊ុន សែន និងគូកន៤ទៀត របស់លោក កាលពីចន្លោះឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៩។ ក្នុងវីដេអូឯកសារ គេឃើញមានការផ្ដល់សក្ខីកម្ម ពីមនុស្សដែលជាប់ទាក់ទងជាច្រើន ជាពិសេសគឺការថ្លែងឡើងដោយផ្ទាល់ ដោយមានការសម្រក់ទឹកភ្នែកផង ពីសំណាក់លោកនាយករដ្ឋមន្រ្តី។
ការបង្ហាញពីប្រវត្តិថ្ងៃ៧មករា ឆ្នាំ១៩៧៩ ពីសំណាក់រដ្ឋាភិបាលកម្ពុជា តែងជួបការប្រទាំងប្រទើសគ្នា ជាមួយនឹងប្រវត្តិវិទូឯករាជ្យជាច្រើន ដែលបញ្ជាក់តាមរយៈសៀវភៅរបស់ពួកគេ ថាថ្ងៃ៧មករា ជាថ្ងៃដែលវៀតណាម លើកទ័ពចូលឈ្លានពានប្រទេសកម្ពុជា មុននឹងលើកបន្តុបរដ្ឋាភិបាលមួយ ដែលកាលនោះមានលោក ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេស ឲ្យឡើងកាន់អំណាច។
ម្យ៉ាងទៀត ការលើកឡើងដដែលៗ ពីគុណូបការៈនៃថ្ងៃមួយនេះ បានរងការរិះគន់ជារឿយៗថា មិនបានជួយលើកលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ឲ្យមានប្រជាប្រិយភាពនោះទេ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន របស់រដ្ឋាភិបាលលោក ហ៊ុន សែន ខ្លួនលោក ក៏ធ្លាប់លើកយកមតិ របស់ប្រិយមិត្តមួយរូប មកបង្ហោះផ្សាយបន្ត នៅលើបណ្ដាញសង្គមដែរថា៖ «ចម្រៀងដដែលៗរបស់ CPP ដែលតែងតែរំលឹកគុណពី ០៧ មករា ១៩៧៩ គួរតែមានការ Update សម្រាប់ឆ្នាំ ២០១៨ ព្រោៈក្មេងក្រោយគ្រាប់ផ្លោង ជាម្ចាស់ឆ្នោត ២០១៨ និងទៅអនាគត មិនសូវចាប់អារម្មណ៌ទេ!»។
ប៉ុន្តែ នៅក្រោយការបង្ហោះរបស់លោក ខៀវ កាញារីទ្ធ ប៉ុន្មានថ្ងៃ លោក ហ៊ុន សែន បានសំដែងក្ដីក្រេវក្រោប ដាក់រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ខ្លួន ដោយបន្ទោសលោក ខៀវ កាញារីទ្ធ នៅពេលនោះ ក្នុងសំនុំរឿងមួយទៀត ថា«គ្មានគ្រាប់ភ្នែក»មើលឃើញលោក ជានាយករដ្ឋមន្ត្រី៕