ហ្វ៊ុនស៊ីនប៉ិច នៅ​តែ​ប្ដឹង​អតីត​មន្ត្រី​ខ្លួន ទោះ​មាន​ការ​សុំ​ទោស

គណបក្សហ្វ៊ុនស៊ីនប៉ិច នៅតែអះអាងថា ខ្លួននឹងនៅតែត្រៀមប្ដឹងលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់របស់ខ្លួន ឡើងទៅតុលាការដដែល បើទោះជាអ្នកនយោបាយវ័យចំណាស់រូបនេះ បានចេញមុខត្រឡប់មកប្រកាសសុំទោសអ្វីក៏ដោយ។
ហ្វ៊ុនស៊ីនប៉ិច នៅ​តែ​ប្ដឹង​អតីត​មន្ត្រី​ខ្លួន ទោះ​មាន​ការ​សុំ​ទោស
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតមន្ត្រីជាន់ខ្ពស់ របស់គណបក្សហ្វ៊ុនស៊ីនប៉ិច។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 22, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ីនប៉ិច លោក ញ៉េប ប៊ុនជិន បានអះអាងថា គណបក្សនៅតែរក្សាជំហរ ក្នុងការប្ដឹងលោក លឺ ឡាយស្រេង ឡើងទៅតុលាការដដែល បើទោះជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សរូបនេះ បានចេញវីដេអូផ្សាយផ្ទាល់ ដើម្បីធ្វើការសុំទោសនោះក៏ដោយ។ លោក ញ៉េប ប៊ុនជិន បានថ្លែងឡើងថា លោក​កំពុង​ពិគ្រោះ​យោបល់ ​ជាមួយ​មេធាវី ហើយក៏កំពុងរៀបចំ​បណ្ដឹង ដាក់​ទៅ​តុលាការដែរ។

នៅពេលដែលសួរអំពីការសុំអភ័យទោស ពីសំណាក់លោក លឺ ឡាយស្រេង នោះ មន្ត្រីអ្នកនាំពាក្យគណបក្ស បានឆ្លើយតបថា ពេលនេះ​អ្វីៗ ​វា​បាន​ហួសពេល​អស់​ទៅ​ហើយ ហើយ​កិច្ចការ​បន្ទាប់​នេះ គឺ​ទុក​ភារកិច្ច​ឲ្យ​តុលាការ​ ជា​អ្នកចាត់ការ​បន្ត។

កាលពីរសៀលម្សិលម៉ិញ លោក លឺ ឡាយស្រេង បានធ្វើវីដេអូសុំទោសមួយ ដោយបាន​ទទួល​ស្គាល់សម្លេង និយាយតាមទូរស័ព្ទ ជាមួយអ្នកស្រី គី លំអង អតីតមន្ត្រីគណបក្សហ្វ៊ុនស៊ីនប៉ិចដូចគ្នា ដែលត្រូវបានលួចថត យកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុក «សីហា»។ លោកព្រឹទ្ធាចារ្យ ដែលមានវ័យ៧៩ឆ្នាំ បានសុំទោសជាទូទៅ ជាពិសេសពីសំណាក់ ពីព្រះមហាក្សត្រ និងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកបានថ្លែងឡើងថា៖ «​ខ្ញុំ​ទទួលស្គាល់ថា​ ខ្ញុំ​មានប្រើ​ពាក្យ​លើសលួស​ខ្លះៗ​។ ដូច្នេះ​សូម​អភ័យទោស​ដល់​បងប្អូន​ទាំងអស់ ជាពិសេស​សម្តេចនាយក​រដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ​។ ខ្ញុំ​ដូចជា​ព្រួយបារម្ភ​ខ្លាំងពេក ចេះតែ​និយាយ​ផ្តេសផ្តាស​ទៅ​ក៏មាន​។ ប៉ុន្តែ ខ្ញុំ មិនដែល​មានចិត្ត​ប្រមាថកាតទាន​ទេ សូម្បី​នាយករដ្ឋមន្ត្រី​។»។

ការចេញមុខមកសុំទោស របស់លោក លឺ ឡាយស្រេង បានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការបង្ហោះនៅលើទំព័រហ្វេសប៊ុក «សីហា» នូវសម្លេងលួចថតកិច្ចសន្ទនា រវាងរូបលោក និងអ្នកស្រី គី លំអង ដែលទំព័រហ្វេសប៊ុកមួយនេះ អះអាងថា ជាកិច្ចសន្ទនាកាលពីអំឡុងម៉ោង ៧ និង១៥នាទី ព្រឹកថ្ងៃទី២១ ខែតុលាម្សិលម៉ិញ។

នៅក្នុងខ្សែអាត់សម្លេងនោះ គេស្ដាប់ឮលោក លឺ ឡាយស្រេង ប្រើពាក្យ«ខ្លាំងៗ និងថ្លោសៗ» ហៅព្រះមហាក្សត្រ ថាជា«មាន់គ្រៀវ» និងបញ្ជោះ«ឲ្យដាក់រាជ្យ» បើព្រះអង្គ​មិនហ៊ាន​ប្រឈម​ព្រះភ័ក្រ ចំពោះការបដិសេធ​ការ​ឡាយព្រះហស្ថលេខា ទៅលើច្បាប់ធ្វើវិសោធនកម្មដ៏ចម្រូងចម្រាស នៃច្បាប់ទាំងបួន ដែលត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា លើកដៃអនុម័តយ៉ាងប្រញាប់ប្រញាល់ ក្នុងរយៈពេលរវាងគ្នា មិនដល់មួយសប្ដាហ៍ផងនោះ។

ក្រុម«ពាក់អាវក្រ័រស៊េ»

លោក លឺ ឡាយស្រេង បានហៅក្រុម ដែលត្រៀម«ពាក់អាវក្រ័រស៊េ (ឬអាវធំ)» ដើម្បីទទួលយកអាសនៈទាំងឡាយ របស់គណបក្សសង្គ្រោះជាតិ ថាជាក្រុម«អាអត់ខ្មាស រកលុយបានស្រួល»។ អ្នកនយោបាយជើងចាស់រូបនេះ បានថ្លែងលើកឡើងពីបុគ្គលម្នាក់ ដោយមិនបញ្ចេញឈ្មោះ តែត្រូវទំព័រហ្វេសប៊ុក «សីហា» អះអាងថា ជាការសំដៅទៅព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច។ លោកថា៖ «នៅសុខៗ ហ៊ុន សែន ឲ្យជិតមួយលានទៀតហើយ! ចុះម្នាក់២ម៉ឺន ជិតម៉ាលានបាត់ទៀតហើយ។ យីអាស្ចារ្យ (...) ចេះតែទៅហើយ មុខអាមួយនេះ គេហៅអាស្ដេចចោលម្សៀត យ៉ាប់មែនទែនតែម្ដង»។

ក្រោយការបង្ហោះសម្លេងលួចថតនេះ នៅលើបណ្ដាញសង្គមរួច គណបក្សហ្វ៊ុនស៊ីនប៉ិច ក៏បានប្រកាសភ្លាមដែរថា នឹងដាក់បណ្ដឹងប្ដឹងលោក លឺ ឡាយស្រេង ឡើងទៅតុលាការពីបទ «ប្រមាថព្រះចេស្ដាព្រះមហាក្សត្រ» និង«ប្រមាថព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...