បក្សហ៊្វុនស៊ិនប៉ិច នឹងប្តឹង លឺ ឡាយស្រេង ក្រោយ«សីហា»បង្ហោះអាត់សម្លេង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ តុលា ២០១៧
- កែប្រែចុងក្រោយ: October 21, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កិត្តិស័ព្ទរបស់គណបក្សហ្វ៊ុនស៊ីនប៉ិច នៅក្នុងឆាកនយោបាយខ្មែរ កំពុងលេចត្រដែតមកវិញ ជាមួយនឹងពាក្យបណ្ដឹង ក្នុងពេលកន្លងទៅ ដាក់ទៅកាន់ក្រសួងមហាផ្ទៃ ប្ដឹងឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃនេះ គណបក្សរាជានិយមដដែលបានប្រកាសជាថ្មីថា នឹងប្ដឹងអតីតមន្ត្រីរបស់ខ្លួនមួយរូប ទៅកាន់តុលាការថែមទៀត បន្ទាប់ពីការលួចថតសម្លេងជជែកគ្នា តាមទូរស័ព្ទមួយ ត្រូវបានទំព័រហ្វេសប៊ុក ដាក់ឈ្មោះ «សីហា» យកមកបង្ហោះកាលពីព្រឹកម៉ិញ។
សម្លេងក្នុងខ្សែអាត់ នៃការលួចថតសម្លេងនោះ ត្រូវបានទំព័រ«សីហា» អះអាងថា ជាសម្លេងរបស់លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងអ្នកស្រី គី លំអង។ អ្នកទាំងពីរ សុទ្ធសឹងជាអតីតមន្ត្រីជាន់ខ្ពស់ របស់គណបក្សហ្វ៊ុនស៊ីនប៉ិច។ «សីហា» ថែមទាំងអះអាងទៀតថា កិច្ចសន្ទនារបស់អ្នកទាំងពីរ ធ្វើឡើងនៅព្រឹកម៉ោង៧ និង១៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣។
សំដីឆ្លើយឆ្លងគ្នានោះ គេឮសូរសម្លេងជាបុរស បាននិយាយ រង់ចាំមើល«ព្រះមហាក្សត្រហ្នឹង ប្រុចទៀត ឬអត់ទេ» ដោយទំនងជាយោងដល់ ការឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើប្រាស់ នូវច្បាប់ធ្វើវិសោធនកម្មដ៏ចម្រូងចម្រាស់ ទៅលើច្បាប់ទាំងបួន ដែលទើបនឹងត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា លើកដៃអនុម័តយ៉ាងប្រញាប់ប្រញាល ដោយប្រើរយៈពេលរវាងគ្នា មិនដល់មួយសប្ដាហ៍ផង។
បន្ទាប់មក ការជជែកគ្នានៅក្នុងខ្សែអាត់នោះ បានលើកឡើងពីគម្រោងចូលគាល់ព្រះមហាក្សត្រ ដើម្បីកាត់បន្ថយកំដៅនយោបាយ ដែលកំពុងកើតមានសព្វថ្ងៃ។ សម្លេងជាស្ត្រី បានលើកពីការយល់ឃើញរបស់ខ្លួនថា ប្រហែលជាលោក (ព្រះមហាក្សត្រ?) «មិនហ៊ាន» អាកាត់ក្នុងដំណោះស្រាយ ចំពោះវិបត្តិនយោបាយ ដែលប្រទេសកម្ពុជា កំពុងឆ្លងកាត់នេះទេ។ ពេលនោះ សម្លេងជាបុរសបានឆ្លើយមកវិញថា «បើមិនហ៊ានទេ ឲ្យដាក់រាជ្យទៅ ឲ្យគេទៅធ្វើម្តងវិញ មាន់គ្រៀវអញ្ចឹងនោះ»។
ចំពោះពាក្យសំដីមួយចំនួនទៀត ដែលទំព័រ«សីហា»អះអាងថា ជាការសំដៅទៅព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិច ត្រូវបានសម្លេងជាបុរស និយាយលើកឡើង ដោយភ្ជាប់ព្រឹត្តិការណ៍ នៃការចែកអាសនៈ របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យក្រុមមួយ ដែលសម្លេងជាបុរសហៅថា ជាក្រុម«អាអត់ខ្មាស រកលុយបានស្រួល»។ សម្លេងជាបុរសនោះ បានបន្តថា៖ «នៅសុខៗ ហ៊ុន សែន ឲ្យជិតមួយលានទៀតហើយ! ចុះម្នាក់២ម៉ឺន ជិតម៉ាលានបាត់ទៀតហើយ។ យីអាស្ចារ្យ (...) ចេះតែទៅហើយ មុខអាមួយនេះ គេហៅអាស្ដេចចោលម្សៀត យ៉ាប់មែនទែនតែម្ដង»។
បើទោះជាសម្លេងជាបុរសនោះ មិនបានបញ្ចេញឈ្មោះ ពីព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ក៏ដោយ តែកិច្ចសន្ទនាដែលបញ្ចេញឲ្យដឹង ពីទឹកប្រាក់«ជិតមួយលាន»ខាងលើ ទំនងជាបានបញ្ឆេះឲ្យគណបក្សហ្វ៊ុនស៊ីនប៉ិច ទ្រង់ខ្ញាល់ឡើង ដោយប្រកាសប្ដឹងម្ចាស់សម្លេងនេះ ឡើងទៅតុលាការ ក្រោមបទចោទប្រកាន់ចំនួនពីរ «ប្រមាថព្រះចេស្តាព្រះមហាក្សត្រ» និង«ប្រមាថប្រធានគណបក្សខ្លួន»។
ស្រង់សំដីដោយសារព័ត៌មានរណបរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ីនប៉ិច លោក ញ៉េប ប៊ុនជិន បានឲ្យដឹងថា៖ «យើងនឹងរៀបចំពាក្យបណ្តឹងមួយ ហើយយើងក៏បានទាក់ទង ទៅខាងមេធាវី ដើម្បីប្តឹងលោកតា លឺ ឡាយស្រេង ដែលបានប្រមាថព្រះចេស្តាព្រះករុណា និងប្រមាថសម្តេចក្រុមព្រះ។ ដូច្នេះ យើងនឹងមានវិធានការភ្លាមៗ។»។
យ៉ាងណា សម្លេងខ្សែអាត់ដែលបង្ហោះដោយ«សីហា» នៅបានបង្ហាញពីសារមួយចំនួនទៀត ដែលចង់មិនចង់ វាជាការបំភ័យដោយប្រយោល ទៅដល់មន្ត្រីរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការបង្កក និងការរឹបអូសទ្រព្យសម្បត្តិ របស់ពួកគេនៅបរទេស ប្រសិនណាជាសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបរួមគ្នា ដាក់វិធានការប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល ក្នុងករណីដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយមែននោះ។
» វីដេអូសម្លេង នៃការលួចថតសម្លេង បង្ហោះដោយទំព័រ«សីហា»៖
គម្រោងដាក់ពាក្យប្ដឹង និងការបង្ហោះការលួចថតសម្លេង របស់ទំព័រ«សីហា» បានកើតឡើងមួយថ្ងៃ ក្រោយវីដេអូផ្សាយផ្ទាល់របស់លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង កាលពីម្សិលម៉ិញ ដោយនិយាយដោយបញ្ឆិតបញ្ឆៀង ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឲ្យស្ដាប់ក្រុម«បរិវា» ដែលនៅជុំវិញខ្លួនលោកខ្លាំងពេក។ សម្រាប់អ្នកនយោបាយជើងចាស់រូបនេះ ក្រុម«បរិវា»ទាំងនោះ បានទាញលោក ហ៊ុន សែន ឲ្យបង្កវិបត្តិនយោបាយសព្វថ្ងៃ នៅកម្ពុជា និងធ្វើឲ្យបុរសខ្លាំង ដើរចេញពីការដឹកនាំមួយ ដ៏ត្រឹមត្រូវ៕
» វីដេអូទាំងស្រុង របស់លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង៖