គេហទំព័ររដ្ឋសភាកម្ពុជានៅតែបង្ហាញ សម រង្ស៊ី ជាតំណាងរាស្ត្រ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 24, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គូបដិបក្ខនយោបាយដ៏ខ្លាំងក្លា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមានឈ្មោះជាតំណាងរាស្ត្រ នៃមណ្ឌលខេត្តកំពង់ចាមនៅឡើយ រហូតមកដល់ម៉ោងនេះ នៅលើគេហទំព័ររបស់រដ្ឋសភាជាតិកម្ពុជា។
ដើម្បីដឹងច្បាស់ លោកអ្នកអាចចុចចូល ទៅកាន់ខ្សែភ្ជាប់នេះ ឬពិនិត្យលើរូបភាពខាងក្រោម ដែលត្រូវបានផ្តិតចេញពីអេក្រង់ (PrintScreen) នៃគេហទំព័ររបស់រដ្ឋសភាជាតិកម្ពុជា នៅមុនអត្ថបទនេះ ចេញផ្សាយបន្តិច។ (បច្ចុប្បន្នភាពបន្ថែមថ្មី៖ ទិន្នន័យក្នុងខ្សែភ្ជាប់ខាងលើ ត្រូវបានលប់ចេញពីគេហទំព័រហើយ បន្ទាប់ពីអត្ថបទនេះ របស់ទស្សនាវដ្ដី ចេញផ្សាយបានប៉ុន្មានម៉ោង។ ដូច្នេះ ប្រិយមិត្តមិនអាចមើលឃើញ ទិន្នន័យដើម ដូចក្នុងរូបខាងក្រោម និងដូចបានជម្រាបពីមុនមក ទៀតទេ។ តែលោកអ្នក នៅតែអាចចូល ទៅមើលបានដដែល នៅក្នុងទិន្នន័យថ្មី-ចុងក្រោយ ថតចម្លងទុកដោយ Google នៅទីនេះ។ )
មិនអាចទាក់ទងលេខាធិការដ្ឋាន របស់រដ្ឋសភាជាតិកម្ពុជា ក្នុងយប់នេះបានទេ។ យ៉ាងណា ក៏នៅទំព័រដើមនៃបញ្ជីរាយឈ្មោះ របស់ក្រុមអ្នកតំណាងរាស្ត្រ អាណត្តិទី៥ នៅត្រង់ចន្លោះលេខរៀងទី១៥ ដែលធ្លាប់ជាកន្លែងរបស់លោក សម រង្ស៊ី គេឃើញមិនមានឈ្មោះតំណាងរាស្ត្រ ណាផ្សេងមកជំនួសនោះទេ។
អ្នកជំនាញខាងព័ត៌មានវិទ្យាមួយរូប បានអះអាងថា ការនៅមានឈ្មោះលោក សម រង្ស៊ី ជាតំណាងរាស្ត្រនៅឡើយនេះ អាចទំនងជាកំហុសបច្ចេកទេស ដ៏សាមញ្ញមួយ របស់អ្នកគ្រប់គ្រងគេហទំព័រ ដែលមិនទាន់បានលុបឈ្មោះ អតីតប្រធានគណបក្សប្រឆាំងរូបនេះ ចេញពី«Data Bass» របស់គេហទំព័រ។
អនុលោមតាមច្បាប់ខ្មែរ លោក សម រង្ស៊ី ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត បន្ទាប់ពីលោកត្រូវបានប្រព័ន្ធតុលាការនៅកម្ពុជា ផ្ទន្ទាទោសដាក់ពន្ធនាគារ ពីបទចោទដ៏ចម្រូងចម្រាសជាច្រើន។ ដោយឡែក សម្រាប់សហភាពអន្តរសភា (IPU) ដែលជាស្ថាប័នបណ្ដុំសភា ពីប្រទេសជាច្រើន នៅជុំវិញពិភពលោក នៅតែទទួលស្គាល់លោក សម រង្ស៊ី ថាជាតំណាងរាស្ត្រស្របច្បាប់ របស់ពលរដ្ឋកម្ពុជា និងចាត់ទុកការផ្ដន្ទាទោស ទៅលើមេដឹកនាំប្រឆាំងរូបនេះ ថាជារឿងនយោបាយ៕