ប្រធានាធិបតី ម៉ាក្រុង ឲ្យរដ្ឋមន្ត្រីការបរទេសបារាំង ចាត់វិធានការជុំវិញវិបត្តិនយោបាយកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 25, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសេចក្ដីព្រួយបារម្ភទាំងឡាយ ដែលកំពុងកើតមាន នៅក្នុងវិបត្តិនយោបាយកម្ពុជា សម្រាប់រយៈពេលចុងក្រោយថ្មីៗ។ នេះ បើតាមលិខិតមួយ របស់លោក ហ្វ្រង់ស័រ ហ្សាវីយ៉េង ឡូឆ៍ (François-Xavier Lauch) នាយកខុទ្ទកាល័យប្រធានាធិបតីបារាំង ដែលបានសរសេរឆ្លើយតបមកកាន់កញ្ញា លីម កានីកា ពលរដ្ឋខ្មែរបារាំងមួយរូប និងជាប្រធានចលនាយុវជន ដែលគាំទ្រគណបក្សសង្គ្រោះជាតិ (MJ CNRP) ក្នុងប្រទេសបារាំង។
លិខិតដែលចុះហត្ថលេខា នៅថ្ងៃទី២០ ខែវិច្ឆិកា និងដែលទើបនឹងធ្លាក់ មកដល់ដៃកញ្ញា កានីកា នៅពីរថ្ងៃក្រោយ បានបញ្ជាក់ថា លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលលិខិតរបស់កញ្ញា និងបានដឹងឮ ពីវិបត្តិនយោបាយ នៅក្នុងប្រទេសកម្ពុជារួចហើយ។ លិខិតរបស់នាយកខុទ្ទកាល័យប្រធានាធិបតី បានអះអាងបន្ត ពីការផ្ដល់ដំណឹង ជុំវិញការព្រួយបារម្ភដ៏«ជ្រាលជ្រៅ» ទាក់ទងនឹងបញ្ហាកម្ពុជា ជូនទៅលោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេស របស់ប្រទេសបារាំង ដើម្បីចាត់វិធានការ ជាយថាហេតុ និងឆ្លើយតបដោយផ្ទាល់ មកកាន់កញ្ញា លីម កានីកា វិញ អំពីវិធានការ ដែលអាចកើតមាននោះ។
កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ កញ្ញា លីម កានីកា បានសរសេរលិខិតថ្លែងក្ដីកង្វល់មួយច្បាប់ ក្នុងនាមពលរដ្ឋបារាំងដើមកំណើតខ្មែរ ផ្ញើរទៅកាន់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដោយលើកឡើង ពី«ស្ថានភាពដ៏ធ្ងន់ធ្ងរ» នៃវិបត្តិនយោបាយកម្ពុជា រាប់ពីការចាប់ខ្លួនមេគណបក្សប្រឆាំង និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើន នៅក្នុងប្រទេសកម្ពុជា។ ស្ថានភាព«ដ៏គួរឲ្យព្រួយបារម្ភ»នេះ ក៏ត្រូវបានរដ្ឋមន្ត្រីការបរទេសបារាំង ថ្លែងដោយផ្ទាល់ ទៅកាន់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃដដែល (ថ្ងៃទី២៥ ខែកញ្ញា) ក្នុងជំនួបរវាងប្រមុខការទូតទាំងពីរ នៅក្នុងអាគារក្រសួងការបរទេសបារាំង ហៅវិមាន «Quai d'Orsay» នោះដែរ។
លិខិតបានសរសេរថា៖ «ករណីរំលោភសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន បានកើតឡើងជាបន្តបន្ទាប់ និងពោរពេញដោយនីទណ្ឌភាព។ ប្រទេសបារាំង ដែលមានបាវចនា "សេរីភាព ភាតរភាព និងសមភាព" បានទទួលឲ្យជាន់លើទឹកដីរបស់ខ្លួន នូរលោក ហ៊ុន ម៉ាណែត ដែលឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងប្រពឹត្តិ នូវទង្វើ ដែលមានភាពមិនប្រក្រតី រាប់មិនអស់។ ក្នុងរយៈពេលតែ១៨ខែ ការវាយប្រហារបានកើតឡើង ជាបន្តបន្ទាប់ ទៅលើក្រុមមន្ត្រី អ្នកការពារសិទ្ធិមនុស្ស។ ការគាបសង្កត់ ទាំងផ្លូវកាយទាំងផ្លូវចិត្ត ត្រូវបានអនុវត្តន៍ ទៅលើក្រុមអង្គការសង្គមស៊ីវិល ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានរិតត្បិត និងអង្គការក្រៅរដ្ឋាភិបាល (បរទេសមួយចំនួន) ត្រូវបានបណ្ដេញចេញ ពីប្រទេស។ ទង្វើដែលមានចរិតនយោបាយទាំងនេះ ជាការបង្ហាញយ៉ាងច្បាស់ ពីការដាក់ឲ្យមាន នូវរបបផ្ដាច់ការដ៏ឃោឃៅមួយឡើង។»។
កញ្ញា លីម កានីកា បានសរសេរស្នើប្រទេសបារាំង ឲ្យប្រើអំណាចរបស់ខ្លួន ក្នុងនាមសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីចាត់វិធានការយ៉ាងណា ឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសមនសិការផ្សេងទៀត ដែលត្រូវបានជាប់ឃុំ ក្រោមបទចោទដែលពោរពេញ ដោយមូលហេតុនយោបាយ។ លិខិតដដែល បានស្នើឲ្យបារាំងយកមាត្រា២៩ នៃកិច្ចព្រមព្រៀងខាងលើ មកអនុវត្តន៍ ដោយចាត់វិធានការសមស្រប ប្រឆាំងនឹងប្រទេសហត្ថលេខីណា ឬសមាជិកនៃសន្និសីទណាមួយ ដែលបង្កការរំខានដល់សន្តិសុខ ស្ថេរភាព និងសន្តិភាព របស់ប្រទេសកម្ពុជា។
លិខិតបានបញ្ជាក់បន្ថែមថា៖ «ប្រទេសបារាំង ដែលមានសិទ្ធិស្របច្បាប់ ដោយសារកិច្ចព្រមព្រៀងនេះ បានផ្ដល់អំណាចមកឲ្យខ្លួន ដើម្បីឲ្យមានការគោរពនូវគ្រប់មាត្រ (នៃកិច្ចព្រមព្រៀង) ពិតជាអាចធ្វើឲ្យប្រទេសកម្ពុជា រក្សាបាននូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពនិងភាពមិនអាចរំលោភបានចំពោះទឹកដី អព្យាក្រិត្យភាព និងការបង្រួបបង្រួមជាតិ។»។
យ៉ាងណា ប្រទេសបារាំងមិនបាននៅស្ងៀមទេ រាប់ចាប់តាំងពីលោក កឹម សុខា ត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួនយ៉ាងតក់ក្រហល់ ក្នុងយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញានោះមក។ តាមរយៈក្រសួងទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេស និងតាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ប្រទេសបារាំងបានចេញមុខធ្វើប្រតិកម្ម យ៉ាងហោចចំនួនបីលើក រួចមកហើយ។
លើកទីបី ជាប្រតិកម្មភ្លាមៗ នៅក្រោយការប្រកាសសាលក្រមដ៏ចម្រូងចម្រាស់ របស់តុលាការកំពូលកម្ពុជា ដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ ប្រទេសបារាំងចាត់ទុកការសម្រេចក្ដី របស់តុលាការជាន់ខ្ពស់មួយនេះ ថាបានបង្កភាពល្អក់កករ ទៅដល់ដំណើរការប្រជាធិបតេយ្យ រាប់ចាប់តាំង ពីថ្ងៃចុះហត្ថលេខា នៃកិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស ឆ្នាំ១៩៩១។ ប្រតិកម្មលើកទីបីដដែល ដែលហាក់មានសភាពខ្លាំងក្លា ជាងប្រតិកម្មលើកមុនៗនោះ បានព្រលយការព្រមាន ដោយប្រយោលថា បារាំងនឹងមិនទទួលស្គាល់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខនេះទេ ប្រសិនជាគ្មានវត្តមានគណបក្សប្រឆាំងធំជាងគេចូលរួម ប្រកបដោយភាពសេរី និងការទទួលយកបានទេនោះ៕