បក្ស​ទាំង​ពីរ​ជួប​គ្នា ដើម្បី​តំណែង​ប្រធាន និង​អនុប្រធាន គ.ជ.ប?

បន្ទាប់ពីរដ្ឋសភា បានឈប់ទទួលពាក្យសុំ ឈរឈ្មោះជាសមាជិក គ.ជ.ប ថ្មី នៃបេក្ខជនក្នុងរសៀលថ្ងៃទី៦ ខែមេសានេះ ជំនួប នៃគណបក្សទាំងពីរ វេលាម៉ោង៥ ក្នុងថ្ងៃដដែល ក៏បានកើតឡើងដែរ រវាងលោក ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងឲ្យគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ ប្រភពស្និតនឹងគណបក្សទាំងពីរ បានអះអាងថា ជាជំនួប ដើម្បីរើសរកប្រធាន និងអនុប្រធាន គ.ជ.ប។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី៦ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 07, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបញ្ចប់ ការទទួលពាក្យបេក្ខជន ដែលត្រូវមកឈរឈ្មោះ ចូលរួមធ្វើសមាជិក គ.ជ.ប ថ្មីនោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេចបង្កើត នូវជំនួបមួយ ក្នុងល្ងាចថ្ងៃទី ៦ ខែមេសា នេះ រវាងថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃ​គណបក្ស​ទាំងពីរ ដើម្បីជាការបង្ហាញ និងផ្សព្វផ្សាយជាព័ត៌មាន ក្នុងវិមានរដ្ឋសភា។ ជំនួបរវាងតំណាង មកពីគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនេះ ត្រូវបានគេបង្ហាញ ជាបថមថា និងអាចជាជំហានដំបូង ក្នុងការសម្រេច និងជ្រើសរើសបន្ថែម នូវចំនួនសមាជិក គ.ជ.ប នេះ គីការស្វែងរកបេក្ខភាព ក្នុងការឈរឈ្មោះធ្វើជាប្រធាន និង​អនុ​ប្រធាន គ.ជ.ប និងនឹងមានជំនួនជាផ្លូវការនាថ្ងៃទី៧ ខែមេសានេះ ហើយនឹងដាក់ជូន សភាពេញអង្គសម្រេចជាផ្លូវការ នាថ្ងៃទី១៣ ខែមេសា។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេ នាព្រឹកនេះ ដោយពុំ​មាន​អ្នកទទួលទូរស័ព្ទ។ តែតាមការអះអាង របស់មន្រ្តីជាន់ខ្ពស់ដែលស្និត នឹងគណបក្សនេះបានបង្ហាញថា ជំនួបនេះ ជាការ​សម្រេច ក្នុងការជ្រើសរើសបេក្ខភាពថ្មី របស់ គ.ជ.ប។ ជាមួយគ្នានេះ គេក៏សម្រេចជ្រើសរើសតំណែង ប្រធាន និង​អនុ​ប្រធាន គ.ជ.ប ដែរ។ ប្រភពនោះ បានបន្តថា តែតំណាងប្រធាន អនុប្រធាន រួមទាំងសមាជិកផ្សេងទៀតរបស់ គ.ជ.ប នឹងត្រូវសម្រេច និងប្រកាសតែងតាំង ជាផ្លូវការ តាមច្បាប់ នាថ្ងៃទី១៣ ខែមេសា នេះហើយ។

មន្ត្រីជាន់ខ្ពស់ដដែល មិនបានបញ្ជាក់លំអិត ពីបេក្ខជនដែលបានដាក់ឈ្មោះ ឈរជាសមាជិក គ.ជ.ប ថ្មីនោះទេ។ មន្រ្តី​រូប​នេះ បានបន្តថា បេក្ខជន ដែលបានដាក់ពាក្យ ឈរជាសមាជិក គ.ជ.ប នោះ រហូតមកដល់ថ្ងៃទី៦ ខែមេសា មានចំនួន មិន​តិចជាង៦០នាក់ឡើយ។ លោកបានបន្ថែមថា សម្រាប់បេក្ខជនមកពីគណបក្សសង្គ្រោះជាតិ និងបានបំពេញបែបបទ ដាក់​ទៅរដ្ឋសភានោះ លោកបានបង្ហាញជាត្រួសៗថា មាន លោក គួយ ប៊ុនរឿន, លោក ថាច់ សេដ្ឋា, លោក កែត ឃី, លោក អ៊ុក ស៊ុយ, លោក មុត ចន្ថា, លោក គង់ ណារិទ្ធ, ឃីម ឡាក់គី ជាដើម។

ឯខាងគណបក្សប្រជាជនកម្ពុជា ត្រូវបានមន្ត្រីរូបនោះ លើកឡើងថា មានដូចជា លោក ស៊ិក ប៊ុនហុក, លោក ថោង ស៊ីម, លោក ហ៊ីង ធីរិទ្ធជាដើម។ ខាង គ.ជ.ប (ចាស់) មាន លោក មាន សាទិ, លោក ឯម សុផាត, លោក ម៉ៅ សុភារិទ្ធ និង​សង្គម​ស៊ីវិលមានដូចជា លោក ហង្ស ពុទ្ធា, លោក រ៉ុង ឈុន, លោក សៀ ភារម្យ ជាដើម។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសំការបញ្ជាក់បន្ថែម ពីវត្តមាន របស់លោក ប៊ិន ឈិន ថា លោក នឹងដាក់ពាក្យ ចូល​ជា​សមាជិករបស់ គ.ជ.ប ឬយ៉ាងណាឡើយ ពីមន្ត្រីនាំពាក្យ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារូបលោកផ្ទាល់។

បើតាម​មន្រ្តីគណបក្សសង្គ្រោះជាតិខាងលើដដែល បានបង្ហើបបន្ថែមថា បើវត្តមានលោក ប៊ិន ឈិន ជាសមាជិក គ.ជ.ប ថ្មីដែរនោះ លោកនឹងអាចឡើងជា ប្រធាន គ.ជ.ប។ ឯលោក គួយ ប៊ុនរឿន បានត្រឹមជាអនុប្រធានប៉ុណ្ណោះ។ ទោះយ៉ាង​ណា ក៏តំណែងប្រធាន គ.ជ.ប នេះ ទំនងជាបានទៅលើបេក្ខជនមួយរូប ដែលមកពីគណបក្សប្រជាជនកម្ពុជា ជា​អាទិភាព។ លោក បានធ្វើការសន្មតថា តាមការដាក់ពាក្យ មន្រ្តីធំៗមកពីបក្សប្រជាជនកម្ពុជានោះ អាចត្រូវបានលើ លោក ស៊ិក ប៊ុនហុក ក្នុងតំណែង ប្រធាន គ.ជ.ប បើគ្មានវត្តមានលោក ប៊ិន ឈិនទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...