ដួល​ម៉ូតូ​ខ្លួន​ឯង​ហៅ​បក្ស​ពួក មក​ព្រួត​វាយ​ជន​រង​គ្រោះ​ទាំង​យប់

អ្នកជិះម៉ូតូ មិនស្គាល់អត្តសញ្ញាណម្នាក់ បានហៅបក្សពួករបស់ខ្លួនមួយឡាន មកព្រួតគ្នាវាយម្ចាស់កង់បីម្នាក់ ដោយប្រើដែក និងបំពង់ទីប បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ទៅមន្ទីពេទ្យទាំងយប់។ សម្ថកិច្ចបានចាប់ជនល្មើស ប្រមាណជា៧នាក់ និងផ្តល់សំណង ២៣០០ដុល្លា ទៅឲ្យជនរងគ្រោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៦ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 07, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ព្រួតគ្នា វាយម្ចាស់រ៉ឺម៉កកង់បីម្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ មុន្នីរ៉េត ត្រង់ចំណុច ទល់មុខវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ម្ចាស់រឺម៉កកង់បី ដែលរងការវាយដំ យ៉ាងដំណំ ពីសំណាក់បក្សពួកម្ខាងទៀត ដែលមានគ្នាមួយ​ឡាន​នោះ ឈ្មោះ ភឹម សុផាត និងមានអាយុ ៣៦ឆ្នាំ។ សព្វថ្ងៃ ជនរងគ្រោះរូបនេះ ជាសមាជិកសមាគមកង់បីមួយ ឈ្មោះ សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលដឹកនាំដោយលោក វន ពៅ។

ករណីបង្កររបួសស្នាម ដោយមនុស្សច្រើននាក់ ទៅលើជនរងគ្រោះម្នាក់នេះ មានមនុស្សជាច្រើនបានឃើញ។ លោក ឈុំ កក្កដា សាក្សី​ដែលឃើញហេតុករណ៍នេះផ្ទាល់ បានប្រាប់អ្នកសារព័ត៌មានថា ដំបូងឡើយ ជនល្មើសមិនស្គាល់​អត្តសញ្ញាណ​រូបនេះ គ្មានគ្នីគ្នាទេ គឺជិះម៉ូតូធុន វេវ តែម្នាក់ឯង តាមបណ្តោយផ្លួវខាងលើ ស្រាប់តែមកដល់កន្លែង​កើត​ហេតុ មុខ​វត្តស្ទឹងមានជ័យ ម៉ូតូរបស់ខ្លួន បានដួលនៅពីមុខ រ៉ឺម៉ក របស់ជនរងគ្រោះ ដែលទំនងជា មកពីស្រវឹងជោគខ្លួន។

បន្ទាប់ពីក្រោកឡើង​ ម្ចាស់ម៉ូតូជាជនបង្ក បាននិយាយខ្លាំងៗ ទៅកាន់ម្ចាស់រ៉ឺម៉កកង់បី ដែលបើកក្នុងទិសដៅស្របគ្នាថា ជាអ្នកបុកខ្លួនទើបដួល។ ពេលនោះ ម្ចាស់រ៉ឺម៉ក លោក ភឹម សុផាត បានប្រកែក ព្រោះខ្លួនមិនបានធ្វើ។ ក្នុងអំឡុង​ពេល​ឈ្លោះ​ប្រកែកគ្នា ភាគីទាំងសងខាង មិនព្រមស្ងាត់មាត់ បង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ ឈប់មើលពេញផ្លូវ ទាំង​យប់។

ក្រោយពីភាគីបង្ក បានទូរស័ព្ទទៅហៅគ្នីគ្នារបស់ខ្លួន មួយសន្ទុះក្រោយមក គេឃើញមានឡានមួយគ្រឿង ពណ៍សំបក​ឳឡឹក ពាកស្លាកលេខភ្នំពេញ 2Q-2492 បើកដោយមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានដឹកគ្នីគ្នាប្រុសៗ ប្រមាណ​ជា១០នាក់ ប្រដាប់ដោយដែកបំពង់ទីបនឹងដៃ ចុះពីលើឡាន មកព្រួតវាយ អ្នកខ្លះចាប់កអាវ អ្នក​ខ្លះ​វាយ ទាត់ ធាក់ យ៉ាងដំណំ ទៅលើជនរងគ្រោះ ជាម្ចាស់រ៉ឺមក។

សាក្សី និងអ្នកឃើញហេតុការណ៍ បានអះអាងថា មិនបានស្គាល់ជនទាំងនោះទេ គ្រាន់តែដឹងថា អាចជាក្រុមជាង​ធ្វើ​ពួក​ឡាន នៅម្ដុំផ្សារថ្មី។ ខ្លះទៀតបានបញ្ជាក់ថា បុរសជនបង្កខាងលើ ទំនងជាជនជាតិវៀតណាម ព្រោះពេលឈ្លោះគ្នា និយាយ​ខ្មែរ​មិនច្បាស់។

ក្រុមមនុស្សហានក្លា ប្រដាប់ដោយបពង់ទីបទាំងនោះ ត្រវបានសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួន នៅពេលធ្វើ​សកម្មភាព​ខាងលើ ក្នុងនោះ មានអ្នកខ្លះបានរត់គេចខ្លួន។ ម្នាក់ ក្នុងចំណោមមនុស្ស ដែលសម្ថកិច្ចឃាត់ខ្លួន បានប្រាប់​អ្នកសារព័ត៌មាន ដោយសម្តីកំបុតៗ ទាំងមិនប្រាប់ឈ្មោះថា ខ្លួនមកពីខេត្តកំពង់ចាម សព្វថ្ងៃ ជាជាងដេរពូកឡាន​នៅ​ផ្សារ​ថ្មី។ ហើយ​ហេតុផល ដែលពួកគេមកវាយ អ្នករត់កង់បីម្នាក់នេះ ដោយសារមកពីម្ចាស់កង់បី បានរក​រឿង​បង​ប្រុស​គេ។

បន្ទាប់ពីមានការឃាត់ខ្លួនជនបង្ក និងបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់មន្ទីពេទ្យ សម្ថកិច្ចខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​ថា តំណាងជនរងគ្រោះ បានទាមទារសំណង ពីក្រុមជនល្មើស ៣០០០ដុល្លា តែជនល្មើសបាន​ចេញតែ២៣០០ដុល្លា​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ជនបង្កដែលចាប់ខ្លួនបានទាំងនោះ ត្រូវបានបញ្ជូនខ្លួនបន្ត ទៅខណ្ឌមានជ័យ ដើម្បី​ធ្វើការ​ដោះស្រាយ។

ប៉ុន្តែករណីនេះ នៅមិនទាន់ចប់ទេ ព្រោះនៅមានរឿង ដែលមិនគួរឲ្យជឿមួយ បានកើតឡើងទៀត។ បន្ទាប់ពីការ​ប្រគល់​ប្រាក់សំណង សាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា ភ្លាមៗនោះ ខ្លួនទទួលបានប្រាក់ តែ២០០០ដុល្លា ពីសម្ថកិច្ច​ប៉ុណ្ណោះ ចំណែកឯប្រាក់ ៣០០ដុល្លាទៀត មិនដឹងបាត់ទៅណា។ ពួកគេនាំគ្នាចោទសួរថា តើលុយ៣០០ដុល្លា ចេះហោះ​រត់​បាត់ ឬជាថ្លៃទឹកតែ របស់ឈ្មួញកណ្ដាល អ្នកយកប្រាក់ មកឲ្យជនរងគ្រោះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...