សមាជិក​សភា​អ៊ឺរ៉ុប​សួរ​ពន្លឿន ឲ្យ​អ៊ឺរ៉ុប​ដាក់​ទណ្ឌកម្ម​ក្រុង​ភ្នំពេញ

សមាជិកសភាអ៊ឺរ៉ុប បានដាក់សំណួរចំនួនពីរ នៅថ្ងៃនេះ ដើម្បីអង្រួនឲ្យគណៈកម្មការ​អ៊ឺរ៉ុប កម្រើកខ្លួន។ សំណួរទាំងនោះ ត្រូវបានដាក់សួរ ទៅអ្នកស្រី​ប្រមុខការទូតអ៊ឺរ៉ុប ថាតើពេលណា ទើបរបាយការណ៍ ស្ដីពីការពិតនៅកម្ពុជា ត្រូវបានបង្ហាញជាសាធារណៈ ហើយថាតើគណៈកម្មការអ៊ឺរ៉ុប នឹងយល់ព្រម ចូលខ្លួនទៅឆ្លើយបំភ្លឺ នៅក្នុងសភាអ៊ឺរ៉ុប ជុំវិញសេចក្ដីសម្រេច របស់ខ្លួនឬទេ?
សមាជិក​សភា​អ៊ឺរ៉ុប​សួរ​ពន្លឿន ឲ្យ​អ៊ឺរ៉ុប​ដាក់​ទណ្ឌកម្ម​ក្រុង​ភ្នំពេញ
ពីឆ្វេងទៅស្ដាំ៖ លោក «Ramon TREMOSA i BALCELLS» សមាជិកសភាអ៊ឺរ៉ុប និងលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 22, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះភាពស្ងៀមស្ងាត់ របស់គណៈកម្មការអ៊ឺរ៉ុប រាប់ចាប់តាំងពីប្រតិកម្មចុងក្រោយបំផុត របស់ស្ថាប័ននេះ ទៅនឹងការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស នៅកម្ពុជា ថ្ងៃទី២៩ ខែកក្កដានោះមក សមាជិកសភាអ៊ឺរ៉ុបមួយរូប បានសម្រេចចិត្តធ្វើប្រតិកម្ម នៅថ្ងៃនេះ ដោយចោទសួរទៅកាន់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខ ជុំវិញការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» របស់សហភាពអ៊ឺរ៉ុប ដែលជាវិធានការឆ្លើយតប ជាយថាហេតុ ទៅនឹងការរំលោភសិទ្ធិមនុស្ស និងការធ្វើឲ្យខូចខាត ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក «Ramon Tremosa i Balcells» តំណាងរាស្ត្រអ៊ឺរ៉ុប មកពីប្រទេសអេស្ប៉ាញ បានចោទសួរ នូវសំណួរចំនួនពីរ ដើម្បីចង់ដឹង ពីការសម្រេចចិត្ត របស់គណៈកម្មការអ៊ឺរ៉ុប នៅចំពោះការបោះឆ្នោតជាតិ នៅកម្ពុជា និងជាពិសេស ពីសេចក្ដីសន្និដ្ឋាន របស់បេសកកម្មស្វែងរកការពិត របស់ក្រុមប្រតិភូពិសេស នៃសហភាពអ៊ឺរ៉ុប កាលពីដើមខែកក្កដា ទាក់ទងនឹងកាតព្វកិច្ច របស់ប្រទេសកម្ពុជា ក្នុងការឆ្លើយតបនឹងលក្ខខណ្ឌទាំងឡាយ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «EBA» របស់សហភាពអ៊ឺរ៉ុប។ 

អត្ថបទចោទសួរ របស់សមាជិកសភាអ៊ឺរ៉ុបខាងលើ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន កាលពីពេលមុននេះបន្តិច បានសរសេរថា ស្ថាប័នរៀបចំការបោះឆ្នោត ដែលគ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា មានឈ្មោះថា «NEC» បានលួចបន្លំឈ្មោះពលរដ្ឋ ប្រមាណជា២លានសម្លេង ដែលមិនបានចេញទៅបោះឆ្នោត ដើម្បីបំប៉ោងភាគរយ នៃពលរដ្ឋអ្នកចេញទៅបោះឆ្នោត ឲ្យបានរហូតដល់ទៅ ៨៣% ក្នុងពេលដែលមានការហាមឃាត់ គណបក្សប្រឆាំងតែមួយគត់ ឈ្មោះ «CNRP» មិនឲ្យចូលរួមការបោះឆ្នោត។

«គ.ជ.ប បានបាញ់ព្រួញមួយ ត្រូវបានចាបពីរ»

លោកតំណាងរាស្ត្រអ៊ឺរ៉ុប បានសរសេរថា គ.ជ.ប បានបាញ់ព្រួញមួយ ត្រូវបានចាបពីរ៖ ក្រៅពីបំប៉ោងតួលេខ អ្នកចេញទៅបោះឆ្នោត រហូតដល់ទៅ ២លានសម្លេង ដើម្បីឲ្យគេឯងមើលឃើញថា អ្នកចេញទៅបោះឆ្នោត មានអាត្រាដល់ទៅ ៨៣% នោះហើយ គ.ជ.ប នៅបានប្រើប្រាស់សម្លេងឆ្នោតក្លែងក្លាយនេះ ក្នុងការផ្ដល់សម្លេង ទៅឲ្យគណបក្សប្រជានកម្ពុជា ដើម្បីធ្វើឲ្យគេឯងមើលឃើញថា គណបក្សកាន់អំណាច ឈ្នះការបោះឆ្នោត ភ្លូកទឹកភ្លូកដី។

លោក «Ramon Tremosa i Balcells» បានសរសេរថា៖ «គណបក្សប្រជាជនកម្ពុជា បានឈ្នះកៅអីសភា ទាំង១២៥ លើ១២៥ ដែលជាជ័យជំនះមួយ ដូចគ្នា ១០០% ទៅនឹងជ័យជំនះនៃការបោះឆ្នោត ក្នុងប្រទេសកុម្មុយនីស្ដិ៍ ឬប្រទេសផ្ដាច់ការនានា។ តែបើយើង ដកសន្លឹកឆ្នោតបំប៉ោង ២លានសម្លេងចេញ សម្លេងឆ្នោតដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានចំនួនតែ ២៩% នៃបញ្ជីឈ្មោះពលរដ្ឋសរុប ដែលមានសិទ្ធិបោះឆ្នោតប៉ុណ្ណោះ។»។

ខាងក្រោមនេះ ជា​សំណួរទាំងពីរ របស់លោក «Ramon Tremosa i Balcells»៖

១) តើនៅពេលណា ទើបគណៈកម្មការអ៊ឺរ៉ុប បញ្ចេញជាសាធារណៈ នូវរបាយការណ៍ របស់បេសកកម្មស្វែងរកការពិត របស់ក្រុមប្រតិភូពិសេស នៃសហភាពអ៊ឺរ៉ុប កាលពីដើមខែកក្កដា?

២) តើគណៈកម្មការអ៊ឺរ៉ុប នឹងយល់ព្រមបង្ហាញ ពីរបាយការណ៍ខ្លួននេះឬទេ នៅចំពោះគណៈកម្មការកិច្ចការបរទេស ពាណិជ្ជកម្ម និងការងារ របស់​សភា​អ៊ឺរ៉ុប?

សំនួររបស់សមាជិកសភាអ៊ឺរ៉ុប ជាលក្ខណៈផ្ទាល់ខ្លួន និងជាក្រុម ពីបញ្ហាកម្ពុជា តែងត្រូវបានសួរជាញយដង ទៅគណៈកម្មការអ៊ឺរ៉ុប (ឬហៅបែបផ្សេង ជានីតិប្រតិបត្តិ របស់​សហភាពអ៊ឺរ៉ុប) ហើយក៏តែងទទួលបានចម្លើយ ពីតំណាង​របស់​គណៈកម្មការ​អ៊ឺរ៉ុប​មក​វិញ​ដែរ ជាពិសេសចម្លើយ ពីសំណាក់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) ដែលត្រូវបាន​ហៅយ៉ាងខ្លី ថាជាប្រមុខ​ការទូតអ៊ឺរ៉ុប។ 

ចម្លើយរបស់អ្នកស្រី ម៉ូហ្គេរីនី ដែលធ្វើឡើង ចុងក្រោយគេបំផុត គឺចម្លើយកាលពីថ្ងៃ​ទី៣ ខែកក្កដា ឆ្នាំ២០១៨​។ អត្ថបទជាលាយលក្ខណ៍អក្សរ របស់ប្រមុខការទូតអ៊ឺរ៉ុប នៅពេលនោះ បានសង្កត់ធ្ងន់ពី​សេចក្ដីសន្និដ្ឋាន​របស់ក្រុមប្រឹក្សាអ៊ឺរ៉ុប ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលព្រមាន​របប​ដឹកនាំ​ក្រុង​ភ្នំពេញថា «ប្រសិនជាស្ថានភាព មិនមានភាពប្រសើរ ឡើងវិញទេ ក្រុមប្រឹក្សាអ៊ឺរ៉ុបនឹងចាត់វិធានការ ដោយផ្ទាល់ និងចំទិសដៅ ដ៏សំខាន់ៗជាច្រើន» ហើយ «ទទូចជាថ្មី ឲ្យមានការដោះលែង លោក កឹម សុខា ភ្លាម» និងអំពាវនាវ ទៅអាជ្ញាធរកម្ពុជា ឲ្យ«លប់ចោលជាបន្ទាន់ នូវការការសម្រេចរំលាយគណបក្ស សង្គ្រោះជាតិ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...