អ្នកម្នាង​ទទួល​មរណភាព ខណៈ​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ ត្រូវ​​សង្គ្រោះ​បន្ទាន់

អ្នកម្នាង អ៊ុក ផល្លា ព្រះជាយារបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានទទួលមរណភាពហើយ កាលពីប៉ុន្មានម៉ោងមុននេះ ខណៈព្រះអង្គម្ចាស់ ជាព្រះស្វាមី ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីយកមកសង្គ្រោះជាបន្ទាន់ នៅឯរាជធានី ភ្នំពេញ។ ព្រះអង្គម្ចាស់ និងអ្នកម្នាង បានរងគ្រោះថ្នាក់ចរាចរណ៍ ដ៏ធ្ងន់ធ្ងរមួយ កាលពីព្រឹកម៉ិញ នៅក្នុងខេត្ត ព្រះសីហនុ។
អ្នកម្នាង​ទទួល​មរណភាព ខណៈ​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ ត្រូវ​​សង្គ្រោះ​បន្ទាន់
ទិដ្ឋភាពរថយន្ដ ដែលរងគ្រោះថ្នាក់ (រូបថតនគរបាលជាតិ) និងអ្នកម្នាង អ៊ុក ផល្លា ព្រះជាយារបស់ព្រះអង្គម្ចាស់នរោត្ដម រណឫទ្ធិ (រូបថតលើហ្វេសប៊ុក)។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 17, 2018
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះជាយារបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ គឺអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព នៅវេលាម៉ោងជាង ១២ ថ្ងៃទី១៧ ខែមិថុនានេះ បន្ទាប់ពីមិនអាចទ្រាំទ្រ នឹងមុខរបួសដ៏ធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីព្រឹកថ្ងៃដដែល ក្នុងចំណុច ភូមិ​អូរ​តា​សេក​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ក្នុងចន្លោះគីឡូម៉ែត្រ លេខ២០០-២០១។ នេះ បើតាមប្រភពជាច្រើន ស្និតនឹងព្រះរាជវាំងខ្មែរ បានអះអាងឲ្យដឹង កាលពីប៉ុន្មានម៉ោងមុន។

របាយការណ៍នគរបាលខេត្ត ដែលត្រូវបានដកស្រង់ យកមកចុះផ្សាយ ដោយគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា រីឯព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលរងរបួសធ្ងន់ធ្ងរដែរនោះ ត្រូវបាន​ដឹកតាមឧទ្ធម្ភាគចក្រ ដើម្បីយកមក​សង្គ្រោះ​ជា​បន្ទាន់ នៅឯមន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ។

ប្រភពពីនគរបាល​ខេត្ត បានអះអាងថា អ្នកម្នាងបានផុតដង្ហើម តាំងពីនៅខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានដឹកមកភ្នំពេញ តាមឧទ្ធម្ភាគចក្រ ជាមួយនឹងព្រះស្វាមី ដែលទ្រង់​សន្លប់ស្ដូកស្ដឹង។

របាយការណ៍នគរបាល បានអះអាងថា ហេតុការណ៍​នៃគ្រោះថ្នាក់​ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ៨ និង ៥នាទី បង្កឡើង​ដោយរថយន្តឈ្នួល ប្រភេទ​ «HIGHLANDER»​ ពណ៌​ ទឹកប្រាក់​មួយ​គ្រឿង។

របាយការណ៍នោះ​បានបញ្ជាក់ថា រថយន្ដឈ្នួលខាងលើ ដែលដឹក​ភ្ញៀវ ​ចំនួន​៤​នាក់​ផង បានបើកក្នុងទិសដៅ ពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅរាជធានី ​ភ្នំពេញ​ លុះដល់​ចំណុច​ខាងលើ ​ក៏​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ បុក​រថយន្ត​មួយ​គ្រឿង​ ប្រភេទ BMW​ ដែលបើកបរ ក្នុងទិសដៅផ្ទុយគ្នា និងដែលមានព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ និងព្រះជាយា ទ្រង់គង់នៅក្នុងនោះ។

ប្រភពខ្លះទៀត បានអះអាងថា រថយន្ដឈ្នួល បានជែងរថយន្ដមួយ តែជែងមិនផុត ក៏មកប៉ះជាមួយរថយន្ដព្រះអង្គម្ចាស់ ពេញមួយទំហឹងតែម្ដង។

ក្រៅពីព្រះអង្គម្ចាស់ និងអ្នកម្នាង នៅមានមនុស្ស៧នាក់ទៀត ក៏បានរងរបួសដែរ តែទំនងជាមិនប៉ះពាល់ ដល់ជីវិតទេ។

ប្រភព ពីមន្ត្រីគណបក្ស បានបញ្ជាក់ថា ក្នុងព្រឹកនេះ ព្រះអង្គម្ចាស់ និងព្រះជាយា ទ្រង់មានគម្រោង យាងដំណើរ​​ចុះ​ទៅ​ជួប​សំណេះ​សំណាល​ ជាមួយ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ នៅ​ឯ​ខេត្ត​កំពត និង​បន្ត​ដំណើរ​ ទៅ​ខេត្ត​ព្រះសីហនុ។ កាលពីឆ្នាំ២០១៥ ព្រះអង្គម្ចាស់ និងអ្នកម្នាង ធ្លាប់បានរងរបួសដ៏ធ្ងន់ធ្ងរម្ដងហើយ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ប្រហាក់ប្រហែលគ្នា នៅខណៈពេលត្រឡប់ ពីជួបអ្នកគាំទ្រ ក្នុងខេត្តកំពង់ចាមរួច។

មរណភាពរបស់អ្នកម្នាង អ៊ុក ផល្លា ត្រូវបានយកមកចុះផ្សាយ ដោយទំព័រហ្វេសប៊ុក «Royal du Cambodge» ដែលឧស្សាហ៍បង្ហោះពីព្រះរាជកិច្ច មុននឹងត្រូវបានចែករំលែក ដោយក្រុមអ្នកមានសមានចិត្ត រាប់ពាន់នាក់​បន្តទៀត។ ទំព័រហ្វេសប៊ុកដដែល​ នៅបានបួងសួង សូមឲ្យព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ បានរួចចាកផុត ពីគ្រោះថ្នាក់ផងទាំងពួង៕

 

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...