ភរិយា កែម ឡី ទោមនស្សនឹងការបង្កើតគណបក្ស កែម ឡី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៥ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 25, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្ញុំមិនសប្បាយចិត្តទេ ដែលឮថា [មានការ]បង្កើតគណបក្ស កែម ឡី» នេះ ជាការអះអាងឡើង របស់ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា នៅចំពោះការប្រកាសរបស់លោក កែម រិទ្ធិសិត ប្អូនប្រុសលោក កែម ឡី ក្នុងការបង្កើតគណបក្សមួយ ដាក់ឈ្មោះបងប្រុសរបស់លោក ដែលត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ កាលពីខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលត្រូវបានប្រព័ន្ធឃោសនា ស្និតរដ្ឋាភិបាលកម្ពុជា យកមកផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ បានឲ្យដឹងថា លោក កែម រិទ្ធិសិត បានបញ្ជាក់ពីគោលបំណង នៃការបង្កើតគណបក្សនេះ គឺដើម្បី«យកទស្សនទានល្អៗ របស់លោកបណ្ឌិត ទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ»។
ប្អូនប្រុសលោក កែម ឡី រូបនេះ ដែលមិនអាចស្វែងរកជួប ដើម្បីសុំប្រតិកម្មដោយផ្ទាល់នោះ បានសរសេរនៅក្នុងលិខិតនោះទៀតថា៖ «ការបង្កើតគណបក្ស កែម ឡី ស្របតាមច្បាប់ គឺដើម្បីទប់ស្កាត់ ដល់ក្រុមជ្រុលនិយមមួយចំនួន [ដែល]តែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយ ដើម្បីបម្រើមហិច្ឆតារបស់ពួកគេ ជារៀងរាល់ថ្ងៃ»។
ប៉ុន្តែសម្រាប់អ្នកស្រី ប៊ូ រចនា វិញ បានបដិសេធពីគំនិតបង្កើតគណបក្សនេះ។ អ្នកស្រីបានផ្ដល់បទសម្ភាស តាមរយៈវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសៅរ៍ ដោយពន្យល់ថា លោក កែម ឡី មិនដែលមានគំនិត បង្កើតគណបក្សដើម្បីដណ្ដើមអំណាចអ្វីឡើយ។ ភរិយាមេម៉ាយ បានថ្លែងថា៖ «ស្វាមីខ្ញុំ មិនដែលមានគំនិតមួយ ថាបង្កើតជាគណបក្សអីទេ។ អញ្ចឹង ខ្ញុំអត់សប្បាយចិត្តទេច៎ា!»។
ការប្រកាសបង្កើតគណបក្សនយោបាយ ពីសំណាក់លោក កែម រិទ្ធិសិត នេះ ក៏មិនមានការដឹងឮ ពីម្ដាយលោក កែម ឡី និងបងប្អូនដទៃទៀតនោះដែរ។ អ្នកស្រី កែម ថាវី ដែលជាបងស្រីលោក កែម ឡី បានលើកឡើងថា អ្នកស្រីមិនចង់ឲ្យប្អូនប្រុស (លោក កែម រិទ្ធិសិត) ចូលរួមក្នុងសកម្មភាពនយោបាយនោះទេ ដោយព្រួយបារម្ភពីសុវត្ថិភាព។
អ្នកស្រី កែម ថាវី បានបញ្ជាក់ទៀតថា លោក កែម រិទ្ធិសិត បានចេញពីផ្ទះ តាំងពីយប់ម្សិលម្ងៃ ហើយមកទល់នឹងរសៀលថ្ងៃម្សិលម៉ិញនេះ នៅមិនទាន់ឃើញ វិលត្រឡប់មកផ្ទះវិញនៅឡើយ ខណៈទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។
ចំពោះក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមវិញ បានសំដែងប្រតិកម្មចម្រុះ ទាក់ទងនឹងហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ។ មួយផ្នែក បានគាំទ្រឲ្យបង្កើតគណបក្សនេះ ដោយពួកគេយល់ថា ជាសិទ្ធិពលរដ្ឋ នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលពលរដ្ឋអាចបង្កើតគណបក្សនយោបាយ ដើម្បីធ្វើការប្រកួតប្រជែង ក្នុងការបោះឆ្នោតបាន។ មួយផ្នែកទៀត បានជំទាស់ ដោយពន្យល់ថា ការបង្កើតគណបក្ស កែម ឡី នៅក្នុងកាលៈទេសៈនេះ គ្រាន់តែជាបង្អែម បន្ថែមរស់ជាតិ សម្រាប់ការបោះឆ្នោតជាតិខាងមុខ ដើម្បីជាការល្អមើលប៉ុណ្ណោះ និងមានន័យស្មើនឹងសម្លាប់ឈ្មោះលោក កែម ឡី ទៅវិញ។
តែអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនផ្សេង បាននឹកឃើញ ទៅដល់មាត្រា ១១ ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលទើបនឹងត្រូវបានធ្វើវិសោធនកម្ម ដោយរដ្ឋសភាដែលចូលរួមប្រជុំ តែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗ។ ពួកគេបានពន្យល់ថា ការដាក់ឈ្មោះគណបក្ស កែម ឡី ដូច្នេះ មិនអាចធ្វើទៅរួចទេ ដោយសារតែច្បាប់កែថ្មីនេះ មិនអនុញ្ញាតឲ្យដាក់ឈ្មោះគណបក្ស ជាឈ្មោះវ័ន្ដបុគ្គលនោះឡើយ៕