ISIS ប្រកាសទទួលស្គាល់ការផ្ទុះអាវុធកណ្ដាល ប៉ារីស មុននេះ
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២០ មេសា ២០១៧
- កែប្រែចុងក្រោយ: April 21, 2017
- ប្រធានបទ: ភេរវកម្មប៉ារីស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នគរបាលបារាំងម្នាក់ បានស្លាប់ និងពីរនាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះអាវុធមួយ កាលពីវេលាម៉ោង ២១យប់ ថ្ងៃព្រហស្បត្តិ៍នេះ នៅលើមហាវិថីដ៏ល្បីឈ្មោះ «Champs-Elysées» នៃរដ្ឋធានីប៉ារីស ដែលសម្បូរដោយអ្នកទេសចរណ៍ និងហាងលក់ទំនិញ ដ៏ប្រណិតៗ។ ខ្មាន់កាំភ្លើង ត្រូវបាន«បង្ក្រាប» ដើម្បីការពារខ្លួន ពីសំណាក់កងកម្លាំង នៅនឹងកន្លែង។ នេះ បើតាមការប្រកាសឲ្យដឹង របស់ក្រសួងមហាផ្ទៃបារាំង នៅមុននេះបន្តិច។ ប្រភពពីនគរបាលយុត្តិធម៌បារាំង បានអះអាងបន្ថែមថា ជនខ្មាន់កាំភ្លើងបានស្លាប់ហើយ។
ប្រភពដដែលនោះ បានឲ្យដឹងបន្តថា៖ «ជនបង្កបានមកដល់ទីកន្លែងកើតហេតុ ដោយជិះរថយន្ដ។ នៅពេលចុះពីរថយន្ដ ជននេះបានបើកការបាញ់រះ ទៅលើរថយន្ដនគរបាល ដែលមានដឹកនគរបាល ដោយប្រើកាំភ្លើងស្វ័យប្រវត្តិ បណ្ដាលឲ្យនគរបាលម្នាក់ បានបាត់បង់ជីវិត ហើយបានបន្តការបាញ់សម្រុក ទៅលើកងកម្លាំងនគរបាលដទៃទៀត មុននឹងត្រូវបានបង្ក្រាប។»។
សង្កាត់ជុំវិញមហាវិថី ត្រូវបានហ៊ំព័ទ្ធ...
សង្កាត់ទាំងមូល ដែលស្ថិតនៅជុំវិញ នៃមហាវិថី «Champs-Elysées» ត្រូវបានហ៊ំព័ទ្ធជុំជិត ដោយកងកម្លាំងនគរបាល និងកងកម្លាំងអន្តរាគមន៍ពិសេស របស់អាជ្ញាធរបារាំង ដែលត្រូវបានបញ្ជូន ទៅដល់ភ្លាមៗ។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃបារាំង បានឲ្យដឹងទៀតថា៖ «ការត្រួតពិនិត្យ កំពុងប្រព្រឹត្តិទៅ ក្នុងនោះ មានទាំងប្រតិបត្តិការ ដោះគ្រាប់បែក ដែលអាជ្ញាធរសង្ស័យថា ទំនងជាមាននៅក្នុងរថយន្ដ របស់ខ្មាន់កាំភ្លើង»។ ប្រភពផ្សេងទៀតពីនគរបាល បានអះអាងថា ខ្មាន់កាំភ្លើងទំនងជាមានគ្នាម្នាក់ទៀត ហើយការតាមប្រម៉ាញ់ជនម្នាក់នេះ កំពុងធ្វើទៅ យ៉ាងស្វិតស្វាញ។
នេះជាការវាយប្រហារ ដែលបានកើតឡើង នៅបីថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីបារាំង ក្នុងថ្ងៃអាទិត្យ ទី២៣ ខែមេសា ខាងមុខនេះ។ ការផ្ទុះអាវុធ បានបង្កឲ្យមានការភ័យរន្ធត់ ជាទូទៅ សម្រាប់បណ្ដាអ្នកទេសចរណ៍ ដែលតែងមកដើរកំសាន្ដ នៅលើមហាវិថីនេះ ដែលពោរពេញ ដោយការតុបតែងរចនា ដោយភ្លើងភ្លឺចិញ្ចាចចិញ្ចែង។ ភោជនីយដ្ឋានមួយចំនួន បានជម្លៀសអតិថិជនរបស់ខ្លួន ទៅលាក់ខ្លួន នៅក្នុងបន្ទប់ក្រោមដី បន្ទាប់ពីបានឮស្នូរ គ្រាប់កាំភ្លើង។
ក្រុមរដ្ឋអ៊ីស្លាម ចេញមុខទទួលស្គាល់...
ការវាយប្រហាវនេះ ក៏មិនចាំបាច់ប្រើពេលច្រើន ដើម្បីដឹង ពីអ្នកទទួលខុសត្រូវនោះដែរ។ នៅប៉ុន្មានម៉ោងក្រោយការកើតហេតុ ទីភ្នាក់ងារ «Amaq» ដែលជាអង្គភាពឃោសនា របស់អង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) បានចេញមុខ មកប្រកាសទទួលស្គាល់ ថាជាទង្វើរបស់ក្រុមខ្លួន និងបានបង្ហាញ ពីអត្តសញ្ញាណ នៃខ្មាន់កាំភ្លើង ថាមានឈ្មោះ «Abu Youssef al Belgiki» មកពីប្រទេសប៊ែលហ្សិក។
ប៉ុន្តែការប្រកាសទទួលស្គាល់នេះ នៅមិនទាន់ត្រូវបានបញ្ជាក់ ដោយអាជ្ញាធរបារាំងនៅឡើយ ខណៈការស៊ើបអង្កេត ទៅលើហេតុការណ៍ខាងលើ ត្រូវបានចាត់ឲ្យការិយាល័យប្រឆាំងភេរវកម្ម នៃរដ្ឋធានីប៉ារីស ជាអ្នកទទួលបន្ទុក៕
Coming back from a run, Champs Elysées is a mess.. #paris pic.twitter.com/CTwRuqDCAQ
— Ralph (@vanderpauw) 20 avril 2017