សត្រូវ​ធំ​ជាង​គេ​របស់​អ៊ឺរ៉ុប ដែល​ជា​ជន​សង្ស័យ​ក្នុង​ភេរវកម្ម​នៅ​ប៉ារីស ត្រូវ​បាន​ចាប់​ខ្លួន

សត្រូវធំជាងគេរបស់អ៊ឺរ៉ុប ដែលជាជនសង្ស័យ ថាជាមេក្លោង​នៅក្នុងព្រឹត្តិការណ៍ភេរវកម្ម កណ្ដាល​រដ្ឋធានី​ប៉ារីស កាល​ពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកាកន្លងទៅ ត្រូវបានចាប់ខ្លួនទាំងរស់ហើយ កាលពីរសៀលថ្ងៃសុក្រ ក្នុង​រាជធានី ប៊្រុយសែល នៃ​ប្រទេស​ប៊ែលហ្សិក។ កងកម្លាំងប្រឆាំងឧក្រិដ្ឋកម្ម របស់រាជាណាចក្រ ដែល​ស្ថិត​នៅ​ជា​បេះដូង​របស់​អ៊ឺរ៉ុប បាន​បើក​យុទ្ធនាការ តាមប្រម៉ាញ់ជននេះ តាំងពីប៉ុន្មានថ្ងៃមកហើយ រហូតចាប់ខ្លួន​បាន​ជា​ស្ថាពរ រួម​ជាមួយ​មនុស្ស​មួយ​ចំនួន​ទៀត។
សត្រូវ​ធំ​ជាង​គេ​របស់​អ៊ឺរ៉ុប ដែល​ជា​ជន​សង្ស័យ​ក្នុង​ភេរវកម្ម​នៅ​ប៉ារីស ត្រូវ​បាន​ចាប់​ខ្លួន
សាឡាហ៍ អាបដេស្លាម ជនសង្ស័យចុងក្រោយ ដែលទាក់ទងការ​ធ្វើភេរវកម្ម​នៅប៉ារីស ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានចាប់ខ្លួនទាំងរស់។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៨ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 19, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីបំផុត សត្រូវដ៏ធំជាងគេ​របស់អ៊ឺរ៉ុប និងជាជនសង្ស័យចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ភេរវកម្ម ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង ត្រូវបានចាប់ខ្លួន«ទាំងរស់»ហើយ បន្ទាប់ពីរង​ការ​តាម​ប្រម៉ាញ់ អស់រយៈពេល ១២៥ថ្ងៃ។ នៅពេលចាប់ខ្លួន ក្នុងសង្កាត់ ម៉ូឡង់ប៊ិច (Molenbeek - ស្ថិតនៅ​ជុំវិញ​រាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក) កាលពីល្ងាចថ្ងៃសុក្រទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១៦និង​៤០នាទី ជននេះបានរងរបួសត្រង់ជើង ដែលបណ្ដាលមកពីការបាញ់តបតរគ្នា ជាមួយនឹងកងកម្លាំង​អាជ្ញាធរ។ ជននេះ មានឈ្មោះ សាឡាហ៍ អាបដេស្លាម (Salah Abdeslam) មានសញ្ជាតិបារាំង តែកើតនៅ​ក្នុង​ប្រទេស​ប៊ែលហ្សិក ពីត្រកូលដែលមានដើមកំណើត ជាជនជាតិម៉ារុក មកពីប្រទេសអាល់ហ្សេរី។

បើតាមអ្នកនាំពាក្យ នៃស្ថាប័នព្រះរាជអាជ្ញាសហព័ន្ធ របស់ប្រទេសប៊ែលហ្សិក បានថ្លែងឲ្យដឹង​នៅ​វេលា​យប់​ឡើងថា អាជ្ញាធរបានធ្វើការចាប់ខ្លួន ជន៤នាក់ទៀត ដែលរងការសង្ស័យ​ថា បានឃុបឃិតជាមួយនឹង សាឡាហ៍ អាបដេស្លាម។ ម្នាក់ពីក្នុងចំណោមនោះ ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធដែរ ទៅនឹង​ភេរវកម្ម​កណ្ដាល​រដ្ឋធានីប៉ារីស ថ្ងៃទី១៣ ខែវិច្ឆិកា ហើយបានរងរបួសជើងដូចគ្នា។ ជនសង្ស័យដែលរង​របួស​ទាំង​នេះ ត្រូវ​បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ។

» សេចក្ដីរាយការណ៍ ពីការចាប់ខ្លួនជនសង្ស័យ​ចុងក្រោយ នៃភេរវកម្ម​ថ្ងៃទី១៣ ខែវិច្ឆិកា កណ្ដាល​រដ្ឋធានី​ប៉ារីស៖

ចាប់បញ្ជូនខ្លួនមកបារាំង ឲ្យបានឆាប់...

ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដែលមានវត្តមានស្រាប់ នៅក្នុងរាជធានី ប្រ៊ុយសែល ដើម្បីចូលរួមក្នុងជំនួបអ៊ឺរ៉ុប ស្ដីពីវិបត្តិជនភៀសខ្លួននោះ បានចូលរួមធ្វើសន្និសីទការសែតភ្លាមៗ ជាមួយនឹងនាយករដ្ឋមន្ត្រីប៊ែលហ្សិក ដោយបានថ្លែងអបអរ កងកម្លាំងអាជ្ញាធររបស់ប្រទេសប៊ែលហ្សិក ជុំ​វិញ​ការចាប់ខ្លួននេះ ហើយសង្ឃឹមថា ប្រទេសប៊ែលហ្សិក​នឹងធ្វើការចាប់បញ្ជូនខ្លួន សាឡាហ៍ អាបដេស្លាម មក​កាន់​ប្រទេសបារាំង ក្នុងពេលឆាប់ៗខាងមុខ។

រំលឹករឿងរ៉ាវអង្កេត ដូចសម្លកំពិស...

នគរបាលបានចាប់ដានចុងក្រោយ​របស់ សាឡាហ៍ អាបដេស្លាម ថាបានជិះរថយន្ដ ឆ្លងពីប្រទេសបារាំង ចូល​ទៅក្នុង​ប្រទេសប៊ែលហ្សិក ជាមួយ​មិត្ត​ភ័ក្រ​ម្នាក់ នៅមួយថ្ងៃបន្ទាប់ពីភេរវកម្ម កណ្ដាលរដ្ឋធានីប៉ារីស ដែល​ប្រកាស​ទទួលស្គាល់ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​​ហៅ​ ISIS) ។ ប៉ុន្តែបន្ទាប់ពីពេលនោះមក ក៏បាត់ដំណឹងសូន្យ​ឈឹងតែម្ដង។ រហូតមកទល់នឹងថ្ងៃអង្គារ ទី១៦ ខែមីនា ដើម​សប្ដាហ៍នេះ ទើបអាជ្ញាធរប៊ែលហ្សិក​​បានរកឃើញ ស្នាមក្រយ៉ៅដៃរបស់ សាឡាហ៍ អាបដេស្លាម នៅ​ក្នុង​គេហដ្ឋាន​មួយ ដែលអាជ្ញាធរបានសំរុក ចូលទៅឆែកឆេរ។ នៅពេលនោះ កងកម្លាំង​ប៊ែលហ្សិក បាន​​បាញ់​​សម្លាប់​​ជន​តដៃ​ម្នាក់ និងបានដឹងថា មានជនពីរនាក់ទៀត បានរត់គេចខ្លួនរួច ពីការឆែកឆេររបស់នគរបាល។

អាជ្ញាធរប៊ែលហ្សិក បានឲ្យដឹងទៀតថា ជនម្នាក់​ដែលបានស្លាប់នោះ មានឈ្មោះពិត «Mohamed Belkaïd» តែអាច​មាន​ឈ្មោះ​​ក្លែងបន្លំមួយទៀត ហៅថា «Samir Bouzid»។ ជននេះ និងជនម្នាក់ទៀត ដែលកំពុង​ត្រូវ​បាន​ស្វែង​រក​ចាប់ខ្លួនដែរ អាចមានតួនាទីយ៉ាងសំខាន់ និងជាអ្នកនៅពីក្រោយ «ភេរវកម្មដ៏រង្គាល» កណ្ដាល​រដ្ឋធានី​​ប៉ារីស ដែលបានធ្វើឲ្យ​មនុស្ស​១៣០នាក់ស្លាប់ និងច្រើនរយនាក់រងរបួស។

បណ្ដាញភេរវកម្ម ពេញផ្ទៃអ៊ឺរ៉ុប...

បើតាមសារព័ត៌មានក្នុងស្រុក បានរាយការណ៍បន្ថែមថា ជនទាំងពីរនាក់ចុងក្រោយនេះ រួមនឹង សាឡាហ៍ អាបដេស្លាម ផង ត្រូវបានឃើញមានវត្តមាន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ នៅនឹងព្រំដែន​រវាង​ប្រទេស អូទ្រីស និងប្រទេសហុងគ្រី។ សារព័ត៌មាន «RTBF» របស់ប៊ែលហ្សិក បានសរសេរថា៖ «គឺ សាឡាហ៍ អាបដេស្លាម ខ្លួនឯង ជាអ្នកបើករថយន្ដធុន ម៉ែកសឺដេស (Mercedes) ទៅយកជនទាំងពីរនាក់នេះ ពី​ប្រទេស​ហុងគ្រី។ អ្នកទាំងបី ត្រូវបានអាជ្ញាធរតំបន់ ធ្វើការត្រួតពិនិត្យ នៅតាមដងផ្លូវ ដែលចូលមកក្នុងទឹកដី នៃ​​ប្រទេស​អូទ្រីស។»

បណ្ដាញរបស់ក្រុមភេរវជន មានសភាពចាក់ស្រេះ ព្រោះក្នុងសំនុំរឿងដដែលនេះ ឈ្មោះ «Samir Bouzid» បាន​ធ្វើការផ្ទេរប្រាក់ចំនួន ៧៥០អ៊ឺរ៉ូ ទៅឲ្យស្ត្រីម្នាក់ ដែលត្រូវជាបងប្អូនជីដូនមួយ របស់ជនម្នាក់ទៀត ឈ្មោះ «Abdelhamid Abaaoud»។ ជនឈ្មោះ «Abdelhamid Abaaoud» ដែលជាប់សង្ស័យ ថាជាអ្នក​រៀបចំ​ដោយ​ផ្ទាល់ នូវភេរវកម្មថ្ងៃទី១៣ ខែ​វិច្ឆិកា ត្រូវបានបាញ់សម្លាប់ ជាមួយនឹងស្ត្រីបងប្អូនជីដូន​មួយរូបនោះ នៅ​ក្នុង​យុទ្ធនាការ​វាយសម្រុកមួយ របស់​កងកម្លាំងពិសេសបារាំង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា នាក្រុង ស៊ាំងឌឺនី (Saint-Denis) ស្ថិត​នៅ​ជាយក្រុង​ភាគ​ខាងជើង នៃរដ្ឋធានីប៉ារីស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...