ឥណ្ឌូនេស៊ីបង្ក្រាបគម្រោងភេរកម្ម ដែលត្រៀមធ្វើនៅថ្ងៃណូអែល
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២១ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 21, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនសង្ស័យ ឥស្លាមនិយមជ្រុល ចំនួនបីនាក់ ត្រូវបានសម្លាប់នៅក្នុងថ្ងៃពុធទី២១ ខែធ្នូនេះ នៅក្នុងតំបន់ជាយក្រុង នៃរដ្ឋធានី ចាការតា។ ប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម ដែលឈានទៅដល់បង្ក្រាបបាន នូវជនទាំងបីនាក់ បានរកឃើញគ្រាប់បែកជាច្រើន នៅក្នុងគេហដ្ឋាន របស់ជនសង្ស័យទាំងនេះ។ នេះ បើតាមការប្រកាសឲ្យដឹង របស់នគរបាលឥណ្ឌូនេស៊ី ដោយបានបញ្ជាក់បន្ថែមថា គម្រោងភេរវកម្មអត្តឃាតមួយ ដែលក្រុមនេះត្រូវវៀបចំធ្វើ នៅពេលបុណ្យណូអែល ឬបុណ្យគ្រឹស្មាស៍ ក្នុងប៉ុន្មានថ្ងៃខាងមុខ ត្រូវអាជ្ញាធរបំបែក បានជាស្ថាពរ។
ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំងនេះ បានបដិសេធមិនប្រគល់ខ្លួន ឲ្យនគរបាលឡើយ នៅពេលមានការឡោមព័ទ្ធ និងក្រោយមក មានការវាយសម្រុកចូល ពីសំណាក់កងកម្លាំងនគរបាល ទៅក្នុងគេហដ្ឋានរបស់ពួកគេ ដែលស្ថិតនៅក្នុងក្រុង «Tangerang» មានចំងាយប្រមាណជា២៥គីឡូម៉ែត្រ ខាងលិចរដ្ឋធានី ចាការតា។ ការបដិសេធនេះ បានបង្កឲ្យមានការផ្ទុះអាវុធឡើង។
អ្នកនាំពាក្យ របស់នគរបាលជាតិឥណ្ឌូនេស៊ី បានថ្លែងឲ្យដឹងដែរថា៖ «យើងបានស្នើទៅពួកគេទាំងបី ឲ្យអាជ្ញាធរចាប់ខ្លួន តែពួកគេបានបដិសេធ។ ម្នាក់ពីក្នុងនោះ បានគប់គ្រាប់បែកមួយគ្រាប់ មកកាន់នគរបាលថែមទៀត។ ប៉ុន្តែជាសំណាងល្អ គ្រាប់បែកនោះ មិនបានផ្ទុះទេ។ បន្ទាប់មក យើងបានតបតរទៅវិញ ដោយហ្មឺងម៉ាត់បំផុត។»។
គម្រោងធ្វើភេរវកម្មនេះ ត្រូវបានបែកធ្លាយ ដោយសារសមាជិកម្នាក់ របស់ក្រុមអ៊ីស្លាមនិយមជ្រុលទាំងនេះ ត្រូវបាននគរបាលចាប់ខ្លួន តាំងពីព្រឹកព្រហាម ថ្ងៃពុធដដែលនេះ ហើយសមាជិកម្នាក់នោះ បានបង្ហើបប្រាប់ ទៅអ្នកស៊ើបសួរ ពីគម្រោងការរបស់ជនសង្ស័យទាំងបី ក្នុងការរៀបចំអំពើភេរវកម្មអត្តឃាត នៅក្នុងតំបន់ដែលមានសម្បូរដោយមនុស្សមួយកន្លែង ក្នុងឱកាសបុណ្យណូអែល ឬបុណ្យគ្រឹស្មាស៍ខាងមុខ។
ប្រតិបត្តិការនៅថ្ងៃពុធនេះ បានធ្វើឡើងមិនដល់ពីរសប្ដាហ៍ផង ក្រោយការចាប់ខ្លួន ជនឥស្លាមនិយមជ្រុល ចំនួនបួននាក់ (ក្នុងនោះមានស្ត្រីម្នាក់) នៅក្នុងតំបន់ជាយក្រុង នៃរដ្ឋធានីចាការតា ដែលមានគម្រោងដាក់គ្រាប់បែក បំផ្ទុះប៉ុស្ដ៍យាមរបស់នគរបាល ប្រចាំនៅវិមានប្រធានាធិបតីឥណ្ឌូនេស៊ី។ នគរបាលបានអះអាងថា សមាជិកភាគច្រើននៃក្រុមនេះ ជាផ្នែកមួយ នៃបណ្ដាញឥស្លាមនិយមជ្រុល ដែលបានស្មោះស្ម័គ្រ បម្រើឲ្យក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។
កងកម្លាំងនគរបាលឥណ្ឌូនេស៊ី គឺទិសដៅដ៏សំខាន់បំផុត សម្រាប់ការវាយប្រហារ ពីសំណាក់ក្រុមឥស្លាមនិយមជ្រុល នៅក្នុងប្រទេសនេះ ឬមានជាប់ទាក់ទង នឹងបណ្ដាញភេរវនិយម មកពីក្រៅប្រទេស។ បញ្ហាដែលបង្កការព្រួយបារម្ភ ដល់អាជ្ញាធរមិនតិចដែរនោះ នៅត្រង់ថា ពលរដ្ឋឥណ្ឌូនេស៊ីជាច្រើនរយនាក់ បានធ្វើដំណើរទៅ«រួមស្ម័គ្រប្រយុទ្ធ» ជាមួយក្រុមរដ្ឋអ៊ីស្លាម នៅឯមជ្ឈឹមបូព៌ា ហើយពួកគេអាចនឹងមកបង្កើត ឲ្យមានជាអំពើភេរវកម្ម នៅក្នុងប្រទេសកំណើតរបស់ខ្លួន នៅពេលដែលពួកគេត្រឡប់មកវិញ៕