ISIS ព្រមានជាថ្មី៖ «សុបិន្ដអាក្រក់ទើបតែចាប់ផ្ដើមប៉ុណ្ណោះ»
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៦ មីនា ២០១៦
- កែប្រែចុងក្រោយ: March 27, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គេហទំព័រ របស់សារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃឈ្មោះ «Le Soir» នៅរាជាណាចក្រប៊ែលហ្សិក បានរាយការណ៍ថា អង្គការភេរវនិយមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) បានចេញមុខសារជាថ្មី កាលពីយប់ថ្ងៃសុក្រនេះ មកទទួលខុសត្រូវ លើការវាយប្រហារភេរវកម្មទាំងពីរកន្លែង ក្នុងរាជធានីប្រ៊ុយសែល។ ប៉ុន្តែការចេញមុខ មកទទួលខុសត្រូវលើកនេះ ធ្វើឡើងតាមរយៈវីដេអូចំនួនពីរ។ វីដេអូនោះ ក៏ត្រូវបានអ្នកជំនាញ ខាងការស្រាវជ្រាវ ពីបណ្ដាញភេរវនិយម លោក «Pieter Vanostaeyen» យកមកផ្សាយ នៅលើគេហទំព័រផ្ទាល់ខ្លួន របស់លោកដែរ។
នៅក្នុងវីដេអូទាំងនេះ ក្រុមសកម្មប្រយុទ្ធ របស់អង្គការភេរវនិយម បានលើកសរសើរមិនដាច់សូរ ពីការវាយប្រហារ នៅរាជធានី ប្រ៊ុយសែល ដែលធ្វើឲ្យមនុស្សស្លាប់ ៣១នាក់ និងរបួសជិត៣០០នាក់។ សកម្មជនប្រយុទ្ធពីរនាក់ ដែលនិយាយជាភាសាបារាំង បានទាមទារឲ្យកងកម្លាំងរបស់បស្ចឹមលោក ដកចេញពីប្រទេសស៊ីរី និងប្រទេសអៀរ៉ាក់។ ម្នាក់ពីក្នុងចំណោមនោះ បានថ្លែងឡើងថា៖ «អ្នកឯងប្រាប់ពួកគេទៅ ឲ្យដកយន្ដហោះចេញ! អ្នកឯងប្រាប់ពួកគេទៅ ឲ្យដកកងទ័ពចេញ! ហើយបន្ទាប់មក អ្នកឯងនឹងរស់នៅ ក្នុងសុខសន្តិភាព!»។
ការគម្រាមថ្មីទៀត...
ប៉ុន្តែ ក្រុមភេរវនិយមទាំងនេះ នៅមិនភ្លេចទេ នូវការគម្រាមថ្មីទៀត។ ជនម្នាក់ដដែលនោះ បានថ្លែងបន្តទៀតថា៖ «យើងមិនព្រមជាដាច់ខាត នូវការរស់នៅ ដែលស្ថិតក្រោមការចំអក ម៉ាក់ងាយ និងអោនក្បាល។ យើងអោនក្បាល នៅចំពោះ តែព្រះអាឡាហ៍មួយប៉ុណ្ណោះ។ ថ្ងៃនេះ បងប្អូនយុទ្ធជនរបស់យើង បានឲ្យអ្នកឯងភ្លក្ស នូវរសជាតិមួយ ដែលកើតចេញ ពីព្រឹត្តិការណ៍ដ៏ញាប់ញ័រ។ បេះដូងអ្នកឯង កំពុងលោតខុសចង្វាក់ ដោយសារភាពភ័យខ្លាច។ ហើយសុបិន្តអាក្រក់ ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ អ្នកឯងត្រូវដឹងថា អ្វីដែលនឹងកើតឡើង នៅពេលក្រោយ នឹងមានសភាពកាន់តែញាប់ញ័រជាងមុន។»
បុរសម្នាក់ទៀត បានជួយបន្ទរដែរថា៖ «អ្នកឯងទាំងអស់គ្នា កំពុងស្ថិតក្នុងសម័យកាលសង្គ្រាម។ ជាសម័យកាល ដែលឈាមនឹងហូរដាប នៅតាមផ្លូវដែលអ្នកឯងដើររាល់ថ្ងៃ។ ជាសម័យកាល ដែលអ្នកឯងនឹងឃើញ អ្នកដែលអ្នកឯងស្រឡាញ់បំផុត ស្លាប់នៅនឹងមុខអ្នកឯង។»៕
» ខាងក្រោមនេះ ជាវីដេអូទាំងពីរ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលទើបនឹងចេញមុខ មកទទួលខុសត្រូវសារជាថ្មី។ ប៉ុន្តែ វីដេអូនេះ មិនត្រូវឲ្យកុមារ ដែលមានអាយុក្រោយ១៦ឆ្នាំ និងមនុស្ស ដែលមានបញ្ហាខាងសុខភាព (ពិសេស បេះដូង និងខួរក្បាល) ទស្សនាឡើយ។