ឃាតកបាញ់ទូតរ៉ូស្ស៊ី ធ្លាប់ជាអង្គរក្សរបស់ប្រធានាធិបតីទួរគី
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៤ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 26, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងតួនាទីជាសមាជិកមួយរូប នៃកងកម្លាំងប្រឆាំងភេរវកម្ម របស់ប្រទេសទួរគី យុវជនឈ្មោះ «Mevlüt Mert Altintas» ដែលបានបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី កាលពីថ្ងៃចន្ទសប្ដាហ៍មុន ធ្លាប់ត្រូវបានបញ្ជូន ឲ្យមកទទួលភារកិច្ច ជាអ្នកការពារប្រធានាធិបតីទួរគី លោក «Recep Tayyip Erdogan» ចំនួន៨ដង។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មាន «Hürriyet» សរសេរដោយអ្នកសារព័ត៌មាន ឈ្មោះ «Abdulkadir Selvi។
ម្ចាស់អត្ថបទ លោក «Abdulkadir Selvi» ដែលជាអ្នកសារព័ត៌មាន មាននិន្នាការលំអៀង ទៅរដ្ឋាភិបាលទួរគីសព្វថ្ងៃ បានសរសេរអះអាងថា៖ «យុវជនរូបនេះ ជាសមាជិកម្នាក់ នៃកងកម្លាំងថែរក្សាសន្តិសុខ ជូនប្រធានាធិបតី ដែលស្ថិតនៅជួរទីពីរ បន្ទាប់ពីអង្គរក្សផ្ទាល់ របស់លោក»។
នៅក្រោយសកម្មភាព បាញ់សម្លាប់ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី លោក អង់ឌ្រៃ កាឡូវ (Andreï Karlov) រួច ភ្នាក់ងារនគរបាល វ័យ២២ឆ្នាំរូបនេះ បានស្រែកខ្លាំងៗថា «Allah Akbar (ព្រះអាឡាហ៍ធំធេងណាស់)» និងថា ខ្លួនចង់សងសឹកឲ្យប្រទេសស៊ីរី និងក្រុងអាឡិប មុននឹងត្រូវកងកម្លាំងប្រឆាំងភេរវកម្ម ដែលខ្លួនឯងធ្លាប់មានតួនាទីដែរនោះ បាញ់សម្លាប់ភ្លាមៗ នៅនឹងកន្លែង។
ការស្រែកប្រកាសរបស់យុវជន មានលក្ខណៈផ្ទុយពីការលើកឡើង របស់រដ្ឋាភិបាលក្រុងអង់ការ៉ា ដែលចាត់ទុករឿងវ៉ាវឃាតកម្មនេះ ថាបានកើតឡើង ក្រោមខ្សែញ៉ាក់ របស់បណ្ដាញក្រុមប្រឆាំងទួរគី ដឹកនាំដោយលោក «Fethullah Gülen» ដែលសព្វថ្ងៃ កំពុងរស់នៅភៀសខ្លួន នៅសហរដ្ឋអាមេរិក។ ប៉ុន្តែលោក «Gülen» បានបដិសេធ ពីការចោទប្រកាន់នេះ និងបានលើក ពីភាពសោកសៅរបស់លោក នៅចំពោះដំណឹង «ឃាតកម្ម» ទៅលើឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី។
យ៉ាងណា ក៏នៅពេលនេះ ការស៊ើបអង្កេតកំពុងធ្វើទៅ ពីសំណាក់ភ្នាក់ងារជំនាញ ចំនួន១៨នាក់ របស់ប្រទេសរ៉ូស្ស៊ី។ ប្រទេសទួរគីខ្លួនឯង ក៏បានយល់ព្រម ចូលរួមធ្វើការងារនេះ ជាមួយក្រុមអ្នកស៊ើបអង្កេតរ៉ូស្ស៊ីទាំងនោះដែរ។ កាលពីថ្ងៃពុធកន្លងទៅ អាជ្ញាធរទួរគី បានឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ ដែលភាគច្រើនសុទ្ធសឹង ជាសមាជិកគ្រួសារ របស់យុវជន «Mevlüt Mert Altintas»៕