បាល់ទាត់ពិភពលោក៖ កូឡំប៊ីបំបាក់ប៉ូឡូញ ឲ្យឆាប់ត្រឡប់ទៅផ្ទះវិញ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 26, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជិតចប់ហើយ! តែក៏ដូចជាចប់ដែរ សម្រាប់ក្រុម ប៉ូឡូញ ដោយគ្រាន់តែក្រុមនេះ នៅសល់ការប្រកួតស្ដារកិត្តិយសមួយទៀត ទល់នឹងក្រុម ជប៉ុន ក្នុងថ្ងៃព្រហស្បត្តិខាងមុខ។ ក្រុមជម្រើសជាតិ ប៉ូឡូញ បានរងការវាយបំបាក់ ០-៣ ឲ្យងើបមុខលែងរួច ដោយក្រុម កូឡំប៊ី ក្នុងការប្រកួតដ៏អស្ចារ្យមួយ សម្រាប់ជុំទីពីរ នៃវគ្គជម្រុះតាមពូល នាយប់ថ្ងៃអាទិត្យនេះ។
ក្រុមទាំងពីរ ដែលសម្បូរដោយកំពូលកីឡាករ មកពីក្រុមបាល់ទាត់អាជីពធំៗ នៅអ៊ឺរ៉ុបខាងលិច បានប្រកួតគ្នាយ៉ាងស្វិតស្វាញ តែក្រុម ប៉ូឡូញ មិនមានក្រឡាបាល់ ដែលអនុញ្ញាតឲ្យខ្សែប្រយុទ្ធរបស់ខ្លួន រកគ្រាប់បាល់បានឡើយ។ ម្យ៉ាងទៀត កង្វះប្រសិទ្ធិភាព និងកង្វះចិត្តធ្ងន់ របស់កីឡាករ ប៉ូឡូញ មួយចំនួន ក៏ជាហេតុបណ្ដាលឲ្យក្រុមជម្រើសជាតិខ្លួន ទទួលបរាជ័យដែរ។
ផ្ទុយទៅវិញ កីឡាករជាតិ កូឡំប៊ី ដ៏ល្បីៗ បានរកគ្រាប់បាល់ ឲ្យក្រុមជម្រើសជាតិខ្លួន បានជាបន្តបន្ទាប់៖
- នៅនាទីទី ៤០ ខ្សែការពាររបស់ក្រុម បាសឺឡូន កីឡាករ «Yerry Mina» បានប្រើក្បាលរុញគ្រាប់បាល់ចូលទី បន្ទាប់ពីទទួលបាល់ ពីស្លាបខាងស្ដាំ បញ្ជូលទៅឲ្យដោយ កីឡាករ ជេម រ៉ូឌ្រីហ្គេស (James Rodriguez) ដែលកំពុងទាត់ឲ្យក្រុម រៀលម៉ាឌ្រីត (តែត្រូវបានខ្ចី ដោយក្រុម បាយឺនម៉ូនិឆ)។
- នៅនាទីទី ៧០ ជាគ្រាប់បាល់ ដែលប្រើជើងឆ្កិះ របស់ខ្សែប្រយុទ្ធមកពីក្រុម ម៉ូណាកូ កីឡាករ រ៉ាដាមែល ហ្វាល់កាអូ (Radamel Falcao) បន្ទាប់ពីទទួលបាល់ ពីខ្សែបម្រើ កីឡាករ «Juan Fernando Quintero»។
- នៅនាទីទី ៧៥ ខ្សែប្រយុទ្ធក្រុម ជូវេនទូស កីឡាករ ជ័ន គូអាដ្រាដូ (Juan Cuadrado) បានបង្ហើយក្រុម ប៉ូឡូញ ដោយគ្រាប់បាល់ទីបី បន្ទាប់ពីទទួលបាល់ដ៏ល្អមួយ និងជាថ្មីទៀត ពីកីឡាករ ជេម រ៉ូឌ្រីហ្គេស។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ប៉ូឡូញ និងក្រុម កូឡំប៊ី៖
ជ័យជំនះក្នុងការប្រកួតជុំទីពីរខាងលើ បានផ្ដល់៣ពិន្ទុឲ្យក្រុម កូឡំប៊ី និងបើកផ្លូវឲ្យក្រុមនេះ ដើរឡើងទៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ដោយត្រូវទៅជួប នៅជុំចុងក្រោយ ទល់នឹងក្រុម សេណហ្គាល់ នាថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិថុនា ខាងមុខ។ ការប្រកួតជុំចុងក្រោយ ដែលកើតឡើងដូចគ្នា ក្នុងម៉ោងថ្ងៃតែមួយ ចំពោះក្រុម ជប៉ុន និងក្រុម ប៉ូឡូញ។
ខុសពីក្រុម ប៉ូឡូញ ដែលទទួលបរាជ័យពីរដង រកមិនបានមួយពិន្ទុសោះ និងដែលត្រូវបានផាត់ចេញ ជាស្ថាពរ ពីព្រឹត្តិការណ៍ពិភពលោកនោះ ក្រុមជម្រើសជាតិបីទៀត (ជប៉ុន សេណេហ្គាល់ និងកូឡំប៊ី) ត្រូវប្រើប្រាស់ការប្រកួតជុំចុងក្រោយនេះ ដើម្បីឆក់យកសំបុត្រឆ្លងវគ្គពីរសន្លឹក ឡើងទៅទាត់នៅវគ្គ ១ភាគ៨ ផ្ដាច់ព្រ័ត្រ។ ក្រុម កូឡំប៊ី ចាំបាច់ត្រូវឈ្នះការប្រកួត ឬបើលទ្ធផលស្មើ ត្រូវរង់ចាំមើលបរាជ័យ របស់ក្រុម ជប៉ុន ទល់នឹងក្រុម ប៉ូឡូញ។ ខណៈក្រុម សេណេហ្គាល់ និងក្រុម ជប៉ុន វិញ យកបានត្រឹមស្មើ នៅក្នុងការប្រកួតចុងក្រោយនេះ នឹងអនុញ្ញាតឲ្យក្រុមទាំងពីរ ឆ្លងវគ្គទៅលើបានហើយ៕