បាល់ទាត់ពិភពលោក៖ អ៊ុយរូហ្គាយយកបានលេខ១ ដោយឲ្យមេរៀនរ៉ុស្ស៊ី ៣-០
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៥ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 25, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានប្រកួតឈ្នះ លើក្រុម អារ៉ាប៊ី សាអ៊ូឌីត និងក្រុម អេហ្ស៊ីព ដោយគ្រាប់បាល់ដ៏ច្រើនរួច (០-៥, ១-៣) ក្រុមជម្រើសជាតិ រ៉ុស្ស៊ី បានដួលបះជើងនៅរសៀលនេះ ដោយត្រូវប៉ះ ក្នុងការប្រកួតជុំចុងក្រោយ នៃវគ្គជម្រុះតាមពូល ជាមួយក្រុម អ៊ុយរូហ្គាយ ដែលសម្បូរដោយកំពូលកីឡាករល្បីៗ មកពីក្រុមបាល់ទាត់អាជីពធំៗ នៅអ៊ឺរ៉ុបខាងលិច។ ក្រុម រ៉ុស្ស៊ី បានចាញ់ក្រុម អ៊ុយរូហ្គាយ ០-៣ ហើយខ្សែការពាររ៉ុស្ស៊ីម្នាក់ ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញ (កាត់លឿងពីរដង) នៅនាទីទី ៣៦ ថែមទៀត។
គ្រាប់បាល់ទាំងបី របស់ក្រុម អ៊ុយរូហ្គាយ រកបាននៅនាទីទី ១០ ដោយបាល់ពិន័យពីចំងាយ ទាត់ដោយកីឡាករ ល្វី ស្វារ៉េស (Luis Suarez) - នៅនាទីទី ២៦ ដែលជាគ្រាប់បាល់ ទាត់ចូលទីខ្លួនឯង ដោយកីឡាកររ៉ុស្ស៊ី «Denis Cheryshev» និងនៅនាទីទី ៩០ ដោយកីឡាករ អេឌីសុន កាវ៉ានី (Edison Cavani)។
» វីដេអូសង្ខេប នៃការប្រកួតជុំចុងក្រោយ រវាងក្រុម អ៊ុយរូហ្គាយ និងក្រុម រ៉ុស្ស៊ី៖
រីឯការប្រកួតមួយទៀត ក្នុងពូលដដែល ក្រុម អារ៉ាប៊ី សាអ៊ូឌីត បានយកឈ្នះ ២-១ លើក្រុមអេហ្ស៊ីព និងដណ្ដើមបាន ចំណាត់ថ្នាក់លេខ៣ នៅក្នុងពូល ខណៈក្រុមទាំងពីរ ត្រូវបានផាត់ចេញរួចរាល់ហើយ ពីព្រឹត្តិការណ៍ពិភពលោក។
» វីដេអូសង្ខេប នៃការប្រកួតជុំចុងក្រោយ រវាងក្រុម អារ៉ាប៊ីសាអ៊ូឌីត និងក្រុម អេហ្ស៊ីព៖
ក្រុម អ៊ុយរូហ្គាយ ដែលឈ្នះការប្រកួត បានឡើងយកចំណាត់ទីមួយ នៅក្នុងពូល ដែលពីមុនមក កាន់កាប់ដោយក្រុម រ៉ូស្ស៊ី។ ក្រុម អ៊ុយរូហ្គាយ នឹងត្រូវជួប នៅក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិ ដែលជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងពូល B ខណៈក្រុម រ៉ុស្ស៊ី វិញ នឹងត្រូវជួបជាមួយក្រុម ដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងពូល B ដដែល។
តែដើម្បីដឹងថា តើក្រុមណា នឹងមានចំណាត់ថ្នាក់លេខ១ ឬលេខពីរ (រវាងក្រុមទាំងបី៖ ព័រទុយហ្គាល់ អេស្ប៉ាញ និងអៀរ៉ង់) នៅក្នុងពូល B គេត្រូវរង់ចាំលទ្ធផល ដែលចេញពីការប្រកួតទាំងពីរ នៃជុំចុងក្រោយ ដែលប្រព្រឹត្តិទៅ ក្នុងប៉ុន្មានម៉ោងខាងមុខ (អេស្ប៉ាញ ទល់នឹង ម៉ារ៉ុក និង អៀរ៉ង់ ទល់នឹង ព័រទុយហ្គាល់)៕