អ៊ឺរ៉ូ២០១២៖ អ៊ីតាលីអោយរ៉ូស៊្សី អង្អែលពុកមាត់ ជាមួយពិន្ទុ៣-០
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: June 02, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនអាចនិយាយថា មិនភ័យបុកពោះនោះទេ នៅពេលដែល អ៊ីតាលី ដែលធ្លាប់ជា ម្ចាស់ពានរង្វាន់ពិភពលោក ត្រូវរ៉ូស្ស៊ី ស៊ុតបញ្ចូលទីបានដល់ទៅ ៣គ្រាប់ នៅមុនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលការប្រកួត អ៊ឺរ៉ូ២០១២ នឹងមកដល់ ។
នេះគ្រាន់តែជាការប្រកួត ជាលក្ខណៈ មិត្តភាពប៉ុណ្ណោះ ដើម្បីត្រៀមបំរុង មុននឹងទៅប្រកួតអ៊ឺរ៉ូ២០១២ នៅប្រទេសប៉ូឡូញ និងអ៊ុយក្រែន ចាប់ពីថ្ងៃទី៨មិថុនា ខាងមុខ។ តែវាក៏ជាការប្រកួត ដើម្បីប៉ាន់ប្រមាណ ទាំងកំលាំង និងបច្ចេកទេស ថាតើ ក្រុមទាំងនោះ ត្រៀមខ្លួនច្បាស់លាស់ហើយឬនៅ។
បន្ទាប់ពីបានប្រកួតពីរលើក ក្នុងពិន្ទុស្មើរមករហូត ក្រុមជំរើសជាតិរ៉ូស្ស៊ី បានបង្ហាញនូវភាពជឿជាក់របស់ខ្លួន ក្នុងការបង្ក្រាប អ៊ីតាលី ក្នុងការប្រកួតជាលក្ខណៈមិត្តភាព កាលពីថ្ងៃសុក្រទី១ ខែមិថុនានេះ ជាមួយពិន្ទុ ៣ទល់នឹង០។ រ៉ូស្ស៊ី បានបង្ហាញ នូវភាពខុសគ្នាយ៉ាងខ្លាំង ប្រៀបទៅនឹង ក្រុមជំរើសជាតិអ៊ីតាលី នៅពេលដែលការប្រកួត បានឈានចូលមក ដំណាក់កាល ទីពីរ។
រីឯខាងអ៊ីតាលីវិញ ថ្វីត្បិតតែ គ្រូបង្វឹក លោក ស្សេហ្សារ ប្រងដែលី Cesare Prandelli ខិតខំសំរិតសំរាំង រៀបចំក្រឡារបស់ កីឡាករ យ៉ាងណាក៏ដោយ ក៏គេបានមើលឃើញថា មានចន្លោះប្រហោងយ៉ាងច្រើន ជាពិសេសនៅខាងខ្សែរការពារ របស់ខ្លួន។
ជាពិន្ទូដែលពិបាកនឹងទទួលយកបាន សំរាប់អ៊ីតាលី ដែលត្រូវចូលទៅប្រជែង ជាមួយនឹងអេស្ប៉ាញ ក្នុងការប្រកួតជំរុះ នៅថ្ងៃទី១០ខែមិថុនាខាងមុខ។ សូមបញ្ជាក់ថា អេស្ប៉ាញក៏ជាប្រទេស ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក កាលពី ការប្រកួត នៅប្រទេសអាហ្វ្រិចខាងត្បូង ឆ្នាំ២០១០មុននេះ ហើយក៏ធ្លាប់ដណ្ដើមបានជាម្ចាស់ ពានរង្វាន់អ៊ឺរ៉ុប កាលពីឆ្នាំ ១៩៦៤ និង២០០៨ នោះមកហើយដែរ៕
-----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០១ ខែមិថុនា ២០១២