បញ្ហានៅស៊ីរី៖ ហូឡង់ សុំអោយ អាល់-អាសាដ ចាកចេញ នៅចំពោះមុខ ពូទីន
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: June 03, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការទូត បារីស និងម៉ូស្គូ៖ ស្ថានភាពរបស់ប្រទេសស៊ីរី គឺជារបៀបវីរះដ៏សំខាន់មួយ នៅក្នុងជំនួប រវាងប្រធានាធិបតី ប្រទេសបារាំង និងរ៉ូស៊្សី ក្នុងវិមានអេលីហ្សេ នាទីក្រុងបារីស កាលពីថ្ងៃសុក្រទី១ ខែមិថុនាកន្លងទៅ។ តែអ្នកតាម ដានស្ថានការណ៍ទាំងឡាយ បានមើលដឹងឃើញពី ភាពមិនចុះសំរុងគ្នាយ៉ាងចំរូងចំរ៉ាស់មួយរវាង ទីក្រុងបារីស និងម៉ូស្គូ។
លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានជួបជាលើកទីមួយ ហើយបានខំបញ្ចុះបញ្ចូល ដៃគូ សន្ទនារបស់គាត់ លោកប្រធានាធិបតីរ៉ូស្ស៊ី វ្លាឌីមៀរ ពូទីន (Vladimir Poutine) ថាដំណោះស្រាយតែមួយគត់ សំរាប់បញ្ហា នៅប្រទសស៊ីរី គឺត្រូវតែសុំអោយ លោក បាឆា អាល់-អាសាដ (Bachar al-Assad) ជាប្រធានាធិបតីសព្វថ្ងៃរបស់បរទេសនេះ អោយចាកចេញពីតំណែង។
នៅក្នុងសន្និសីទសារពត៌មាន ក្រោយពេលជំនួបនោះ លោកប្រធានាធិបតីបារាំង បាននិយាយបញ្ជាក់ នៅនឹងចំពោះមុខ លោកពូទីន ថា «របបរបស់លោក បាឆា អាល់-អាសាដ បានប្រព្រឹត្តនូវអំពើដែលមិនអាចទទួលយកបាន និងមិនអាច អត់អោនអោយបាន។ អ្វីៗដែលរបបនេះបានធ្វើ បានរុញច្រានរបបនេះ ធ្លាក់ទៅក្នុងភាពមិនស្របច្បាប់។ ក្នុងស្ថានភាព បែបនេះ គ្មានដំណោះស្រាយអាចចេញរួចទេ ក្រៅតែពីសុំអោយលោក បាឆា អាល់-អាសាដ ចាកចេញពីដំណែង។»
លោកប្រធានាធិបតី បារាំង មានបំណងចង់អោយមានការផ្លាស់ប្ដូរ នូវគោលជំហរ របស់ប្រទេស ធំទាំងពីរ គឺរ៉ូស្ស៊ី និងចិន ដែលបានប្រើសិទ្ធជំទាស់ តាំងពីច្រើនខែមកហើយ ទៅនឹងរាល់ចំណាត់ការរបស់ ក្រុមប្រឹក្សាសន្ដិសុខរបស់ អង្គការសហ ប្រជាជាតិ ប្រឆាំងនឹងរបប លោក បាឆា អាល់-អាសាដ នៅស៊ីរី។
លោកប្រធានាធិបតីរ៉ូស្ស៊ី បានឆ្លើ់យតបមកវីញថា «ការដាក់ទណ្ឌកម្ម មិនប្រាកដថា ជាមធ្យោបាយដ៏ល្អនោះទេ។»
លោកពូទីនបាននិយាយទៀតថា វាជា «រឿងដែលខុសទំនង» នៅពេលដែល រាល់មធ្យោបាយទាំងឡាយ ដែលបានលើក ឡើងដោយ លោក កូហ្វី អាណន្ដ Kofi Annan ប្រេសិតរបស់អង្គការសហប្រជាជាតិ នៅជាធរមាននៅឡើយ សំរាប់ដោះ ស្រាយបញ្ហា។ ហើយគាត់បានបញ្ជាក់ជាថ្មីម្ដងទៀត ពីការជំទាស់របស់រ៉ូស្ស៊ី នូវរាល់ទណ្ឌកម្មទាំងឡាយ ប្រឆាំងរបបរបស់ លោក បាឆា អាល់-អាសាដ។
នៅក្នុងសន្និសីទសារពត៌មាននោះដដែល ប្រធានាធិបតីរូស្ស៊ីរូបនេះ បានថ្លែងរៀបរាប់ពីគុណសម្បត្តិរបស់ លោក កូហ្វី អាណន្ដ ថា ជាមនុស្សមានបទពិសោធន៍ និងគួរអោយគោរព។ គាត់បានបន្ដថា «យើងត្រូវតែធ្វើអ្វីៗទាំងអស់ ដើម្បីជួយ អោយបេសកកម្មរបស់គាត់បានសំរេច។ ហើយខ្ញុំគិតថា វាដូចជាលឿនពេក ក្នុងការវាយតំលៃថា បេសកកម្មនេះ បាន បរាជ័យ។ (...) អ្វីដែលត្រូវធ្វើ គឺបញ្ជៀស កុំអោយស្ថានភាពធ្លាក់ចុះ ទៅតាមការប្រមើលទុកដែលកាន់តែអាក្រក់ និងបង្កា កុំអោយក្លាយទៅជា សង្គ្រាមស៊ីវិល។»
ខណៈ ដែលការយល់ឃើញរបស់ទីក្រុង បារីស និងម៉ូស្គូ មិនចុះសម្រុងគ្នានេះ លោកវ្លាឌីមៀរ ពូទីន បែរជាបានទទួលការ គាំទ្រទៅវិញពី លោកស្រី អង់ជឺឡា មែរគែល Angela Merkel ទេសាភិបាលអាឡឺម៉ង់ ប្រទេសសមាជិកយ៉ាងសំខាន់របស់ សហគមន៍អ៊ឺរ៉ុប។ មុនមកដល់បារីស លោកពូទីនបានចុះ ជួបលោកស្រី មែរគែល នៅប៊ែរឡាំង Berlin។ លោកស្រី ទេសាភិបាលអាឡឺម៉ង់ បានបញ្ជាក់ថា «យើងបានទទួលយល់ស្របគ្នា នៅលើចំនុចមួយ ដែលថា ការដោះស្រាយបញ្ហា នៅស៊ីរី ត្រូវតែធ្វើ តាមផ្លូវនយោបាយ អោយអស់ពីលទ្ធភាពរបស់យើង៕»
--------------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០២ ខែមិថុនា ២០១២
ប្រភព ៖ ទីភ្នាក់ងាសារពត៌មានបារាំង AFP
Crédit photo: AFP