«Fresh News» កុហករឿងអ៊ីរ៉ាក់បបួលគេឯងឲ្យប្រឆាំងអាមេរិក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មេសា ២០១៨
- កែប្រែចុងក្រោយ: April 15, 2018
- ប្រធានបទ: តាមយកការណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើ «Fresh News» ដែលជាសារព័ត៌មានចេញផ្សាយ តាមអ៊ិនធើណែត មានជំនាញអ្វីឲ្យច្បាស់? សម្រាប់មនុស្សជាច្រើន បានចាត់ទុកសារព័ត៌មានមួយនេះ ជាឧបករណ៍ឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដោយសារប្រព័ន្ធផ្សព្វផ្សាយខាងលើ ត្រូវបានគេស្គាល់ថា តែងបានចុះផ្សាយ «លើកជើង» និង«និយាយជំនួស» លោក ហ៊ុន សែន មេដឹកនាំធំៗ ឬនយោបាយរដ្ឋាភិបាល-គណបក្សប្រជាជនកម្ពុជា នៅសឹងតែគ្រប់អត្ថបទរបស់ខ្លួន។
វែងឆ្ងាយជាងនេះ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporteur Sans Frontière) ដែលមានទីស្នាក់ការ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង បានហៅសារព័ត៌មានមួយនេះ ដោយចំៗថា ជា«រោងចក្រផលិតព័ត៌មានក្លែងក្លាយ»។
ខាងក្រោមនេះ ជាភស្ដុតាងមួយទៀត នៃការបង្វិលព័ត៌មាន ដែលសារព័ត៌មានមួយនេះ អះអាងថា ទទួលបានពីការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ (Xinhua) ហើយយកមកបកប្រែចុះផ្សាយ ដោយគ្មានការផ្ទៀងផ្ទាត់ប្រភព និងថែមទាំងបានបញ្ចេញបញ្ចូលពាក្យ នៅក្នុងអត្ថបទ ដែលត្រូវចេញផ្សាយទៀត។ អត្ថបទនោះ ត្រូវបានសារព័ត៌មានដាក់ចំណងជើង ឲ្យថា៖ «មិនធម្មតា! ប្រទេសអ៊ីរ៉ាក់ប្រកូកប្រកាស ឲ្យអារ៉ាប់ រួមគ្នាប្រឆាំងទង្វើអាមេរិក ដែលកំពុងអនុវត្ត ទៅលើស៊ីរី!»។
វាដូចជាពិបាកយល់បន្តិច នៅត្រង់ថា ប្រទេសអ៊ីរ៉ាក់ត្រូវបានអាមេរិកយកចេញ ពីរបបផ្ដាច់ការ នៃអតីតប្រធានាធិបតី សាដាម ហ៊ូសេន ហើយសព្វថ្ងៃកំពុងត្រូវការសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើន នៅបស្ចឹមលោក ក្នុងការស្ដារប្រទេសឡើងវិញនោះ បែរជាចេញសេចក្ដីថ្លែងការណ៍ ប្រឆាំងអាមេរិកនៅថ្ងៃនេះ ដ៏គួរឲ្យចម្លែក។ តែចំងល់នេះ ទំនងជាមិនត្រូវបាន «Fresh News» ចោទសួរឡើងទេ។
សារព័ត៌មាន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងសរសើរមិនដាច់សូរ បានសរសេរដំបូងនៅក្នុងអត្ថបទ ដាក់ថា «បាកដាដ» ជាទីកន្លែងសរសេរ ឬកន្លែងដែលអត្ថបទសរសេរចេញ ខណៈអ្នកនិពន្ធរបស់អត្ថបទនេះ អង្គុយបកប្រែអត្ថបទរបស់ស៊ីនហួរ នៅឯរាជធានីភ្នំពេញសោះ។ អត្ថបទបានសរសេេរបន្តថា៖ «ក្រសួងការបរទេសអ៊ីរ៉ាក់ បានអំពាវនាវឲ្យកិច្ចប្រជុំកំពូលអារ៉ាប់ នាពេលខាងមុខនេះ ដែលគ្រោងធ្វើឡើង នៅប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវរួមគ្នាបង្ហាញជំហរ ប្រឆាំងទៅនឹងសហរដ្ឋអាមេរិក ដែលកំពុងតែដឹកនាំការវាយប្រហារដែនអាកាស ទៅលើប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។»។
យើងបានទៅតាមរកព័ត៌មាន ដែលចេញផ្សាយ ដោយស៊ីនហួរ នៅថ្ងៃទី១៤ ខែមេសា ហើយបានប្រទះឃើញអត្ថបទដែលទាក់ទងនៅទីនេះ ក្រោមចំណងជើង ជាភាសាអង់គ្លេសថា «Iraq urges Arab summit to take "clear stance" against U.S.-led airstrikes on Syria» ហើយអត្ថបទរបស់ ស៊ីនហួរ បានអះអាងថា ខ្លួនបានស្រង់ការចុះផ្សាយ នៅលើគេហទំព័រក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ាក់។
យើងបន្តតាមទៅរកមើល ឃើញថា ក្នុងគេហទំព័រក្រសួងបរទេសអ៊ីរ៉ាក់ មានការបង្ហោះមួយមែន ស្ដីពីការថ្លែងកាលពីយប់ថ្ងៃទី១៣ ខែមេសា របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ គឺលោក «Ibrahim al-Jaafari» ដែលទើបនឹងចេញពីអង្គប្រជុំ នៃជំនួបកំពូល របស់ពិភពអារ៉ាប់ ក្នុងក្រុង រីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត (ផ្ទុយពីអត្ថបទរបស់ "Fresh News" ដែលថា ជំនួបកំពូលនឹងត្រូវធ្វើ នាពេលខាងមុខ)។
យើងបានស្វែងរកអ្នកជំនាញ ខាងភាសាអារ៉ាប់ ឲ្យមកបកប្រែការចុះផ្សាយ នៅលើគេហទំព័រខាងលើ តែមិនឃើញមានចំណុចត្រង់ណាមួយ ដែលបញ្ជាក់ថា ប្រទេសអ៊ីរ៉ាក់ បាន«ប្រកូកប្រកាស ឲ្យអារ៉ាប់ រួមគ្នាប្រឆាំងទង្វើអាមេរិក ដែលកំពុងអនុវត្ត ទៅលើស៊ីរី» នោះទេ។ លោក «Ibrahim al-Jaafari» ដែលជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ គ្រាន់តែថ្លែងឡើងថា ការប្រើប្រាស់ដំណោះស្រាយ តាមផ្លូវសព្វាវុធ ជាគ្រោះថ្នាក់មួយ សម្រាប់សន្តិសុខតំបន់ ហើយអាចបង្កឲ្យមានផលវិបាក ដូចដែលប្រជាជន នៃប្រទេសស៊ីរី និងអ៊ីរ៉ាក់ បាន និងកំពុងឆ្លងកាត់។
ផ្ទុយទៅវិញ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់លោក «Ahmed Mahjoob» អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ាក់ ដែលទើបនឹងចេញផ្សាយ នៅព្រឹកថ្ងៃទី១៤ ខែមេសា ពោលនៅប៉ុន្មានម៉ោង បន្ទាប់ពីការថ្លែងរបស់លោក «Ibrahim al-Jaafari» នោះ បានគូសបញ្ជាក់ថា៖ «ក្រសួងការបរទេសអ៊ីរ៉ាក់ សំដែងការព្រួយបារម្ភ ចំពោះការវិវត្ដន៍ថ្មីបំផុត នៅក្នុងប្រទេសស៊ីរី និងអំពាវនាវ ទៅកាន់សហគមន៍អន្តរជាតិ ឲ្យបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីរកដំណោះស្រាយនយោបាយ ទៅនឹងវិបត្តិនៅស៊ីរី និងជៀសវាងឲ្យបាន នូវភាពតានតឹង នៅក្នុងតំបន់ ជាពិសេសត្រូវផ្ចង់អារម្មណ៍ ទៅលើការប្រយុទ្ធប្រឆាំង នឹងភេរវនិយម។»។
សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ទៀតថា៖ «ក្រសួងសូមអះអាងដែរ អំពីជំហររបស់ប្រទេសអ៊ីរ៉ាក់ បដិសេធចោល នូវរាល់ការប្រើប្រាស់អាវុធគីមី ដោយភាគីណាក៏ដោយ និងនៅទីណាក៏ដោយ នៅលើពិភពលោក ខណៈប្រជាជនអ៊ីរ៉ាក់ខ្លួនឯង បានរងគ្រោះរួចហើយ ពីការប្រើប្រាស់អាវុធទាំងនេះ នៅក្នុងអំឡុងពេល នៃរបបផ្ដាច់ការ (របស់អតីតប្រធានាធិបតី សាដាម ហ៊ូសេន)»។
ដូច្នេះ ឃ្លាថា «មិនធម្មតា! ប្រទេសអ៊ីរ៉ាក់ប្រកូកប្រកាស ឲ្យអារ៉ាប់ រួមគ្នាប្រឆាំងទង្វើអាមេរិក ដែលកំពុងអនុវត្ត ទៅលើស៊ីរី!» របស់សារព័ត៌មាន «Fresh News» មានប្រភពចេញពីណា? ឬ «Fresh News» ខ្លួនឯងបន្ថែមបន្ថយពាក្យ ដោយចិត្តឯង ដើម្បីបំបាក់រូបភាពអាមេរិក និងសម្ព័ន្ធមិត្ត? ឬមួយ «Fresh News» គ្រានតែជាសារព័ត៌មាន បន្ទរតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ ដែលជាម៉ាស៊ីនឃោសនា របស់ប្រទេសចិនកុម្មុយនីស្ដិ៍?