ហ្គោហ្គ័ល បង្ហើបប្រាប់ឈ្មោះជំនាន់ថ្មីនៃអេនដ្រយ៤.៤៖ «គីតកាត់»
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនហ្គោហ្គ័ល (Google) ទើបតែប្រកាសចេញ នូវប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបង្អស់ ៤.៣ ជេលីបីន (Android - 4.3 Jelly Bean) ដែលអាចដំណើរការនៅលើពពួកទូរស័ព្ទដៃវ៉ៃឆ្លាត ឬថេប្លិតស៊េរីថ្មីៗ។ ប៉ុន្តែមិនទាន់ស្កប់ស្កល់នៅឡើយទេ ព្រោះពេលនេះ ហ្គោហ្គ័លបានបង្ហើបឲ្យដឹងថា ជំនាន់ថ្មី ៤.៤ នឹងចេញក្នុងពេលឆាប់ៗខាងមុខនេះបន្តទៀត។
គីតកាត់ ជាឈ្មោះរបស់នំសូកូឡាមួយ តែបានក្លាយជាឈ្មោះរបស់ប្រព័ន្ធប្រតិបត្តិការរបស់ហ្គោហ្គ័ល។ (រូបថត google.com)
យើងធ្លាប់លឺថា ហ្គោហ្គ័ល នឹងចេញ អេនដ្រយ៥.០ ឃី លីមភី (Android 5.0 Key Lime Pie) ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីបន្ទាប់។ ប៉ុន្តែជាក់ស្តែងហ្គោហ្គ័ល បានបញ្ជាក់ថា ជំនាន់បន្ទាប់នោះគឺ អេនដ្រយ៤.៤ មានឈ្មោះថា «គីតកាត់» (Android 4.4 KitKat) ទៅវិញទេ ហើយមិនមែន ៥.០ ដូចអ្វីដែលធ្លាប់លឺតាមពាក្យចចាមអារ៉ាមនោះឡើយ។
ប្រធានផ្នែកអេនដ្រយ និងឆ្រូម (Chrome) លោក សាន់ដា ភីឆៃ (Sundar Pichai) បានប្រាប់ឲ្យដឹងថា ការដាក់ឈ្មោះ អេនដ្រយ៤.៤ «គីតកាត់» នេះ ដោយសារតែបន្ទះស្ករគ្រាប់របស់ ណែស្លេ (Neslte) មួយនេះ មានប្រជាប្រិយភាពខ្លាំង ដែលជាយីហោ និងស្ថិតក្រោមអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុន ហឺសីយ (Hershey) ក្នុងសហរដ្ឋអាមេរិក។
ហ្គោលហ្គ័ល ក៏បាននិយាយដែរថា៖ «វាជាគោលដៅរបស់យើង ជាមួយនឹង អេនដ្រយ គីតកាត់ ដែលធ្វើឲ្យប្រព័ន្ធប្រតិបត្តិការអេនដ្រយ កាន់តែមានភាពសំបូរបែប ទំនើបៗ ប្លែកៗ ទាន់សម័យបន្ថែមទៀត សម្រាប់អ្នកគ្រប់គ្នា។»
ក្រុមហ៊ុនបានបង្ហើបទៀតថា ពួកគេក៏នឹងត្រៀមចេញនូវផលិតផលថ្មីៗបន្ថែមទៀតដែរ ដែលរួមមានដូចជា៖ នាឡិកាដៃវ៉ៃឆ្លាត, ឧបករណ៏លេងហ្គេម និងឧបករណ៏អេឡិចត្រូនិចផ្សេងៗទៀត។
លោក ភីឆៃ បានប្រាប់ថា ប្រព័ន្ធប្រតិបត្តិការអេនដ្រយនាពេលបច្ចុប្បន្ន មានអ្នកប្រើប្រាស់សរុបប្រមាណជាង ១ពាន់លាននាក់ ហើយគាត់និយាយថា «ខ្ញុំអន្ទះសារខ្លាំងណាស់ សម្រាប់ការចេញនូវជំនាន់ថ្មីបន្ទាប់ទៀត ដែលមានទ្រង់ទ្រាយប្លែក និងកាន់តែពិសេសជាងមុន។»
មនោរម្យព័ងអាំងហ្វូ សូមធ្វើការបង្ហាញជូននូវជំនាន់របស់អេនដ្រយ ជាមួយនឹងរហ័សនាមរបស់វាទាំងអស់ដូចតទៅ៖
• អេនដ្រយ ១.៥៖ ខាប់ឃេក (Cupcake)
• អេនដ្រយ ១.៦៖ ដូណាត់ (Donut)
• អេនដ្រយ ២.០៖ អេខ្លៀ (Eclair)
• អេនដ្រយ ២.២៖ ហ្វ្រូយ៉ូ (Froyo)
• អេនដ្រយ ២.៣៖ ហ្គីនហ្គឺប្រីដ (Gingerbread)
• អេនដ្រយ ៣.០៖ ហានីខប់ (Honeycomb)
• អេនដ្រយ ៤.០៖ អាយស្គ្រីម សាន់វិច (Ice Cream Sandwich)
• អេនដ្រយ ៤.១៖ ជេលីបីន (Jelly Bean)
• អេនដ្រយ ៤.២៖ ជេលីបីន
• អេនដ្រយ ៤.៣៖ ជេលីបីន
• អេនដ្រយ ៤.៤៖ គីតកាត់ (ចេញក្នុងពេលឆាប់ៗខាងមុខ)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ