ប័តថឺផ្លាយ៖ ទូរស័ព្ទដៃទំនើបថ្មី «ឥតខ្ចោះ» របស់ក្រុមហ៊ុនអេចធីស៊ី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 02, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទូរស័ព្ទដៃទំនើប ស៊េរីថ្មី របស់ក្រុមហ៊ុន អេចធីស៊ី (HTC) ប័តថឺផ្លាយ (Butterfly) ជាទូរស័ព្ទដៃ ដែលមានដំណើរការយ៉ាងល្អជាមួយ ប្រព័ន្ធមេ អេនដ្រយ (Android) ប្រកបដោយសមត្ថភាព និងលក្ខណៈប្រចាំខ្លួនយ៉ាងពិសេសៗ មិនចាញ់ទូរស័ព្ទរបស់ក្រុមហ៊ុន ស៊ាំងស៊ុង (Samsung) នោះទេ។
ការបង្ហាញដំបូងរបស់គម្រោងទូរស័ព្ទប័តថឺផ្លាយ នៅតៃវ៉ាន់ កាលពីខែធ្នូឆ្នាំ២០១២កន្លងទៅ។ (រូបថត Xinhua)
ជាមួយនឹងទំហំអេក្រង់ធំ ម៉ាស៊ីនដំណើរការលឿន និងការរចនាម៉ូដ ដ៏គួរឲ្យទាក់ទាញទៀតផងនោះ ប័តថឺផ្លាយ បានក្លាយជាទីចំណាប់អារម្មណ៏មួយ នៅឆ្នាំ២០១៣នេះ។
ប័តថឺផ្លាយ មានទំហំអេក្រង់ ៥អ៊ីញ អាចបង្ហាញរូបភាពបានទំហំ ១០៨០ភិចស្ស៊ែល។ នៅក្នុងម៉ាស៊ីនទូរស័ព្ទ រួមមានស៊ីភីយូ (CPU) ទំហំ ១.៥ ជីហ្គាអែក, អង្គចងចាំ (RAM) មានទំហំ ២ជីហ្គាបៃ, ទទួលការផ្ទុកបានទំហំ ១៦ជីហ្គាបៃ និងអាចបន្ថែមកាតផ្ទុកក្រៅបាន។ ម៉ាស៊ីនថតខាងក្រោយ មានសមត្ថភាពចាប់រូប បានទំហំ ៨ម៉េហ្គាភិចស្ស៊ែល និងម៉ាស៊ីនថតខាងមុខ មានទំហំ ២.១ ម៉េហ្គាភិចស្ស៊ែល។
ជាធម្មតា សម្ភារះដែលមានទំហំអង្កត់ផ្ចិតដល់ទៅ ៥អ៊ីញ ហាក់ដូចជាមានទម្ងន់ធ្ងន់បន្តិច ក្នុងការកាន់។ ប៉ុន្តែក្រុមហ៊ុន អេចធីស៊ី បានរចនារូបរាងយ៉ាងរាបស្តើង ដែលអាចឲ្យអ្នកប្រើប្រាស់ ដាក់ទូរស័ព្ទនេះនៅក្នុងហោប៉ៅខោបាន។
ទូរស័ព្ទដៃនេះ ប្រតិបត្តិការដោយប្រព័ន្ធ អេនដ្រយ ៤.១ ជេលីប៊ីន (Jelly Bean)។ វាអាចបង្ហាញរូបភាពបានទំហំ ៤៤១ ភីផីភិចស្ស៊ែល (ppi pixel) ដូចទៅនឹង ស៊ាំស៊ុង ហ្គាឡាក់ស៊ី អេស៤ (Samsung Galaxy S4)។ នេះមានន័យថា អក្សរនៅលើអេក្រង់របស់អ្នក វីឌីអូ រូបថត នៅលើហ្វេសប៊ុក ឬយូធូប នឹងមើលទៅ មានភាពច្បាស់ថ្លាយ៉ាងអស្ចារ្យជាទីបំផុត។
ចំពោះសមត្ថភាពនៃម៉ាស៊ីនថតវិញ វាអាចថតជាវីឌីអូយឺតៗ អាចថតជារូបភាពធម្មតា និងអាចឲ្យអ្នកកំណត់ចំនួន ទៅតាមបរិមាណ ដែលអ្នកត្រូវការ ហើយអាចថតរូបបានរហូតដល់ទៅ ៩៩សន្លឹក ដោយគ្រាន់តែចុចចំនួន ១ដងតែប៉ុណ្ណោះ។ នៅជាមួយនឹងម៉ាស៊ីនថតខាងក្រោយ ទូរស័ព្ទនេះនៅមានបំពាក់ដោយ លីដផ្លាស (LED flash)មួយទៀត ដែលនឹងជំនួយដល់ការចាប់រូបភាព នៅពេលណាខ្វះខាតពន្លឺ។
ប័តថឺហ្វឺឡាយ មានទម្ងន់ ១៤០ក្រាម រីឯថ្មរបស់វា ជាប្រភេទលីប៉ូ (Li-Po) ដែលមានកំរិតថាមពលដល់ទៅ ២០២០ មីលីអំពែម៉ោង។ នៅប្រទេសកម្ពុជា ទូរស័ព្ទដ៏ទំនើបនេះ នឹងប្រហែលជាដាក់លក់ ក្នុងតម្លៃជុំវិញ ៦២០ដុល្លាសហរដ្ឋអាមេរិក តែនៅមិនទាន់មានការអះអាងជាក់លាក់នៅឡើយ។
សរុបមក ទូរស័ព្ធប័តថឺហ្វឺឡាយ មានចំណុចល្អៗ ជាច្រើន ប៉ុន្តែទូរស័ព្ទដៃនេះ ត្រូវប្រឈមនឹងគូប្រជែងខ្លាំងៗ មួយចំនួននៅលើទីផ្សារ ដូចជា អេចធីស៊ី វ័ន (HTC One), អាយហ្វូន៥ (Iphone5) និងហ្គាឡាក់ស៊ី អេស៤ ជាដើម៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ