ហ្គោហ្គល ប្រកាសចេញ អេនដ្រយ ៤.៣ ជាផ្លូវការ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនហ្គូហ្គល (Google) បានប្រកាសចេញជាផ្លូវការ នូវប្រព័ន្ធប្រតិបត្តិជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួន អេនដ្រយ ៤.៣ (Android 4.3) កាលពីថ្ងៃពុធម្សិលមិញ។ អេនដ្រយ ជំនាន់ថ្មីបំផុតនេះ បានធ្វើការកែប្រែបន្ថែមពីលើជំនាន់ចាស់ (អេនដ្រយ ៤.២) ជីលីបីន អូអេស (Jelly Bean OS) ពោលគឺវាអាចដំណើរការបានល្អជាងជំនាន់មុនៗ និងគាំទ្របន្ថែមនូវមុខងារអ្នកប្រើប្រាស់ច្រើននាក់ (multi-user)។
ផលិតផល អេនដ្រយ របស់ក្រុមហ៊ុនមហាយក្ស ហ្គូហ្គ័ល។ (រូបថត mashable.com)
ប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ ៤.៣ ជីលីបីន ក៏បានធ្វើកំណែប្រែ និងធ្វើការផ្លាស់ប្តូរកម្មវិធីមួយចំនួនទៅជាទ្រង់ទ្រាយថ្មី ដែលកម្មវិធីទាំងនោះមានដូចជា៖ ដ្រាយ (Drive), ផែនទី (Maps) និងហ្គ្រម (Chrome) ជាដើម។ ទម្រង់ការជូនដំណឹង (notification) ក៏បានផ្លាស់ប្តូរផងដែរ ពោលគឺ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចមើលពីប្រវត្តិការជូនដំណឹងបាន។
ចំពោះហ្គេម ហ្គូហ្គល បានចេញនូវកម្មវិធីថ្មីមួយ ឈ្មោះថា ហ្គូហ្គលផ្លេហ្គេម (Google Play Games) ដើម្បីផ្តល់ឲ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការទាញយកហ្គេមថ្មីៗបំផុត មកលេងកំសាន្តបាន។
រីឯមុខងារ អ្នកប្រើប្រាស់ច្រើននាក់ (multi-user) ធ្លាប់មាននៅលើជំនាន់ចាស់ អេនដ្រយ ៤.២ រួចហើយដែរ ប៉ុន្តែការចេញនូវជំនាន់ថ្មីនេះ វាគ្រាន់តែបន្ថែមពីលើទៀត នូវមុខងារពិសេសមួយចំនួន ដែលជំនាន់ចាស់ពុំមាន។ មុខងារសំខាន់ៗ ក្នុងជំនាន់ថ្មីនេះ មានដូចជា៖ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចកំណត់នៅលើទម្រង់ (profile) ដំណើរការកម្មវិធីណា ដែលបានកំណត់ និងអាចកំណត់កំរិត (level) ក្នុងការលេងហ្គេម បានថែមទៀត។
អេនដ្រយ ៤.៣នេះ ក្នុងជំហ៊ានដំបូង អាចនឹងដំណើរការបានតែនៅលើទូរស័ព្ទដៃវ៉ៃឆ្លាត (Smart phone) ដូចជា៖ ស៊ាំស៊ុងហ្គាឡាក់ស៊ី ណិកស៊ឺស (Samsung Galaxy Nexus), ណឺកស៊ឺស ៤ (Nexus 4) និងពពួកថេប្លិត (Tablet)៖ ណិកស៊ឺស ៧ (Nexus 7) និង ណិកស៊ឺស ១០ (Nexus 10)តែប៉ុណ្ណោះ។
ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខ ក្រុមហ៊ុនហ្គូហ្គល នឹងដាក់បញ្ចូលវាទៅក្នុង ហ្គូហ្គលផ្លេអេឌីសិន (Google Play Editions) ដើម្បីឲ្យទូរស័ព្ទដៃវ៉ៃឆ្លាតមួយចំនួនដូចជា៖ ស៊ាំស៊ុងកាឡាក់ស៊ី អេស៤ (Samsung Galaxy S4) និងអេចធីស៊ីវ័ន (HTC One) អាចទាញយកមកប្រើប្រាស់បានផងដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ