ទស្សនាអង្គរនៅផ្ទះ ពីគ្រប់ទិសទីក្នុងពិភពលោក ជាមួយហ្គូហ្គ័ល (vdo)
- ដោយ: កេសរ កូល ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៦ មេសា ២០១៤
- កែប្រែចុងក្រោយ: April 06, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើរកំសាន្ដក្នុងតំបន់រាជធានីអង្គរបូរាណ ដ៏ល្បីរបស់ខ្មែរ នឹងអាចធ្វើបានពីផ្ទះឬការិយាល័យរបស់អ្នក នៅគ្រប់ទីកន្លែងទាំងអស់ នៅក្នុងពិភពលោក។ ក្រុមហ៊ុនយក្សរបស់អាមេរិក ហ្គូហ្គ័ល (Google) ទើបនឹងបញ្ចប់គម្រោង «សម្បត្តិវប្បធម៌របស់ពិភពលោក» នៅក្នុងប្រទេសកម្ពុជា ហើយបានបញ្ជូនរូបថតវិលជុំ ៣៦០ឌឺក្រេ ជាច្រើនដាក់ ទៅក្នុងគេហរទំព័រផែនទីរបស់ខ្លួន។
រូបភាពផ្ដិតចេញពីគេហទំព័រផែនទីរបស់ហ្គូហ្គ័ល ដែលថតពីប្រាសាទតាព្រហ្មក្នុងតំបន់អង្គរ។
ទស្សនាតំបន់អង្គរ - បង្ហាញគម្រោងនេះ នៅក្នុងមហាប្រាសាទអង្គរវត្តរបស់ខ្មែរ កាលពីសប្ដាហ៍កន្លងមកនេះ គម្រោងចុងក្រោយរបស់ហ្គូហ្គ័ល ដែលមានឈ្មោះថា «សម្បត្តិវប្បធម៌របស់ពិភពលោក» បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់បណ្ដាញអាំងធើណែត នៅគ្រប់ទិសទីក្នុងពិភពលោក អាចទស្សនាតាមរយៈកំព្យូទ័របានយ៉ាងរីករាយ នូវមហាប្រាសាទនានា និងតំបន់រាជធានីបូរាណដ៏ល្បីរបស់ចក្រភពខ្មែរ ក្នុងសតវត្សន៍ទី១២។
រូបថតច្រើនជាង១លានរូប ត្រូវបានថត និងយកមកផ្គុំគ្នាដើម្បីបង្កើតជារូបភាពវិលជុំ ៣៥០ឌឺក្រេ ចំនួន ៩០ ពាន់រូប បង្ហាញពីទិដ្ឋភាពទាំងមូលនៃតំបន់នីមួយៗ របស់អតីតរាជធានីបូរាណ ស្ថិតនៅផ្នែកខាងជើងនៃព្រះរាជាណាចក្រ។
គម្រោងនេះ នឹងធ្វើឲ្យក្រុមហ៊ុន«មហាយក្ស»ខាងបច្ចេកវិទ្យា របស់អាមេរិកមួយនេះ ក្លាយជា«មហាយក្ស»ខាងបេតិកភ័ណ្ឌពិភពលោកនោះថែមទៀត ដោយសារតែហ្គូហ្គ័លបានចូលទៅធ្វើជាដៃគូរ ជាមួយនឹងសារមន្ទីរវត្ថុសិល្បៈជាច្រើន ហើយក៏បានធ្វើការថតបញ្ចូល នូវទីតាំងនៃសម្បត្តិវប្បធម៌ ឬសម្បត្តិធម្មជាតិនានា របស់ប្រទេសផ្សេងៗ ក្នុងពិភពលោក ដាក់ក្នុងគេហទំព័ររបស់ខ្លួនដែរ។
លោក ម៉ានីក ហ្គូបតា (Manik Gupta) នាយកគម្រោងសម្រាប់គេហទំព័រផែនទី របស់ហ្គូហ្គ័ល បាននិយាយថា «មុននេះ យើងបានធ្វើពីប្រាសាទ តាម៉ាហាល (Taj Mahal - ឥណ្ឌា) ជ្រលង ខេនយ៉ុង (Canyon - អាមេរិក) ភ្នំហ្វូជី (Fuji - ជប៉ុន)»។
«ប៉ុន្តែទំហំការងារ ដែលយើងបានធ្វើនៅអង្គរវត្ត (តំបន់) មិនដូចការងារលើកមុនៗនោះទេ» លោក ម៉ានីក ហ្គូបតា បានបញ្ជាក់ពី«ការរំជួលចិត្តដែលមិនគួរឲ្យជឿបាន» នៅពេលដែលក្រុមការងាររបស់លោក បានធ្វើដំណើរទៅគ្រប់ទីកន្លែងនៃតំបន់អង្គរ។
អ្នកបច្ចេកទេសរបស់ហ្គូហ្គ័លរូបនេះ បាននិយាយទៀតថា ដើម្បីចាប់រូបភាពទាំងនេះ អ្នកដើរថត ត្រូវមានម៉ាស៊ីនថតចំនួន១៥ ចងផ្អោបទៅនឹងសម្ពាយស្ពាយនៅនឹងខ្នង ដែលមានអង្គស្ដុកជាច្រើន និងថ្មសាកមួយ។ ម៉ាស៊ីថតនីមួយៗ ថតយករូបភាពដែលមានភាពច្បាស់ខ្លាំង (HD) ជារៀងរាល់ពីរវិនាទីកន្លះម្ដង។ អ្នកដើរថតទាំងនេះ មានលក្ខណៈពិសេសជាងរថយន្ដថត ដែលហ្គូហ្គ័លប្រើពីពេលមុន ដោយសារតែគេអាចដើរចូលទៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសកន្លែងដែលរថយន្ដបើកចូលទៅមិនបាន។
ជនជាតិកម្ពុជាចំនួន៥នាក់ ត្រូវបានទទួលបន្ទុកឲ្យស្ពាយម៉ាស៊ីនថត ដើរ៨ម៉ោងក្នុងមួយថ្ងៃ នៅគ្រប់ប្រាសាទទាំងអស់ ដើម្បីថតផ្ដិតយកទិដ្ឋភាពយ៉ាងលំអិតពីគ្រប់កន្លុកកន្លៀត។
លោក អាមីដ ស៊ូដ (Amit Sood) ប្រធាននាយកដ្ឋានវប្បធម៌របស់ហ្គូហ្គ័ល បាននិយាយថា «បើមានប្រទេសណាមួយ ដែលសម្បូរដោយសម្បត្តិវប្បធម៌ដ៏ពិសេសនោះ ប្រទេសនោះគឺកម្ពុជា» ដោយលោកមិនបានបំភ្លេច នឹងលើកមកបញ្ជាក់ទេថា វត្ថុសិល្បៈជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ នាសម័យកាលសង្គ្រាមរាំងជល់ នៅក្នុងទស្សវត្តន៍ឆ្នាំ៧០។
ឆ្លើយតបនឹងការព្រួយបារម្ភដែលនិយាយថា ការដាក់រូបភាពទាំងនេះនៅលើគេហទំព័រ នឹងធ្វើឲ្យទេសចរណ៍លែងធ្វើដំណើរមកមើលផ្ទាល់នោះ លោក អាមីដ ស៊ូដ បានបកស្រាយថា «គ្រប់សារៈមន្ទីរ ដែលយើងបានថតរូប មកដាក់ក្នុងគេហទំព័ររបស់យើង បានទទួលភ្ញៀវចូលទៅទស្សនាច្រើនជាងមុន»។ លោកនិយាយទៀតថា «ការងាររបស់យើង មិនឃើញមានផលវិបាក កើតមានមកវិញទេ»។
អ្នកនិពន្ធសៀវភៅខាងដំណើរកំសាន្ដ លោក ថូម ស្ទៀរ៉ុក (Tom Sturrock) បានពន្យល់ថា «ខ្ញុំមិនគិតថា បានមើលរូបភាពនៅលើអាំងធើណែត ឬមើលរូបភាពវិលជុំ ៣៦០ឌឺក្រេ របស់ហ្គូហ្គ័ល អាចជំនួសអ្វីដែលជាភាពជាក់ស្ដែងនោះទេ។ អ្វីដែលអាចធ្វើបាន នៅលើអាំងធើណែត មិនអាចជំនួសនូវអ្វីដែលជាធម្មជាតិពិតៗនោះឡើយ។ ឧទាហរណ៍ ពេលព្រះអាទិត្យរៀបលិច នៅអង្គរវត្ត អ្នកនឹងឃើញរូបភាពដ៏ស្រស់បំព្រងដោយផ្ទាល់ភ្នែក ខុសពីរូបដែលយើងថត៕»