អ៊ុំ វិសាល៖ អាត់ ធន់ ទៅវិញទេ ដែលចង់បំបែកផ្ទៃក្នុងសហជីព ស៊ីខាវឌូ
តបទៅនឹងការចោទប្រកាន់ របស់ប្រធានសហជីពស៊ីខាវឌូ លោក អាត់ ធន់ ទៅលើលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន អតីតស្ថាបនិកពីររូប ដែលត្រូវបានប្រធានសហជីពបញ្ឈប់ពីការងារនោះ លោក អ៊ុំ វិសាល បានសម្ដែងប្រតិកម្មនៅថ្ងៃនេះថា លោកបានធ្វើទៅតាមកាតព្វកិច្ចរបស់លោក ក្នុងនាមជាមន្ត្រីសហជីពមួយរូប ហើយលោកបានចង្អុលត្រឡប់ទៅលោក អាត់ ធន់ វិញថា គឺជាអ្នកចង់បំបែកផ្ទៃក្នុងរបស់ស៊ីខាវឌូ។
រូបកណ្ដាល៖ លោក អ៊ុំ វិសាល អតីតស្ថាបនិក មន្រ្តីគោលនយោបាយ និងច្បាប់របស់សហជីពស៊ីខាវឌូ។ (រូបថត MONOROOM.info/ C.Nita)
វិវាទស៊ីខាវឌូ - «ស៊ីខាវឌូ មិនមែនជារបស់លោក អាត់ ធន់ ទេ ហើយលោក អាត់ ធន់ ទេដែលចង់បំបែកផ្ទៃក្នុង របស់ស៊ីខាវឌូហ្នឹង» នេះជាការលើកឡើងរបស់លោក អ៊ុំ វិសាល អតីតមន្រ្តីផ្នែកគោលនយោបាយ និងច្បាប់ របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក អាត់ ធន់ ដែលបានចោទប្រកាន់លោកអ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ថាមានបំណងចង់បង្ខូចកេរ្តិ៍ឈ្មោះ និងចង់បំបែកបំបាក់សហជីពជាពីរជាបី ។
ប្រតិកម្មរបស់លោក អ៊ុំ វិសាល បានធ្វើឡើងបន្ទាប់ពី លោក អាត់ ធន់ ប្រធានសហជីពស៊ីខាវឌូ កាលពីថ្ងៃទី០២ ខែមេសា កន្លងមកនេះ បានបញ្ជាក់ថា លោកនឹងរៀបចំពាក្យបណ្តឹងប្តឹងលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ពីបទដើរបរហាកេរ្តិ៍គ្មានមូលដ្ឋាន បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងចង់ឲ្យ ស៊ីខាវឌូ មានឱនភាព។ ពាក្យបណ្ដឹងរបស់កម្មកររោងចក្រអ៊ីហ្គាមេន ដែលបានប្តឹងប្រធាន និងថ្នាក់ដឹកនាំសហជីពពីររូប ពីបទកេងបំបាត់លុយកម្មករជាង៩ម៉ឺនដុល្លានោះ ត្រូវបានលោក អាត់ ធន់ ថ្លែងនៅពេលចេញពីសាលារាជធានីមកវិញ ថាជាទង្វើញុះញង់របស់ លោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន។
តបនឹងការលើកឡើងរបស់លោក អាត់ ធន់ ខាងលើនេះ លោក អ៊ុំ វិសាល បានអោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា ការប្តឹងរបស់លោក អាត់ ធន់ ជាសិទ្ធរបស់គាត់។ រីឯការប្តឹងរបស់កម្មករ ចំពោះថ្នាក់ដឹកនាំសហជីពទាំងបី ជាសិទ្ធិរបស់កម្មករ ហើយរូបលោកគ្រាន់តែជាជំនួយផ្នែកច្បាប់ ផ្នែកបច្ចេកទេសទៅដល់កម្មករ ព្រោះវាជាកាតព្វកិច្ចរបស់លោក ជាសហជីពត្រូវតែជួយ តាមការពឹងពាក់របស់កម្មករ។
អតីតស្ថាបនិកស៊ីខាវឌូរូបនេះ បានអះអាងបន្ថែមថា៖ «ប្រសិនបើកម្មករគាត់មិនប្តឹង ក៏ខ្ញុំប្តឹងដែរ ពីព្រោះថាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាសហជីព ជាគណកម្មការ ជាស្ថាបនិក ខ្ញុំត្រូវតែចាត់វិធានការ ប្រសិនបើខ្ញុំរកឃើញថាបុគ្គលណាមួយ នៅក្នុងស្ថាប័នរំលោភលក្ខន្តិកៈ កិបកេងប្រព្រឹត្តិអំពើពុករលួយ អញ្ចឹងមិនមែនចាំបាច់តែកម្មករទេ»។
ពាក់ព័ន្ធនឹងការរៀបចំពាក្យបណ្តឹង ប្តឹងអតីតស្ថាបនិកទាំងពីរ របស់លោក អាត់ ធន់ ប្រធានសហជីពរូបនេះបញ្ជាក់ថា មិនទាន់កំណត់ច្បាស់ទេ ដោយសារក្នុងសហជីពស៊ីខាវឌូ មិនចង់មានជម្លោះជាមួយកម្មករគ្នាឯង ឬកម្មករដទៃទៀតទេ។ ប៉ុន្តែលោកបាននិយាយទៀតថា ក្នុងករណីអ្នកទាំងពីរនៅតែបង្ក ដើម្បីបំបែកបំបាក់ចលនាសហជីព លោកនឹងប្តឹងទៅតុលាការដើម្បីអោយអ្នកទាំងពីរហ្នឹង សងនូវអ្វីដែលជាផលប៉ះពាល់ដល់ស៊ីខាវឌូ។
ចំណែកការទាមទាររបស់កម្មករ ដែលចង់អោយ លោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ចូលធ្វើការនៅក្នុងសហជីពស៊ីខាវឌូដដែលនោះ លោក អាត់ ធន់ បានអោយដឹងថា «យើងក៏បានប្រជុំជាមួយគណកម្មការស៊ីខាវឌូហើយ គឺ៩៩.៩ភាគរយ គឺគេបញ្ឈប់អ្នកទាំងពីរហ្នឹងជាស្ថាពរ ហើយក៏មិនឲ្យមានការពាក់ព័ន្ធទៀតដែរ»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៣ មេសា ២០១៤