រ៉ុង ឈុន៖ ២៦ មករា ថ្ងៃបាតុកម្មជាថ្មី
មេដឹកនាំសមាគម និងសហជីពដ៏ល្បីឈ្មោះ លោក រ៉ុង ឈុន បានប្រកាសថា នៅថ្ងៃទី២៦ មករា ឆ្នាំ២០១៤ខាងមុខនេះ លោកនិងធ្វើបាតុកម្មជាថ្មី ដើម្បីអោយមានការដោះលែងអ្នកដែលបានឃាត់ខ្លួនទាំង២៣នាក់ និងទាមទារតម្លើងប្រាក់ខែគោល១៦០ដុល្លារ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីបកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ។ ( រូបថត MONOROOM.info/ O.vary)
បាតុកម្ម - លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានប្រកាសនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នេះថានៅថ្ងៃទី២៦ មករាខាងមុខនេះ លោកនឹងដឹកនាំធ្វើបាតុកម្មជាថ្មី នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យមានការដោះលែង អ្នកដែលត្រូវបានឃាត់ខ្លួនទាំង២៣នាក់ និងទាមទារឲ្យមានការតម្លើងប្រាក់ខែគោល ១៦០ដុល្លារ។
ការប្រកាសនេះធ្វើឡើង ក្នុងពេលលោកចូលរួមកម្មវិធីរលឹកខួបដប់ឆ្នាំ របស់សពលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ជិតវិមានឯករាជ្យ នៅមុខរូបសំណាក់អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជារូបនេះ។
ថ្លែងក្នុងឱកាសនោះដែរ លោក រ៉ុង ឈុនបានធានាអះអាងនៅមុខរូបសំណាក់ លោក ជា វិជ្ជា ថា «យើងជាមិត្តរួមអាជីព រួមទាំងកម្មករ កម្មការនីទាំងអស់ នៅតែចងចាំ វីរភាពរបស់លោកជានិច្ច ហើយយើងនឹងបន្តកាងារនេះ យើងនូវតែមានសង្ឃឹមមានសង្ឃឹមជានិច្ច។ ខ្ញុំ រ៉ុង ឈុន នឹងដើរតួដឹកនាំស្វែងរក ថាធ្វើម៉េចដើម្បីសម្រេចគោលបំណងរបស់លោក។»
សំរាប់ការធ្វើបាតុកម្ម ថ្ងៃ២៦ កមរា ខាងមុខនេះដែរ លោករ៉ុង ឈុន បានអះអាងថា «យើងបានជួនដំណឹងទៅសាលារាជធានីភ្នំពេញរួចរាល់ហើយ ថានឹងធ្វើនៅទីលានប្រជាធិបតេយ្យ»។ តែមកដល់ពេលនេះ បើតាមការបញ្ជាក់របស់លោក មិនទាន់ឃើញមានការឆ្លើយតបថាយ៉ាងម៉េចពីសាលាក្រុងនោះទេ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូលោក រ៉ុង ឈុន បានអោយដឹងថាការធ្វើបាតុកម្មថ្ងៃទី២៦ មករានេះ ក្នុងគោលបំណងទាមទារ អោយដោះលែងអ្នកដែលបានចាប់ខ្លួនកាលពីថ្ងៃទី២ និងទី៣ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសួនកាណាឌីយ៉ានៅផ្លូវវ៉េងស្រេង និងទាមទារប្រាក់ខែគោល១៦០ដុល្លា សំរាប់កម្មករនៅកម្ពុជា។
តាមគេហទំព័រក្នុងស្រុកមួយបានអះអាងថា ថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះ ក្រសួងការងារគ្រោងជួបប្រជុំថ្នាក់ជាតិ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ស្តីពីការតម្លើងប្រាក់ឈ្នួលដល់កម្មករកម្ពុជា។ ពាក់ព័ន្ធនិឹងបញ្ហានេះដែរ ប្រធានសហភាពសហជីបកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះគម្រោងចរចារនេះថា «យើងស្វាគមន៍ទៅលើការចរចារ ចំពោះប្រាក់ឈ្នួលហ្នឹង ពីព្រោះយើងកំពុងរងចាំនូវជំនួបចរចារនេះ»។
ថ្លែងទៅកាន់អ្នកចូលរួមប្រហែលមួយពាន់នាក់ ដែលបានមកគោរពវិញ្ញាណក្ខ័ណ្ឌសពលោក ជា វិជ្ជា ប្រធានសមាគមគ្រូបង្រៀនឯករាជ្យរូបនេះ បានប្រកាសថា «សូមបងប្អូនកុំអស់សង្ឃឹម យើងជិតបានសម្រចហើយ ឃើញថាទាំងពិភពលោក ទាំងអ្នកបញ្ជាទិញ និងប្រទេសម្ចាស់ជំនួយ បានយកចិត្តទុកដាក់មកលើកម្ពុជាយើង ទាក់ទងជាមួយនឹងការរំលោភបាញ់សំលាប់មកលើកម្មក កម្មការិនី។» ការប្រកាសនេះ បានាបង្កឲ្យមានការទះដៃស្វាគម ពីក្រុមអ្នកចូលរួម ដែលទំនងជាជាការលើកទឹកមួយដល់កម្មករ កម្មការិនីក្នុងការមកចូលរួមធ្វើបាតុកម្មជាមួយលោក។
គួរម្លឹកថា កាលថ្ងៃទី១៤ ខែកមរា ឆ្នាំ២០១៤កន្លងទៅនេះ ប្រធានសហភាពសហជីពកម្ពុជារូបនេះ ធ្លាប់ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅបំភ្លឺរួចម្តងមកហើយ ពីបទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ខណៈពេលដែលលោកបានដឹកនាំកម្មករ ធ្វើបាតុកម្ម-កូដកម្មកន្លងមក។ តែអំពើហិង្សាបានផ្ទុះឡើងរវាងកម្មករ និងកងកម្លាំងរបស់អាជ្ញាធរ ដែលបណ្តាលអោយយ៉ាងហោចណាស់មនុស្ស៥នាក់បានបាត់បងជីវិត ជាង៤០នាក់រងរបួសធ្ងន់ និងស្រាល និង២៣នាក់ទៀតត្រូវបានចាប់ខ្លួន៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៤