ក្រសួងការងារថ្កោលទោស សម រង្ស៊ី ដែលថាអាជ្ញាធរមិនឲ្យកម្មករទៅបោះឆ្នោត
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 31, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេនៅកម្ពុជា ដែលសេចក្ដីប្រកាសព័ត៌មាន ហៅលោកថា ជា«ទណ្ឌិត»នោះ «តែងតែយកបងប្អូនកម្មករ-នយោជិត ជាឈ្នាន់នយោបាយរបស់ខ្លួន និងដើរញុះញង់បំផុសបាតុកម្មហិង្សាខុសច្បាប់ និងបានអំពាវនាវ ឲ្យសហគមន៍អ៊ឺរ៉ុប ឈប់ទិញសម្លៀកបំពាក់ពីកម្ពុជា ព្រមទាំងអំពាវនាវមិនឲ្យក្រុមហ៊ុនអន្តរជាតិ មកធ្វើវិនិយោគ នៅកម្ពុជាទៀតផង»។
ឃ្លាខាងលើនេះ ជាការដកស្រង់ប្រយោគចុងក្រោយ នៃតាមសេចក្ដីប្រកាសថ្កោលទោសមួយ ដែលចេញផ្សាយ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី៣១ ខែឧសភានេះ ដើម្បីប្រតិកម្មទៅនឹងការលើកឡើង របស់លោក សម រង្ស៊ី ដែលបានថ្លែងនៅក្នុងវីដេអូមួយ បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញ អះអាងថា អាជ្ញាធរមិនអនុញ្ញាតឲ្យកម្មករនយោជិត ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃអាទិត្យខាងមុខ។
នៅក្នុងវីដេអូ ដែលមានរយៈពេលជាង១០នាទី លោក សម រង្ស៊ី បានអំពាវនាវឲ្យកម្មករនយោជិត ធ្វើការលះបង់ និងចេញទៅបោះឆ្នោត ដើម្បីអ្វីមួយ ដែលលោកអះអាងថា ដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន និងជាបណ្ដើរៗ សម្រាប់សង្គម និងរបបដឹកនាំនយោបាយ នៅកម្ពុជា។
អតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងថា៖ «ទោះជាគេមិនសម្រួល ឱ្យកម្មករ-កម្មការិនី ចូលរួមបោះឆ្នោតនាថ្ងៃអាទិត្យនេះយ៉ាងណាក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យក្មួយៗ កម្មករ-កម្មការិនី ហ៊ានលះបង់ពេលវេលាខ្លះ នឹងថវិកាខ្លះដើម្បីចូលរួម ក្នុងការបោះឆ្នោតនេះ កុំបីអាក់ខានឡើយ! ការលះបង់នេះគឺតិចតួចទេ ប្រៀបធៀបទៅនឹងផលចំណេញ ដែលក្មួយៗ កម្មករ-កម្មការិនីនឹងទទួលបាន នៅពេលដែលមានការផ្លាស់ប្តូរ ក្នុងសង្គមដូចយើងចង់បានទាំងអស់គ្នា។»។
សម្រាប់ក្រសួងការងារ ដែលដឹកនាំដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនបានយល់ដូច្នេះទេ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងការងារបានរុញការទទួលខុសត្រូវ ក្នុងការអនុញ្ញាតកម្មករ-នយោជិត ទៅបោះឆ្នោត ទៅលើគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ទៅវិញ ដោយលើកឡើងថា ច្បាប់បានកំណត់ឲ្យស្ថាប័នជាតិនេះតែមួយប៉ុណ្ណោះ ដែលមានសិទ្ធិចាត់ចែង រៀបចំ និងគ្រប់គ្រងការបោះឆ្នោត នៅកម្ពុជា។
ក្រសួងការងារ នៅបានវាយបកត្រឡប់ទៅ លោក សម រង្ស៊ី វិញថា បើ«ចង់ឲ្យកម្មករ ត្រឡប់ទៅចុះឈ្មោះ និងបោះឆ្នោត នៅស្រុកកំណើតពិតមែន» ហេតុអ្វីនៅពេលបង្កើតច្បាប់ លោក សម រង្ស៊ី មិន«ស្នើឲ្យមានការកំណត់ ថ្ងៃឈប់សម្រាកតែម្ដងទៅ»?
យ៉ាងណាក៏ដោយ គ.ជ.ប បានបញ្ជាក់ថា ខ្លួនបានអំពាវនាវរួចហើយ ទៅដល់ក្រុមនយោជក ឲ្យជួយសម្រួល និងបង្កលក្ខណៈងាយស្រួល អនុញ្ញាឲ្យកម្មករ-នយោជិត ធ្វើដំណើរទៅមក ដើម្បីបានទៅបោះឆ្នោត នៅថ្ងៃអាទិត្យខាងមុខ នៅតាមឃុំសង្កាត់ ដែលកម្មករ ឬនយោជិតរូបនោះ បានចុះឈ្មោះបោះឆ្នោត។ នេះ បើតាមលិខិតមួយ របស់គ.ជ.ប ចុះថ្ងៃទី២៨ ខែឧសភា ផ្ញើរទៅកាន់សហភាពការងារកម្ពុជា ដែលមានលោក អាត់ ធន់ ជាប្រធាន៕