សម រង្ស៊ី ចំអក​ឲ្យ​រដ្ឋាភិបាល​ថា​កំពុង​ភ័យ នឹង​ចលនា​សង្គ្រោះ​ជាតិ

នៅចំពោះការលើកឡើង របស់ក្រសួងមហាផ្ទៃកម្ពុជា ដែលថានឹងចាត់វិធានការ ទៅលើចលនាសង្គ្រោះជាតិ ដែលត្រូវបានក្រុមមន្ត្រីគណបក្សប្រឆាំងនៅក្រៅប្រទេស កំពុងផ្ដួចផ្ដើមគំនិតបង្កើតឡើងនោះ លោក សម រង្ស៊ី ស្ថាបនិកមួយរូបនៃចលនាខាងលើ បានចំអកមករដ្ឋាភិបាលកម្ពុជាវិញថា កំពុងភ័យនឹងចលនាសង្គ្រោះជាតិ ខណៈចលនាមួយនេះ មិនទាន់មានរូបរាង ជាផ្លូវការនៅឡើយ។
សម រង្ស៊ី ចំអក​ឲ្យ​រដ្ឋាភិបាល​ថា​កំពុង​ភ័យ នឹង​ចលនា​សង្គ្រោះ​ជាតិ
ពីឆ្វេងទៅស្ដាំ៖ លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មករា ២០១៨
  • កែប្រែចុងក្រោយ: January 17, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកមួយរូប នៃ«ចលនាសង្គ្រោះជាតិ» លោក សម រង្ស៊ី បានថ្លែងចំអករដ្ឋាភិបាលកម្ពុជា ថា«កំពុងភ័យជ្រួលច្របល់» នៅចំពោះចលនាប្រឆាំងថ្មី ដែលកំពុងចាប់រូបរាង នៅក្រៅប្រទេស។ ការថ្លែងរបស់មេដឹកនាំប្រឆាំង ដ៏សំខាន់រូបនេះ បានធ្វើឡើងជាប្រតិកម្មតប ទៅនឹងការលើកឡើង របស់ក្រសួងមហាផ្ទៃកម្ពុជា ដែលព្រមានចាត់វិធានការទៅលើចលនាខាងលើ ក៏ដូចជាទៅលើបុគ្គល ឬអង្គការសង្គមស៊ីវិលណា ដែលចូលរួម ជាមួយចលនាមួយនេះ។

កាលពីម្សិលម៉ិញ លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងឡើងថា ក្រសួង​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ លើចលនាដែលបង្កើតឡើង ដោយក្រុមមន្ត្រីបក្សប្រឆាំង នៅក្រៅប្រទេស។ ​ថ្លែងទៅកាន់​អ្នកសារព័ត៌មាន ក្រោយ​ពិធី​បញ្ចប់​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៧ ​និង​លើក​ទិសដៅ​ផែន​​ការ​សកម្មភាព ​ឆ្នាំ​២០១៨ លោក ស ខេង បានបញ្ជាក់ថា៖ «យើង​មើលទៅលើ​ទិដ្ឋភាព​ច្បាប់ តើ​វា​ត្រូវ ​ឬ​មិនត្រូវ​។ បើ​ថាមិនត្រូវ​ទេ មិនអាច​ធ្វើ​បានទេ​ ឧបមា​ថា បើ​ខុសច្បាប់​ហើយ ចាំបាច់​មក​សួរ​ខ្ញុំ អាហ្នឹង​ទុក​ឲ្យ​ច្បាប់​គេ​ធ្វើការ។»​។​

បន្ថែមពីលើការលើកឡើងខាងលើ លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ក៏បានថ្លែងអះអាងដែរថា ​ចលនា​សង្គ្រោះជាតិ គឺជាក្រុម«​ឧទ្ទាម​ក្រៅ​ច្បាប់​» ​ហើយ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ និង ​«​វិនិច្ឆ័យ​» ​ចំពោះ​បុគ្គល​ទាំងអស់​នោះ​។ ស្រង់សំដីដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ មន្ត្រីអ្នកនាំពាក្យបានព្រមានថា៖ «ចលនា​ហ្នឹង ​គឺជា​ចលនា​មួយ​ក្រៅ​ច្បាប់ ​ហើយ​ច្បាប់ ​នឹង​ធ្វើការ​វិនិច្ឆ័យ​ ចំពោះ​អ្នក​ទាំងអស់​ហ្នឹង​។ (...) អង្គការ​ទាំង​ហ្នឹង​ ត្រូវ​វិនិច្ឆ័យ​តាម​ច្បាប់​។ ចំពោះ​ សម រង្ស៊ី គឺ​ជន​ក្រៅ​ច្បាប់ ហើយ​អ្នក​ចូលរួម​ជា​អ្នក​ក្រៅ​ច្បាប់​ ដូច្នេះ​ក្រៅ​ច្បាប់​បូក​ក្រៅ​ច្បាប់ ​ទៅ​ជា​ខុស​ច្បាប់​»​។

ឆ្លើយតបទៅនឹងប្រតិកម្មរបស់ក្រសួងមហាផ្ទៃ លោក សម រង្ស៊ី បានចំអកមកវិញ នៅលើបណ្ដាញសង្គមទ្វីសធើរថា៖ «ចលនា[សង្គ្រោះជាតិ] នៅមិនទាន់ប្រកាសជាផ្លូវការ នៅឡើយ។ ដូច្នេះ ប្រតិកម្មរបស់ពួកគេ បង្ហាញពីការភិតភ័យ ជ្រួលច្របល់... របស់ពួកគេខ្លាំងណាស់។ អ្វីដែលសំខាន់ គឺការគាំទ្រចលនា ពីសំណាក់ពលរដ្ឋ ដែលកំពុងរីកលូតលាស់ យ៉ាងឆាប់រហ័ស។»។

ប្រកាសជាផ្លូវការ នៅថ្ងៃទី២៨ ខែមករាខាងមុខ...

នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បានលើកឡើងថា «​ចលនា​សង្គ្រោះ​ជាតិ​» ​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២៨ ខែ​មករា ខាង​មុខ​ ហើយចលនានេះ នឹង​សម្រួល​ច្រើន​ណាស់ ដែល​ខុស​គ្នា​ឆ្ងាយ​ណាស់​ ពី​គណបក្ស​នយោបាយ។ ​លោកពន្យល់ថា ​ចលនា​ជា​ក្របខ័ណ្ឌ​ថ្មី​មួយ​ ក្នុង​នោះ​អាច​ធ្វើការ​បាន ​ដោយ​គ្មាន​នរណា​អាច​ប៉ះពាល់ ឬ​រំលាយ​ចលនា​បាន ​សូម្បី​តែ​លើ​ក្រដាស ​ក៏​មិន​អាច​រំលាយ​បាន​ដែរ មិន​ចាំបាច់​ទៅ​ចុះ​ឈ្មោះ​ ទៅ​សុំ​ច្បាប់​ក្រសួង​មហាផ្ទៃ ហើយ​អាច​មាន​អ្នក​គាំទ្រ​ ច្រើន​ជាង​គណបក្ស​ថែម​ទៀត​ផង​។

សេចក្ដីថ្លែងការណ៍ របស់ចលនាថ្មីនេះ ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃទី១២ ខែមករា បានឲ្យដឹងថា ចលនាសង្គ្រោះជាតិ មានគោលបំណង «ធានាឲ្យមានការឯកភាព នៃគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមិនប្រកាន់បក្ខពួក និន្នាការនយោបាយណាមួយឡើយ និងដោយមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកប្រធាន កឹម សុខា»។

លោក សម រង្ស៊ី បានបញ្ជាក់បន្ថែមថា៖ «ចលនាសង្គ្រោះជាតិ អាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ហើយឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ កុំឲ្យឈរខាងជនផ្តាច់ការ»។

ចលនាដែលជាឆ្នួន​នៃការបែបបាក់...

ប៉ុន្តែការបង្កើតចលនាខាងលើ ត្រូវបានជំទាស់ យ៉ាងខ្លាំងក្លា ពីសំណាក់ក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិខ្លួនឯង ដែលស្និតនឹងប្រធានគណបក្ស លោក កឹម សុខា ឬមានអតីតភាព មកពីគណបក្សសិទ្ធិមនុស្ស។ ក្រុមមន្ត្រីទាំងនោះ បានពន្យល់​នៅក្នុងការជំទាស់​របស់ពួកគេថា ការបង្កើតចលនាថ្មី មានន័យស្មើនឹងការទទួលស្គាល់ ការរំលាយគណបក្សសង្គ្រោះជាតិ ដែលត្រូវបានមើលឃើញថា ជាការរំលាយតាមបែបនយោបាយ តាមរយៈសាលក្រមតុលាការកំពូល កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងមក ដោយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក យ៉ែម បុញ្ញឬទ្ធិ មន្ត្រីជាន់ខ្ពស់ម្នាក់ របស់គណបក្សប្រឆាំង និងធ្លាប់ជាអគ្គលេខាធិការ របស់គណបក្សសិទ្ធិមនុស្ស បានថ្លែងទទួលស្គាល់ថា នោះគឺជាសិទ្ធិ ក្នុងការបង្កើតសមាគម អង្គការ ឬចលនាថ្មីណាមួយ។ តែចលនាថ្មី ដែលប្រើឈ្មោះសង្គ្រោះជាតិ នឹងបន្ថែមទម្ងន់ទោស ដល់លោក កឹម សុខា ដែលជាប្រធានគណបក្ស និងដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារស្រាប់។

នៅចំពោះនិន្នាការ ពីរផ្សេងគ្នាខាងលើ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើង តាមរយៈសារព័ត៌មានភ្នំពេញប៉ុស្ដ៍ ថា​៖ «​ការ​បើក​ចលនា​ហ្នឹង​ សបញ្ជាក់​ឲ្យ​ឃើញ​ថា ​ការ​បែកបាក់​គ្នា​រវាង​ សម រង្ស៊ី និង​ កឹម ​សុខា [មានទំហំ]កាន់តែ​ខ្លាំង​ឡើង​»​។

ប៉ុន្តែលោក សម រង្ស៊ី បានតបទៅ​អ្នក​និយម​លោក​ កឹម សុខា ​ថា«​កុំ​ចង្អៀតចង្អល់​» ​នឹង​ចលនា​នេះ។ លោក​ថា​៖ «​សូម​អ្នក​និយម​លោក​ កឹម សុខា កុំ​ចង្អៀតចង្អល់​។ សូម​តាមដាន​មើល​ប្រតិកម្ម​លោក​ កឹម សុខា ខ្លួន​ឯង​ពីព្រោះ​ឥឡូវ​ យើង​ពិបាក​ធ្វើការ​ណាស់ ពីព្រោះ​លោក​ កឹម សុខា នៅ​ជាប់​ក្នុង​កណ្តាប់ដៃ​គេ​នៅ​ពន្ធនាគារ​ពិបាក​ទាក់ទង​គាត់។ បើ​មាន​មធ្យោបាយ​ណា ​ឲ្យ​គាត់​បង្ហាញ​ទឹកចិត្ត ខ្ញុំ​ជឿជាក់​ថា​លោក​ កឹម សុខា នឹង​សម្ដែង​ការ​គាំទ្រ​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ ​ពីព្រោះ​លោក​ កឹម សុខា នឹង​យល់​ខ្លួនឯង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ធ្វើ​អី​បាន​ មាន​ប្រសិទ្ធភាព​ទេ ​ព្រោះ​គាត់​ជា​ប្រធាន​ក្នុង​កណ្ដាប់ដៃ​គេ។​»​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...