អ.ស.ប ប្រតិកម្ម​នឹង​ការ​បិទ​អង្គការ «NDI» និង​ការ​រិតត្បិត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ

ស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានប្រតិកម្ម ទៅលើយុទ្ធនាការចុងក្រោយ ពោរពេញដោយសន្ទុះ តាមរយៈចំណាត់ការរដ្ឋបាលជាច្រើន ពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ឈប់ ឬជំហានទៅបញ្ឈប់​សកម្មភាព របស់អង្គការសមាគម និងការផ្សព្វផ្សាយ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន នៅក្នុងប្រទេសកម្ពុជា។
អ.ស.ប ប្រតិកម្ម​នឹង​ការ​បិទ​អង្គការ «NDI» និង​ការ​រិតត្បិត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក បាន គីម-មូន អតីតអគ្គលេខាធិការ អង្គការសហ​ប្រជាជាតិ។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 29, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសហប្រជាជាតិ តាមរយៈស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស (HCDH) ដែលមានទីស្នាក់ការ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានធ្វើប្រតិកម្មខ្លាំងៗ ចំពោះយុទ្ធនាការជាបន្តបន្ទាប់ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងការបិទ ឬជំហានទៅបញ្ឈប់ សកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួន ជាពិសេសអង្គការ «វិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ (NDI)» របស់អាមេរិក និងការផ្សព្វផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​មួយចំនួន នៅក្នុងប្រទេសកម្ពុជា។ អង្គការសហប្រជាជាតិ បានថ្លែងអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវគោរព​​កាតព្វកិច្ច​ខ្លួន ក្នុងការធានាសិទ្ធិនយោបាយ ស៊ីវិល និងធានាពីសិទ្ធិ​សេរីភាព របស់ប្រព័ន្ធផ្សព្វផ្សាយ។

អ្នកនាំពាក្យរបស់ស្នងការជាន់ខ្ពស់ អ្នកស្រី «Liz Throssell» បានថ្លែងឲ្យដឹង នៅក្នុងសន្និសីទកាសែត ក្នុងទីស្នាក់ការក្រុង ហ្សឺណែវ ថា៖ «យើងស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យធានាឲ្យមាន នូវនីតិវិធីជាទៀងទាត់ និងត្រឹមត្រូវ សម្រាប់វិធានការណាក៏ដោយ មានរួមបញ្ចូល ទាំងសិទ្ធប្ដឹងឧទ្ធរណ៍ ហើយត្រូវគោរពសិទ្ធិ នៃសេរីភាពនៃអង្គការសមាគម និងសេរីភាព នៃការបញ្ចេញមតិ»។

អ្នកស្រី បានបន្តថា៖ «នៅមុនការបោះឆ្នោតជាតិ ឈានជិតមកដល់ នៅឆ្នាំខាងមុខ យើងសូមអំពាវនាវ ទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យធានាឲ្យបាន នូវសិទ្ធិ នយោបាយ និងស៊ីវិល និងសេរីភាព របស់ប្រព័ន្ធផ្សព្វផ្សាយ»។

នៅ​ប៉ុន្មានសប្ដាហ៍ចុងក្រោយ នៃ​ខែ​សីហានេះ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បញ្ឈប់​សកម្មភាព​ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ និង​បណ្ដេញ​បុគ្គលិកបរទេស របស់វិទ្យាស្ថាននេះ ចេញ​ពី​កម្ពុជា បន្ទាប់ពីបាន​ចោទ​ អង្គការអាមេរិកមួយនេះ ថាបានរួម​ដៃ​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អ្នកស្រី «Liz Throssell» បានពន្យល់ពីករណីវិទ្យាស្ថាន «NDI» នេះថា៖ «បុគ្គលិកបរទេស របស់វិទ្យាស្ថាន បានទទួលបញ្ជា ឲ្យចាកចេញពីប្រទេស ក្នុងរយៈពេល៧ថ្ងៃ។ វិទ្យាស្ថាននេះ បានធ្វើការ ទៅលើការបោះឆ្នោតនានា ក្នុងពេលកន្លងមក និងធ្វើការ ជាមួយគ្រប់គណបក្សនយោបាយ​ទាំងអស់ នៅកម្ពុជា។»។

អង្គការសង្គមស៊ីវិលចំនួនបីទៀត ដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងការបោះឆ្នោត ក៏ត្រូវបានរងការស៊ើបអង្កេត កាលពីដើមខែសីហានេះ ពីសំណាក់រដ្ឋាភិបាលកម្ពុជាដែរ។ អ្នកនាំពាក្យ របស់ស្នងការជាន់ខ្ពស់ របស់ អ.ស.ប បានអះអាំងបន្តថា៖ «យើងបារម្ភថា អង្គការ "NDI" ត្រូវបានបិទ ដោយមិនគោរពតាមនីតិវិធី ដ៏ត្រឹមត្រូវមួយ។ យើងខ្វល់ខ្វាយណាស់ ទៅនឹងដំណើរថយក្រោយ ជាទូទៅ សម្រាប់ស្ថានភាពរបស់សកម្មជន ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស និងក្នុងអង្គការសង្គមស៊ីវិល នៅកម្ពុជា។»។

នៅក្នុងសប្ដាហ៍កន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាស​ទាមទារ​ពន្ធ ​រាប់​លាន​ដុល្លារ​ (៦,៣លានដុល្លារ) ពីសារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ ឈ្មោះ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​ប្រកាសបិទ​ស្ថានីយ​វិទ្យុ​ក្នុងស្រុក ​មួយ​ចំនួន ដោយចោទ​វិទ្យុ​ទាំង​នោះ​ ថាបានជួល​ម៉ោង ឲ្យយ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ខុសពីកិច្ចសន្យា ឬមិនបាន«ជូនដំណឹង» ទៅកាន់ក្រសួងព័ត៌មាន។

អ្នកស្រី «Liz Throssell» បានរៀបរាប់ ពីករណីរបស់សារព័ត៌មាន ឌឺ ខេមបូឌា ដេលី ថា៖ «សារព័ត៌មានបានអំពាវនាវ ឲ្យមានការផ្ទៀងផ្ទាត់ឡើងវិញ ប្រកបដោយតម្លាភាព ពីការបង់ពន្ធរបស់ខ្លួន និងពីសិទ្ធិ នៃការប្ដឹងឧទ្ធរណ៍។ ប៉ុន្តែការស្នើសុំរបស់សារព័ត៌មាន មិនទទួលបាន ការយកចិត្តទុកដាក់នោះទេ។»។

ជាប្រតិកម្មតបវិញ នៅថ្ងៃទី២៩ ខែសីហានេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានហៅការលើកឡើង របស់ស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ថាបានធ្វើតាមពាក្យចចាមអារាម គ្មានប្រភពច្បាស់លាស់ និងមានចរិតនយោបាយ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងផ្សាយសេចក្ដីថ្លែងការណ៍ របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសកម្ពុជា នោះទាំងស្រុង នៅក្នុងអត្ថបទលើកក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...