កឹម សុខា អំពាវនាវពីក្នុងពន្ធនាគារ ស្នើពលរដ្ឋ«កុំតក់ស្លុត»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ តុលា ២០១៧
- កែប្រែចុងក្រោយ: October 03, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សូមប្រជាពលរដ្ឋខ្មែរចងចាំថា ខ្ញុំនឹងនៅជាមួយបងប្អូន។ ទោះរូបកាយខ្ញុំ ត្រូវជាប់ឃុំ តែគ្មាននរណាម្នាក់ អាចឃុំឧត្ដមគតិរបស់ខ្ញុំបានឡើយ។ (...) សូមកុំតក់ស្លុត!» នេះ ជាការអះអាងឡើង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ទីកន្លែងដែលលោកកំពុងជាប់ឃុំ ជាបណ្ដោះអាសន្ន ក្រោមបទចោទ ថាបានប្រព្រឹត្តិទង្វើ «ក្បត់ជាតិ» ឃុបឃិតជាសម្ងាត់ ជាមួយបរទេស ចង់ផ្តួលរំលំរដ្ឋាភិបាល របស់លោក ហ៊ុន សែន។
ប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងលិខិតចំហរមួយ ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ តាំងពីយប់ថ្ងៃចន្ទទី២ ខែតុលា ខណៈខ្លឹមសារនៅក្នុងលិខិតនោះ បានរៀបរាប់ ពីរយៈពេលនៃការឃុំខ្លួន ទៅលើរូបលោក ដែលចូលដល់ខួបមួយខែ រាប់ពីថ្ងៃទី៣ ខែកញ្ញា មកដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ និងបានសរសេរ ច្រានចោលការចោទប្រកាន់ ធ្វើឡើងដោយរដ្ឋាភិបាល ថាជាការមួលបង្កាច់ធ្ងន់ធ្ងរ។
លោកបានពន្យល់ថា ក្នុងរបបប្រជាធិបតេយ្យ គណបក្សប្រឆាំង មានតួនាទីប្រកួតប្រជែង រកការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីផ្លាស់ប្តូរគណបក្សកាន់អំណាច និងឈានទៅរកការដឹកនាំប្រទេស។
លោក កឹម សុខា បានសរសេរថា៖ «បើគណបក្សប្រឆាំង មិនមានបំណងផ្លាស់ប្តូរគណបក្សកាន់អំណាចទេ គេមិនហៅគណបក្សនោះ ថាជាគណបក្សប្រឆាំងឡើយ។ ការចូលប្រលូក ក្នុងឆាកនយោបាយ របស់ខ្ញុំ ក៏ដូចជាការបង្កើតគណបក្សសង្គ្រោះជាតិ គឺដើម្បីការផ្លាស់ប្តូរ ដោយអហិង្សា និងជាវិជ្ជមាន មិនមែនសម្រាប់លម្អ លទ្ធិប្រជាធិបតេយ្យក្លែងក្លាយឡើយ។ ដូចនេះរាល់ទង្វើ របស់ខ្ញុំមិនមានភាពខុសច្បាប់ ហើយផ្ទុយទៅវិញគឺជាសិទ្ធិ និងតួនាទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
«មិនតក់ស្លុត រួបរួមគ្នាការពារយុត្តិធម៌»
ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបន្តថា៖ «ខ្ញុំសូមអំពាវនាវ ជូនចំពោះប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់អំណាច ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា៥១ថ្មី "មិនតក់ស្លុត រួបរួមគ្នាការពារយុត្តិធម៌"»។ លោកបានបង្ហាញជំនឿរបស់លោកថា៖ «ការផ្លាស់ប្ដូរមួយ ដែលខ្មែរចង់បាន គឺបានសម្រេចពាក់កណ្ដាលហើយ នោះគឺការផ្លាស់ប្ដូររបត់គំនិត និងការចូលរួមយ៉ាងសកម្ម ក្នុងឆាកនយោបាយ របស់ប្រជាពលរដ្ឋខ្មែរ។ (...) គ្មានអំណាចណា អាចយកឈ្នះ លើអំណាចឆន្ទះប្រជាពលរដ្ឋឡើយ។»។
លោក កឹម សុខា បានសង្កត់ធ្ងន់ថា៖ «សូមជនរួមជាតិរួបរួមគ្នា និងទាមទារឲ្យបាន នូវយុត្តិធម៌ សម្រាប់ខ្មែរទាំងអស់គ្នា»៕
» ខ្លឹមសារទាំងស្រុង នៃសារលិខិតរបស់លោក កឹម សុខា៖