DJ អាចារ្យ​ធំ ប្រាប់ ខឹម វាសនា ឲ្យ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​មុន

ទីបំផុតទៅ យុវជនវ័យក្មេង ដែលមានរហស្សនាម អាចារ្យធំ បានប្រកាសជំហរ មិនសុំទោសលោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាដាច់ខាត។ លោក DJ អាចារ្យធំ បានវាយបកត្រឡប់ទៅ«ប្រមុខ​បក្ស​ជួង»​វិញ​ថា តោងលោក ខឹម វាសនា ត្រូវសុំទោសប្រជាពលរដ្ឋខ្មែរ ជាមុនសិន នៅចំពោះពាក្យសំដី របស់​អ្នក​នយោបាយ​រូប​នេះ ដែល​យុវជន​អាចារ្យ​ធំ អះអាង​ថា ជាពាក្យសំដីប្រមាថ ទៅដល់ជាតិ សាសនា និង​ព្រះ​មហាក្សត្រ​ខ្មែរ។
DJ អាចារ្យ​ធំ ប្រាប់ ខឹម វាសនា ឲ្យ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​មុន
ពីឆ្វេងទៅស្ដាំ៖ លោក ឌីជេ អាចារ្យធំ និងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅខ្លួនឯងថា «បក្សជួង»។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 06, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បើលេងកុំខឹង បើខឹងកុំលេង» នេះជាប្រតិកម្មភ្លាមៗ របស់យុវជនម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីយុវជនរូបនេះ ត្រូវបាន«ប្រមុខបក្សជួង» ព្រមាន ថានឹងប្ដឹងឡើងទៅតុលាការ ទាក់ទងនឹងការថ្លែងរបស់យុវជន នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ អះអាងថាលោក ខឹម វាសនា បានលើកដៃគាំទ្រច្បាប់ ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែម ដែលអនុញ្ញាត​ឲ្យមានការកាត់ទឹកដីកោះត្រល់ ទៅឲ្យវៀតណាម។ ការព្រមាននេះ ត្រូវបានប្រធានគណបក្សមួយនេះ បន្តធ្វើជាហូហែ ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ទៅកាន់មនុស្សដទៃទៀត ដោយថែមទាំងបានទាមទារ ឲ្យអ្នកទាំងនោះ ធ្វើការ«សុំទោស»មកខ្លួននោះផង។

ប៉ុន្តែនៅថ្ងៃនេះ យុវជនដដែល ដែលដាក់រហស្សនាម «អាចារ្យធំ» បានសម្រេចរក្សាជំហររបស់ខ្លួន ជាសាធារណៈ និងជាផ្លូវការថា លោកនឹងមិនសុំទោសលោក ខឹម វាសនា ជាដាច់ខាត ដរាបណា«ប្រមុខបក្សជួង»រូបនេះ មិនសុំទោសប្រជាពលរដ្ឋខ្មែរ ជាមុនទេនោះ។ លោក អាចារ្យធំ បានទាមទារ«យ៉ាងដាច់អហង្ការ» ឲ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវចេញមុខសុំទោសជាផ្លូវការ ចំពោះ«ពាក្យសម្ដី»របស់ខ្លួន ដែលយុវជនរូបនេះ វាយតម្លៃថា ជា«ពាក្យសម្ដី ដ៏សែនថោកទាប»។

យុវជនដដែល ដែលសរសេររហស្សនាមរបស់ខ្លួន នៅលើបណ្ដាញសង្គម ដាក់ថា «អាចារ្យធំ នគររាជ» បានប្រកាសថា៖ «មកដល់ម៉ោងនេះ ខ្ញុំនៅតែបន្តរក្សាជំហរដាច់ខាត គឺមិនសុំទោសលោក ហើយក៏មិនមានហេតុផលអ្វី ដែលខ្ញុំត្រូវសុំទោសលោកដែរ ព្រោះខ្ញុំអត់មានបានធ្វើអ្វីខុស ពីការពិតនោះឡើយ»។

ឌីជេ អាចារ្យធំ បានពន្យល់ថា៖ «ប្រសិនបើលោក ខឹម វាសនា គ្រាន់តែចង់បានការសុំទោសពីខ្ញុំ ជាថ្នូរនឹងកាមិនប្ដឹង លើរូបខ្ញុំមែននោះ ខ្ញុំ អាចារ្យធំ ក៏មិនរុញរានឹងព្រមធ្វើតាម នូវអ្វីដែលលោកចង់បានដែរ។ កុំថាឡើយ ត្រឹមលិខិតសុំទោសមួយច្បាប់នោះ ទោះថែម បង្អត់អាហារ៧ថ្ងៃ និងលុតជង្គង់ហាលថ្ងៃ មុខប្រាសាទអង្គរវត្តដូនតាខ្មែរ ៧ម៉ោងថែមទៀត ក៏ខ្ញុំព្រមដែរ។»។

យុវជនសំដីបានរូបនេះ បានវាយបកត្រឡប់ទៅ«ប្រមុខទ័ពជួង» ថា៖ «តែ... ខ្ញុំតំណាងឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ ក៏សូមស្នើរយ៉ាងដាច់អហង្ការ ឲ្យលោក ខឹម វាសនា ខ្លួនឯង ត្រូវតែចេញមុខ សុំទោសជាផ្លូវការ ចំពោះពាក្យសម្ដី ដ៏សែនថោកទាបរបស់ខ្លួន ដែលតែងតែបាន ប្រមាថ មាក់ងាយ ជាតិខ្មែរ របស់ប្រជាជនខ្មែរទាំងមូល ធៀបទៅនឹងសត្វឆ្កែ, ដៀលព្រះសង្ឃ ថាអាចោរថង់យាម (ប្រមាថដល់សាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ) រំលោភរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ហ៊ានប៉ះពាល់ ដល់អង្គព្រះមហាក្សត្រខ្មែរ ដោយសម្ដីប្រមាថ មាក់ងាយផ្សេងៗ ដែលមិនអាចទទួលយកបាន និងចោទអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដិ សម្ដេចតានៃយើង ថាបានធ្វើនយោបាយ ចូលដៃជាមួយយួន លាក់ទាហានយួនយៀកកុង ២០ម៉ឺននាក់ បំផ្លាញជាតិខ្មែរ ចោទសម្ដចយាយ ថាជាយួននៅក្នុងវាំងខ្មែរ ។ល។ និង។ល។»។

កាលពីថ្ងៃទី២ ខែកក្កដាកន្លងមកថ្មីៗ លោក ខឹម វាសនា បានសម្រេចចិត្ត ឲ្យគណបក្សលោកដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងលោក DJ «អាចារ្យធំ» ទៅកាន់តុលាការ តែមិនបានបញ្ជាក់ថា តើការប្ដឹងនោះ នឹងធ្វើនៅពេលណាឡើយ។ ប៉ុន្តែប្រធានគណបក្សរូបនេះ បានហៅការលើកឡើង របស់លោក អាចារ្យធំ ទាក់ទង នឹងការលើកដៃរបស់លោក គាំទ្រច្បាប់​ស្ដីពីសន្ធិសញ្ញា​បំពេញ​បន្ថែមនោះ ថា«ជាការគ្មានដឹងអ្វី» និងគ្រាន់តែជា«ការឆ្កាដៃឆ្កាជើង»ប៉ុណ្ណោះ។

លោក ខឹម វាសនា បានពន្យល់ឡើងថា៖ «ក្មួយគ្មានដឹងអ្វីបន្តិចសោះ ពីរឿងសន្ធិសញ្ញាព្រំដែននេះ​ តែក្មួយឆ្កាដៃឆ្កាជើង​ ដូចក្មួយដឹងណាស់​ ក្មួយស្នេហាជាតិណាស់។​ ដើម្បីទប់ស្កាត់​ ការបង្កភាពច្រឡំបល់​ រកមុខរកបាតមិនឃើញ ក្នុងការចោទពូរឿងលើកដៃ គាំទ្រសន្ធិសញ្ញាបំពេញបន្ថែមនេះ​ ចាំទៅជួបគ្នា នៅតុលាកាចុះណាក្មួយ។»។

» អានអត្ថបទដែលទាក់ទង៖ ខឹម វាសនា ​ឲ្យ​គណបក្ស​ដាក់​ពាក្យ​បណ្ដឹង ប្ដឹង​ឌីជេ​អាចារ្យ​ធំ

តែនៅរសៀលថ្ងៃដដែលនោះ លោក ខឹម វាសនា បានទាមទារឲ្យមនុស្សទាំងឡាយ ដែលបានក្លាយជា «មុខសញ្ញាចុងចោទ» នៃពាក្យបណ្ដឹងរបស់គណបក្សលោក ក្នុងករណីនេះ (ឬករណីប្រហាក់ប្រហែល) ឲ្យធ្វើការ«សុំទោស»ជាផ្លូវការ និងជាលាយលក្ខណអក្សរ មកកាន់លោក និងគណបក្ស។

ការព្រមាន និងការទាមទារនោះ ក៏បានធ្វើឡើងស្របពេល ទៅនឹងយុទ្ធនាការ របស់ក្រុមអ្នកគាំទ្រលោក ដែលខិតខំបកស្រាយបញ្ជាក់ នៅលើបណ្ដាញសង្គមថា រឿងរ៉ាវពាក់ព័ន្ធ នឹងច្បាប់ ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែម ក្នុងឆ្នាំ២០០៥ គឺជារឿងរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈការលើកដៃរបស់លោក ខឹម វាសនា ក្នុងរដ្ឋសភានៅពេលនោះ មិនមានឥទ្ធិពលអ្វីឡើយ។

អ្នកប្រើប្រាស់បណ្ដាញសង្គម ដ៏ល្បីឈ្មោះមួយរូប លោក «William Guang» បានហៅហេតុការណ៍ បន្តបន្ទាប់ទាំងនេះ ថាជាការព្យាយាម ឲ្យចូលក្នុងបញ្ហានយោបាយ និងបានអំពាវនាវ ឲ្យយុវជន «អាចារ្យធំ» ដកថយ ដែលមានន័យស្មើ នឹង«ការសុំទោស»។ លោក «William Guang» បានសរសេរផ្ដល់យោបល់ថា៖ «ករណីនេះ គេអូសឲ្យចូលនយោបាយហេីយ ប្ដឹងមិនឈ្នះគេទេ ព្រោះករណីនេះ វាប៉ះចំណុចក្ដៅ ទាក់ទិននឹងរឿងបាត់បង់ទឹកដី ដែលប៉ះពាល់ដល់បុគ្គលមានអំណាចភាគច្រេីន»។

ប៉ុន្តែលោក «អាចារ្យធំ» មិនបានដកថយ ដូចការអំពាវនាវនេះទេ។ យុវជនបានបញ្ជាក់បន្ថែម នៅថ្ងៃនេះថា៖ «ក្នុងករណីដែលបុគ្គល ខឹម វាសនា មិនព្រមថ្លែងការសុំទោស ចំពោះទោសកំហុស របស់ខ្លួនជាផ្លូវការទេ ហើយនៅតែបន្តប្ដឹងទៀត ខ្ញុំក៏មិនខ្លាច នឹងដើរចូលគុកដែរ (ព្រោះខ្ញុំគ្មានលុយឲ្យលោកទេ) ប្រសិនបើចំណាត់ការតុលាការ សម្រេចឲ្យរូបខ្ញុំចាញ់ក្ដី។ បើខ្ញុំ អាចារ្យធំ ជាខ្មែរម្នាក់ដែលបានចាញ់ក្ដីលោក ខឹម វាសនា គឺប្រៀបដូចជា ជនរួមឈាមខ្មែរទូទាំងពិភពលោក ដែលបានទទួលរងការប្រមាថ ពីសំណាក់លោក ខឹម វាសនា ក៏ចាញ់ក្ដីទាំងអស់គ្នាដែរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...