គឹម សុខ ថាតំណាងនាយករដ្ឋមន្ត្រីបានទៅគម្រោម ឲ្យលោកធ្វើលិខិតសុំទោស
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មិនា ២០១៧
- កែប្រែចុងក្រោយ: March 06, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីអាចនៅក្រៅឃុំ និងដើម្បីជៀសវាង ការជាប់ឃុំនៅក្នុងគុកងងឹតនោះ គេគប្បីធ្វើលិខិត«សុំទោស»នាយករដ្ឋមន្ត្រី ទៅតាមការចង់បាន ឬទៅតាមការបញ្ចុះបញ្ចូល ពីសំណាក់មនុស្ស ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនមក។ នេះ បើតាមការស្រែកដង្ហើយ របស់លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលត្រូវបានតុលាការសាលាដំបូង បញ្ជូនលោកទៅដាក់ឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ក្រោមបណ្ដឹងរបស់លោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ ឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម។
នៅថ្ងៃទី៦ ខែមិនានេះ លោក គឹម សុខ ត្រូវបានបញ្ជូនខ្លួន មកកាន់សវនាការនៃសភាស៊ើបសួរ របស់សាលាឧទ្ធរណ៍ ទៅតាមបណ្ដឹងសារទុក្ខ ស្នើសុំនៅក្រៅឃុំ របស់លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក គឹម សុខ។ ប៉ុន្តែនៅក្រោយសវនាការ ដែលមិនទទួលបានលទ្ធផល តាមបណ្ដឹងសារទុក្ខ និងនៅមុនរូបលោក ត្រូវមន្ត្រីពន្ធនាគារបញ្ជូនរូបលោក ទៅឃុំខ្លួននៅឯពន្ធនាគារវិញនោះ លោក គឹម សុខ បានឆ្លៀតស្រែកបង្ហើបទៅកាន់ក្រុមអ្នកយកព័ត៌មានថា លោក ហ៊ុន សែន បានបញ្ជូនមនុស្ស ឲ្យទៅធ្វើការបញ្ចុះបញ្ចូលលោក ដល់ពន្ធនាគារ ដើម្បីឲ្យលោកធ្វើលិខិតសុំទោសនាយករដ្ឋមន្ត្រី ជាថ្នូរទៅនឹងការនៅក្រៅឃុំ។
លោក គឹម សុខ បានថ្លែងឡើងថា៖ «ស្នើ [តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន] កុំទៅបញ្ចុះបញ្ជូលខ្ញុំ ហើយទៅគម្រាមកំហែងខ្ញុំ ដាក់គុកងងឹត (...) ជាថ្នូរដែលគេឲ្យខ្ញុំសរសេរលិខិត សុំទោស និងជាថ្នូរឲ្យខ្ញុំហ្នឹង នៅក្រៅឃុំ។ ស្នើលោកនាយក ហ៊ុន សែន កុំធ្វើអញ្ចឹងទៀត។»។
តែការលើកឡើង របស់លោក គឹម សុខ ត្រូវបានលោក គី តិច មេធាវីតំណាងដោយអាណត្តិ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោល ដោយចាត់ទុកការនិយាយនេះ ថាបានធ្វើឡើង ដោយគ្មានភស្តុតាង និងកាន់តែបន្ថែមស្ថានទម្ងន់ទោស ទៅលើលោក គីម សុខ ខ្លួនលោកនោះទៀត។
សវនាការរបស់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ បានបិទបញ្ចប់ទៅ នៅរសៀលថ្ងៃទី៦ ខែមិនានេះ ដោយសម្រេចតម្កល់ទុកជាបានការ នូវដីកាសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន របស់សាលាដំបូងរាជធានីភ្នំពេញ។ លោក ឃុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះ នៃសភាស៊ើបសួរ បានសំអាងលើការតំកល់ដីកាសម្រេចនោះ ថាដើម្បីបញ្ចប់បទល្មើស កុំឲ្យកើតជាថ្មី រក្សាជនជាប់ចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីធានាសណ្ដាប់ធ្នាប់ កុំឲ្យមានភាពច្របូកច្របល់ ក្នុងសង្គម។
ការសំអាងនោះ មិនត្រូវបានលោក ជូង ជូងី មេធាវីការពារក្ដី របស់លោក គឹម សុខ យល់ស្របតាមទេ។ លោក ជូងី បានអះអាងថា ការសម្រេចរបស់សភាស៊ើបសួរ មិនសមហេតុផលឡើយ។
ជាមួយនឹងដៃជាប់ខ្នោះទាំងគូ លោក គឹម សុខ នៅបានអះអាងបន្តថា លោកមិនក្បត់ពលរដ្ឋជាដាច់ខាត បើទោះជាលោកនឹងត្រូវក្លាយ ទៅជាយ៉ាងណាក្ដី។ លោកបានសំដែងជំនឿថា លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន នឹងមានភាពក្លាហាន ហ៊ានចេញមុខ មកតតាំងក្ដីដោយផ្ទាល់ ជាមួយរូបលោក នៅឯតុលាការ៕