ប្រមុខការទូតអ៊ឺរ៉ុបអះអាង ពីគម្រោងលប់ការអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់កម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មីនា ២០១៨
- កែប្រែចុងក្រោយ: March 12, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ការគោរពសិទ្ធិមនុស្ស ដែលជាមូលដ្ឋានគ្រឹះ និងសិទ្ធិការងារ គឺជាលក្ខខណ្ឌចាំបាច់ ដើម្បីទទួលបានការអនុគ្រោះ ផ្នែកពាណិជ្ជកម្ម» នេះជាការអះអាងជាថ្មីទៀត នៅក្នុងចម្លើយជាលាយលក្ខណ៍អក្សរ របស់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ ដែលបានសរសេរ ក្នុងដើមខែមីនានេះ តបទៅនឹងសំណួរ របស់តំណាងរាស្ត្រអ៊ឺរ៉ុប ជុំវិញស្ថានភាពនយោបាយចុងក្រោយ នៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី បានសរសេរបន្តថា គណៈកម្មការអ៊ឺរ៉ុប សហការជាមួយនឹងការិយាល័យអ៊ឺរ៉ុប ទទួលបន្ទុកសកម្មភាពខាងក្រៅ (European External Action Service) កំពុងឃ្លាំមើលស្ថានភាពវិវត្តន៍ទៅមុខ នៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យមើល ថាតើលក្ខខណ្ឌទាំងអស់ ត្រូវបានបំពេញឬទេ មុននឹងឈានទៅដាក់ទណ្ឌកម្ម ឬចាត់វិធានការ ដូចមានចែង ក្នុងមាត្រា ១៩ នៃលក្ខន្តិកៈលេខ 978/2012 ស្ដីពីពាណិជ្ជកម្ម របស់សហភាពអ៊ឺរ៉ុប។
កាលពីដើមខែធ្នូកន្លងមក សំណួរចំនួនបីត្រូវបានសមាជិកសភាអ៊ឺរ៉ុប លោក «Ramon Tremosa» ចោទសួរទៅកាន់អ្នកស្រីប្រមុខការទូតអ៊ឺរ៉ុប ជុំវិញព្រឹត្តិការណ៍ ដែលកើតមានថ្មីៗ នៅក្នុងប្រទេសកម្ពុជា ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន និងនយោបាយ «សន្ទនា» របស់សហភាពអ៊ឺរ៉ុប នៅក្នុងសំនុំរឿងនេះ។
នៅក្នុងចម្លើយដដែល អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី បានអះអាងទៀតថា ការរំលាយគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា គឺជាការដកហូតសិទ្ធិ របស់ពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតឲ្យគណបក្សនេះ ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៧ ហើយនឹងធ្វើឱ្យប៉ះពាល់ ដល់ភាពជឿជាក់ នៃការបោះឆ្នោតជាតិ នីតិកាលខាងមុខ។
យ៉ាងណា អ្នកស្រីបានពន្យល់ថា ទណ្ឌកម្មណាមួយប្រឆាំងកម្ពុជា នឹងត្រូវសិក្សាដោយម៉ត់ចត់ ជាជំហានៗ ទៅតាមស្ថានភាពជាក់ស្ដែង ហើយសហភាពអ៊ឺរ៉ុបចង់បញ្ជៀស ការប៉ះពាល់ទៅដល់កំណែរទម្រង់ ដែលកំពុងកើតមាន និងទៅដល់ការអភិវឌ្ឍន៍ផ្នែកសង្គម ដ៏សំខាន់ៗជាច្រើន ដែលសុទ្ធសឹងជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរួមគ្នា តាំងពីច្រើនទសវត្សន៍មកនោះ។
សហភាពអ៊ឺរ៉ុប ជាលំហរទីផ្សារនាំចេញធំជាងគេបង្អស់ របស់កម្ពុជា (ធំជាងទីផ្សារអាមេរិក) ដោយកម្ពុជាបាននាំទំនិញចេញ ទៅកាន់អ៊ឺរ៉ុប តាមរយៈកម្មវិធីអនុគ្រោះមួយរបស់សហភាពអ៊ឺរ៉ុប ឈ្មោះ "អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ" ក្នុងទឹកប្រាក់ដ៏មហាសាល ប្រមាណជា ៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៦កន្លងទៅ។
ប្រមុខការទូតអ៊ឺរ៉ុប បានសរសេរបន្តថា៖ «ក្នុងន័យនេះ សហភាពអឺរ៉ុបបានសម្រេចផ្អាកជំនួយរបស់ខ្លួន ទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) តែនៅបន្តផ្តល់ជំនួយ ដល់អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើកិច្ចការ ស្តីពីសិទ្ធិមនុស្ស និងការត្រួតពិនិត្យការបោះឆ្នោត។ ការសម្រេចខាងលើនេះ ត្រូវបានប្រកាសជាសាធារណៈ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៧។»៕