អ្នកវិភាគ៖ ដំណោះស្រាយ​នយោបាយ​ដែល​«ល្អ» គឺ​ការ​បោះ​ឆ្នោត​ជា​ថ្មី

«កន្លងមកគណបក្សប្រជាជន ជាអ្នកខុសទាំងស្រុង ទាំងរដ្ឋសភា ទាំងរដ្ឋាភិបាល។ (...) ការបោះឆ្នោតឡើងវិញ នាពាក់កណ្តាលឆ្នាំ២០១៥នោះ ជាការចំណេញច្រើនទៅខាងគណបក្សសង្គ្រោះជាតិ។ តែបើមិនមានការបោះឆ្នោតណាមួយ រហូតដល់ឆ្នាំ២០១៨នោះ វាក៏ផ្តល់ផលប្រយោជច្រើន ដល់គណបក្សប្រជាជនកម្ពុជាដែរ។ (...) បញ្ហាទាំងពីរខាងលើនេះ អាចនឹងទៅមិនរួច ហើយការបង្ក្រាប និងការបង្ហូរឈាម នឹងនៅមានជាបន្តរបន្ទាប់ទៅមុខតទៅទៀត បើគ្មានដំណោះស្រាយលើបញ្ហាដែលកើតមាន។» នេះជាកាលើកឡើងរបស់លោក កែម ឡី អ្នកវិភាគឯករាជ្យ នៅក្នុងកិច្ចប្រជុំមួយ ដើម្បីស្វែងរកដំណោះស្រាយ ទៅលើភាពជាប់គាំង ខាងនយោបាយ​សព្វថ្ងៃ​នៅ​ប្រទេសកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការបោះឆ្នោតឡើងវិញ នាពាក់កណ្តាលឆ្នាំ២០១៥នោះ ជាការចំណេញច្រើនទៅខាងគណបក្សសង្គ្រោះជាតិ។ តែ​បើមិនមានការបោះឆ្នោតណាមួយ រហូតដល់ឆ្នាំ២០១៨នោះ វាក៏ផ្តល់ផលប្រយោជច្រើន ដល់គណបក្ស ប្រជាជន​កម្ពុជាដែរ។ (...) បញ្ហាទាំងពីរខាងលើនេះ អាចនឹងទៅមិនរួច ហើយការបង្ក្រាប និងការបង្ហូរឈាម នឹងនៅមាន​ជា​បន្តរបន្ទាប់ទៅមុខតទៅទៀត បើគ្មានដំណោះស្រាយលើបញ្ហាដែលកើតមាន។» នេះជាកាលើកឡើងរបស់លោក កែម ឡី អ្នកវិភាគឯករាជ្យ នៅក្នុងកិច្ចប្រជុំមួយ ដើម្បីស្វែងរកដំណោះស្រាយ ទៅលើភាពជាប់គាំង ខាងនយោបាយ​សព្វថ្ងៃ​នៅ​ប្រទេសកម្ពុជា។


គូរបដិបក្ខនយោបាយកម្ពុជាដ៏ធំទាំងពីរ សម រង្ស៊ី (ខាងឆ្វេង) និង ហ៊ុន សែន។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - វិបត្តិនយោបាយនៅកម្ពុជា បាននឹងកំពុងបន្តជាប់គាំង ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។ រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានដំណោះស្រាយណាមួយ ច្រកណាមួយ ឬវិធីណាមួយ​ដែល​អាចទម្លាយភាពទាល់ច្រកនេះ បាននៅឡើយទេ។ ជាមួយនឹងភាពជាប់គាំងបញ្ហានេះ បានបង្ខំឲ្យអ្នកវិភាគឯករាជ្យ ក៏​ដូចជាអង្គការសង្គមស៊ីវិលនានា បានចងក្រងនិងជួបប្រជុំគ្នា ក្នុងការស្វែងរកទំលាយនូវភាពរាំងស្ទះ ខាង​នយោបាយ​​នាពេលកន្លងមកនេះ។

លោក កែម ឡី បានថ្លែងក្នុងការវិភាគមួយរបស់លោកថា ក្នុងករណីគណបក្សទាំងពីរ ព្រមព្រៀងគ្នាជា«កញ្ចប់» ជា​លាយល័ក្ខអក្សរបណ្តោះអាសន្ន ធ្វើការបោះឆ្នោតមុនអាណត្តិ តាមរយៈការចូលប្រជុំរដ្ឋសភា និងការចចារគ្នា​«ក្រៅ​ផ្លូវការ» ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ក្នុងការកំណត់កាលបរិច្ឆេទថ្មី នៃការបោះឆ្នោតមុនអាណត្តិ (២០១៥ ឬ២០១៦)។ ទាំងនេះវាមិនបានផ្តល់ផលប្រយោជណាមួយ ទៅឲ្យគណបក្សទាំងពីរនោះទេ តែជា​ដំណោះ​ស្រាយមួយស្របនឹងច្បាប់។ តែវាពិតជាបានផ្តល់ផលប្រយោជន៍ទៅជាតិ និងប្រជាជន បើការជួបគ្នានៃគណបក្ស​ទាំងពីរ ក្នុងការចុះហត្ថលេខាបណ្តោះអាសន្ននោះ បានធ្វើឡើងនៅមុខព្រះមហាក្សត្រ និងមានការផ្សាយបន្តផ្ទាល់​តាមវិទ្យុ និងទូរទស្សន៍។

សម្រាប់លោក សុខ សំអឿន វិញ លោកក៏បានឯកភាពឲ្យមានការបោះឆ្នោតឡើងវិញ ក្នុងឆ្នាំ២០១៥ ខាងមុខនេះ​ដែរ។ លោកក៏បានផ្តល់នូវអនុសាសន៍ ដល់គណបក្សធំៗទាំងពីរថា ការរៀបចំឲ្យមានការបោះឆ្នោតឡើងវិញនេះ គណបក្សទាំងពីរ មិនចាំបាច់មាននូវលក្ខខ័ណ្ឌច្រើននោះទេ ចំណុចសំខាន់ដែលត្រូវធ្វើ ត្រូវរៀបចំឲ្យមាន​ប្រព័ន្ធ​បោះឆ្នោតមួយត្រឹមត្រូវ ពិសេសការកែទម្រង់គ.ជ.ប ឯលក្ខខ័ណ្ឌដ៏ទៃទៀតក្រោយពេលបោះឆ្នោត លើកមកពិភាក្សា​នៅពេលក្រោយបាន។

តែបើយោងតាមទស្សនៈលោក នី ចរិយា ប្រធានជំនួយផ្នែកច្បាប់នៃសមាគមអាដហុក ដែលបានលើកឡើងពី ដំណោះស្រាយភាពជាប់គាំងផ្នែកនយោបាយនោះ គេមិនសូវប្រើប្រាស់នូវប្រព័នច្បាប់ប៉ុន្មាននោះទេ ព្រោះការប្រើ​ប្រាស់​នូវប្រព័ន្ធ«ច្បាប់» ធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការនៃនយោបាយ។ លោកបានបង្ហាញមូលហេតុ​ដូច្នេះ​ថា «ការដោះស្រាយផ្នែកនយោបាយ ជាការដោះស្រាយក្រៅប្រព័ន្ធតុលាការ។ តែការដោះស្រាយទាំងនោះ ត្រូវ​ឈរ​លើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ (…) ការកំណត់ឲ្យមានការបោះឆ្នោតថ្នាក់ជាតិ២០១៥ ជារឿងល្អ។»

សម្រាប់លោក ញ៉ែម ប៉ុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលមានជំហរទាមទារឲ្យ​មានការបោះឆ្នោត​ឡើង​វិញនោះ បានលើកឡើងថា គេត្រូវមាន គ.ជ.ប មួយឯករាជ្យ និងមានការទទួលស្គាល់ពីប្រជាពលរដ្ឋ ពីគ្រប់គណបក្ស​នយោបាយ និងមានប្រព័ន្ធគ្រប់គ្រងមួយច្បាស់លាស់។ លោកបានលើកជារួមថា «កំណែទម្រង់កិច្ចការបោះឆ្នោត ដែលមានទាំងរឿងបញ្ជីឈ្មោះ រឿងនីតិវិធីនៃការប្រព្រឹត្តិទៅការបោះឆ្នោត រៀបចំរចនាសម្ព័ន្ធ គ.ជ.ប ថ្នាក់ជាតិ និង​ថ្នាក់ខេត្ត។ (...) និងមន្រ្តីរាជការត្រូវតែនៅជាអព្យាក្រិត្យ។»

មិនមានការចូលរួម និងការចាត់តំណាងពីគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងកម្មវិធីនេះឡើយ ហើយទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូក៏មិនអាចទំនាក់ទំនង មន្ត្រីមកពីគណបក្សកាន់អំណាច ដើម្បីធ្វើការបកស្រាយពីបញ្ហា នៃការ​បោះឆ្នោតឡើងវិញនេះបានដែរ នាល្ងាចថ្ងៃទី១៥ ខែមករានេះ។ តែកាលពីថ្ងៃទីប្រាំពីរ ខែមករា ខួបលើកទី៣៥ ថ្ងៃ​ជ័យជំនេះប្រាំពីរមករា នៅមជ្ឈមណ្ឌលកោះពេជ្រ លោក ហេង សំរិន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស​យ៉ាងដាច់ខាតថា នឹងមិនមានការ​បោះឆ្នោតឡើងវិញឡើយ។ ប្រធានរដ្ឋសភាដែលចេញពីការទទួលទុកចិត្ត​ដោយ​ឯកបក្សរូបនេះ ក៏បានអះអាង​ដែរ​ថា មិនមានការចុះចេញពីតំណែងនៃនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ ហើយ​ប្តេជ្ញាបន្តរការការពាររដ្ឋសភា និង​រដ្ឋាភិបាលសព្វថ្ងៃ។

ដោយឡែក ក្នុងពិធីបើកការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិញ ក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល កាលពីថ្ងៃ​ទី១៤ ខែមករា ឆ្នាំ២០១៤ នេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើ​អត្ថាធិប្បាយដូចគ្នាដែរថា លោក នឹងមិនចុះ​ចេញពីដំណែងកណ្ដាលអាណត្តិ តាមការទាមទាររបស់ក្រុមប្រឆាំងនោះឡើយ។

សូមរម្លឹកថា ការលើកឡើងខាងលើនេះ ត្រូវបានរៀបចំឲ្យមានឡើងដោយលោក សុខ ទូច អ្នកវិភាគនយោបាយ​ឯករាជ្យនៅកម្ពុជា និងជានាយកសកលវិទ្យាល័យខេមរៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤នេះ។ ការរៀបចំនេះក៏​បាន​អនុញ្ញត​ឲ្យសាស្ត្រាចារ្យ និងនិស្សិតចូលរួម សួរជាសំនួរ និងផ្តល់ជាអនុសាសន៍ផងដែរ។ ក្នុងនោះនិស្សិត និង​សាស្រ្តាចារ្យភាគច្រើន បានគាំទ្រឲ្យមានការបោះឆ្នោតឡើងវិញ ស្របតាម«ច្បាប់»ដើម្បី​បញ្ជៀសនូវការបង្ហូរឈាម រវាងខ្មែរ និងខ្មែរ និងដើម្បីចាប់ដៃគ្នា រវាងគណបក្សធំៗទាំងពីរក្នុងការអភិវឌ្ឍន៍ជាតិ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...