ក្រុមតំណាងរាស្ត្រ CNRP បរិហារច្បាប់កែថ្មីថា«ខ្វះធម្មនុញ្ញភាព»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ តុលា ២០១៧
- កែប្រែចុងក្រោយ: October 18, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការកែច្បាប់ថ្មី គ្រោងយកអាសនៈស្របច្បាប់ ដែលបានមកពីពលរដ្ឋម្ចាស់ឆ្នោត ជិតបីលាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សប្រឆាំងនេះ កាលពីឆ្នាំ២០១៣ ទៅចែកឲ្យគណបក្សផ្សេង ដែលគ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោត ជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត រំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា និងធ្វើឲ្យស្ថាប័នជាតិសំខាន់ៗ ឈានទៅបាត់បង់ភាពស្របច្បាប់។
នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់ក្រុមតំណាងរាស្ត្រ-សមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ដែលចេញផ្សាយនៅយប់ថ្ងៃទី១៧ ចូលថ្ងៃទី១៨ ខែតុលានេះ មួយថ្ងៃក្រោយរដ្ឋសភា ដែលចូលរួមប្រជុំ តែក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បានលើកដៃយ៉ាងប្រញាប់ប្រញាល អនុម័តទាំងស្រុងលើសេចក្តីស្នើកែច្បាប់ចំនួន៤ ដើម្បីជាជំហាន ឈានទៅដកហូតអាសនៈគណបក្ស ដែលត្រូវរំលាយដោយតុលាការ ចែកឲ្យគណបក្សផ្សេង។
ក្រុមសមាជិកសភាគណបក្សប្រឆាំង បានបរិហារតាមរយៈសេចក្ដីថ្លែងការណ៍ របស់ផងខ្លួនថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានរំលោភសិទ្ធិអំណាចរបស់ពលរដ្ឋខ្មែរ ដែលបានសម្រេចជ្រើសរើសតំណាងរបស់ខ្លួន តាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។
សេចក្ដីថ្លែងការណ៍ បានពន្យល់ពីការបំពានមាត្រា ៥១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន ហើយអំណាចទាំងអស់ ជារបស់ប្រជាពលរដ្ឋ - ការបំពានមាត្រា ៧៦ ដែលចែងថា តំណាងរាស្ត្រត្រូវជ្រើសតាំង ដោយការបោះឆ្នោត ជាសាកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសជាសម្ងាត់ និងការរំលោភមាត្រា ៧៧ ដែលចែងថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋ ក្នុងមណ្ឌលរបស់ខ្លួននោះទេ។ ជាពិសេស រដ្ឋធម្មនុញ្ញបានកំណតទៀតថា អាណត្តិអាជ្ញាបញ្ជាទាំងឡាយណា ដែលផ្ទុយពីមាត្រាខាងលើ ត្រូវទុកជាមោឃៈ។
ក្រុមតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ទាំងនេះ បានអំពាវនាវឲ្យស្ថាប័នជាតិ ដែលមានសមត្ថកិច្ចក្នុងការអនុម័តច្បាប់ និងផ្ដល់សុពលភាពច្បាប់ទាំងនេះ ពិនិត្យ និងពិចារណាឡើងវិញ ដើម្បីគោរពនូវឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរម្ចាស់អំណាច គោរពរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល និងកុំឲ្យប្រវត្តិសាស្ត្រ ចារទុក កំហុសឆ្គងដ៏ធ្ងន់ធ្ងរបែបនេះ។ ក្រុមតំណាងរាស្ត្រ នៅបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ពិចារណាឲ្យបានដិតដល់ មុនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នដែលមិនស្របច្បាប់ខាងលើ។
សេចក្ដីថ្លែងការណ៍ដដែល បានប្រកាសជាឱឡារិក ថាក្រុមខ្លួន រួមមានសមាជិកសភា ដែលមិនចូលរួមលើកដៃអនុម័តសេចក្ដីស្នើកែច្បាប់ ទាំងបួន និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រដ្ឋធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅតែជាតំណាងស្របច្បាប់ របស់ពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសពួកខ្លួន ឲ្យធ្វើជាដំណាងស្របច្បាប់ដដែល។
សម្រាប់មន្ត្រីជាន់ខ្ពស់ និងតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បានការពារការអនុម័តច្បាប់របស់ខ្លួននោះ ថាបានធ្វើឡើង យ៉ាងត្រឹមត្រូវ និងស្របតាមបរិបទនយោបាយជាតិ នយោបាយតំបន់ និងនយោបាយនៃសកលលោកបច្ចុប្បន្ន ដែលមានការវិវត្តទៅមុខឆាប់រហ័ស។
តែការស្នើសុំកែច្បាប់ទាំងបួន ដ៏ចម្រូងចម្រាស់ បានទទួលការរិះគន់រួចហើយ ពីសំណាក់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ អ្នកស្រី បានចេញសេចក្ដីថ្លែងការណ៍ពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១២ ខែតុលា ហៅការកែច្បាប់នេះ ថានឹងបង្កមន្ទិលស្ដីពីភាពស្របច្បាប់ ទៅដល់ភាពជាតំណាងផ្នែកនយោបាយ របស់ពលរដ្ឋកម្ពុជាមួយផ្នែកធំ។
អ្នកស្រី រ៉ូណា ស្មីត បានថ្លែងឡើងថា៖ «នីតិរដ្ឋ មិនគ្រាន់តែ ជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ។ គ្រប់ច្បាប់ទាំងអស់ ដែលបង្កើតឡើង ត្រូវគោរពតាមបទដ្ឋាន ស្ដីពីសិទ្ធិមនុស្ស ហើយត្រូវឆ្លុះបញ្ចាំង ពីសមភាពជាមូលដ្ឋានគ្រឹះ ពីយុត្តិធម៌ និងពីការចូលរួម របស់សាធារណជន។ បើមិនដូច្នោះទេ វានឹងក្លាយជារដ្ឋដែលប្រើអំណាច និងមិនមែន ជានីតិរដ្ឋនោះឡើយ។»។
ការអនុម័ត ការធ្វើវិសោធនកម្មច្បាប់ទាំងនេះ ក៏ត្រូវបានសហរដ្ឋអាមេរិក ប្រតិកម្មខ្លាំងៗដែរ ដោយព្រមានទុកជាមុន អំពី«អស្ថិរភាពយូរអង្វែង» ដែលអាចនឹងកើតមាន នៅក្នុងប្រទេសកម្ពុជា ប្រសិនជារដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ច្បាប់នេះ ដើម្បីបំបាត់ចោល នូវចលនានយោបាយស្របច្បាប់ណាមួយនោះ។ សេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៦ ខែតុលា (នៅកម្ពុជា ត្រូវនឹងថ្ងៃទី១៧ ខែតុលា) បានហៅការផ្ដល់សច្ចាប័ន ទៅលើការធ្វើវិសោធនកម្មច្បាប់ខាងលើ ថា«អាចនឹងដកហូតសិទ្ធិទាំងស្រុង របស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ដែលបានបោះឆ្នោត ឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ និងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១៧នេះ»៕